សល់តែមួយអាទិត្យ​ទៀត TESS នឹងហោះ​ឡើងទៅទីអវកាស! តោះ​ទៅស្វែង​យល់​សមត្ថភាព​របស់វា…

0

 

(អាមេរិក)៖ ទីបំផុតនាពេល​ឆាប់ខាងមុខនេះ កែវយឺត​អវកាស Kepler នឹងមាន​ដៃគូហើយ ដោយកែវយឺត​អវកាស TESS របស់​ទីភ្នាក់ងារ​​អវកាស NASA នឹងត្រូវបាញ់​បង្ហោះឡើង​ ទៅកាន់ទីអវកាស​ក្នុងរយៈពេល ០១សប្តាហ៍ទៀត ដើម្បីតាម​ប្រមាញ់រក​ភពអេលៀន ជាមួយ​នឹង​​រៀមច្បង​របស់វា។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ ចេញពីវែបសាយ Space.com នៅព្រឹក​ថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨។

ដើម្បី​រុករកភព TESS នឹងប្រើប្រាស់វិធីសាស្រ្ត​មានឈ្មោះថា «Transit» ដែលកត់សម្គាល់​មើលភាពខ្សោយចុះ​ពន្លឺតូចៗ នៅពេល​ដែលភព​មួយគោចរកាត់​ពីមុខផ្កាយមេ​របស់វា។ មធ្យោបាយ​នេះ គឺជាយុទ្ធសាស្រ្ត​ដូចគ្នា ដែលត្រូវបានប្រើប្រាស់​ដោយកែវយឺត​អវកាស Kepler របស់ NASA ដែលមកទល់​ពេលនេះ បានរកឃើញ (នៅក្រៅប្រព័ន្ធផ្កាយ​របស់យើង) ពីរភាគបី​នៃភពអេលៀន​ទាំង ៣,៧០០ភព ដែលគេ​បានស្គាល់។

អ្វីដែលនឹងខុសគ្នា​រវាងកែវយឺតប្រមាញ់​ភពទាំងពីរនេះគឺថា តំបន់នៃការ​រុករកភពរបស់ Kepler ភាគច្រើនស្ថិត​នៅយ៉ាងតិចរាប់រយឆ្នាំ​ពន្លឺ​ពី​ផែនដី ខណៈ TESS នឹងមានគោលដៅ​តាមស្វែងរកភពណា ដែលនៅជិតល្មម អាចឲ្យឧបករណ៍​ផ្សេងទៀត ធ្វើការស្រាវជ្រាវ​ស៊ីជម្រៅ​បាន​ ជាពិសេសនោះ​គឺសម្រាប់កែវយឺតអវកាស​ជំនាន់ថ្មីរបស់ NASA គឺ James Webb Space Telescope តម្លៃ ៨.៨ពាន់លានដុល្លារ ដែលទើប​ត្រូវ​​បានពន្យាពេល​បាញ់បង្ហោះ​សាជាថ្មីម្តងទៀត ទៅដល់ឆ្នាំ២០២០វិញ។

គួរជម្រាបថា កែវ​យឺតអវកាស TESS នឹង​ចំណាយ​ពេល​យ៉ាង​តិច​ ០២ឆ្នាំ នៅគន្លងអវកាស ដែលចំណុចឆ្ងាយ​បំផុត គឺនៅចម្ងាយ ​៣៧៣,០០០​គីឡូម៉ែត្រពីផែនដី និងជិតបំផុត​ចម្ងាយ ១០៨,០០០គីឡូម៉ែត្រ។ គេនឹង​រំពឹងថា ភពមានគន្លង​ត្រឹមត្រូវ​អាចនឹង​ត្រូវរកឃើញ និងបញ្ជាក់​បន្ថែម ដែលជាទ្វារឲ្យ​វិទ្យាសាស្ត្រ អាចវិភាគ​រកឃើញ​ភពដែលអាច​ទ្រទ្រង់ជីវិត នៅក្នុងទម្រង់​ណាមួយ​ជាមិនខាន។

ចំណុចសំខាន់៖ បើនិយាយឲ្យជាក់​ស្តែងទៅ TESS ឬកែវយឺតអវកាស-ផ្កាយរណប មានតួនាទីអង្កេត​ឲ្យដឹង​ច្បាស់ថា ភពចំនួនរាប់ពាន់រាប់ម៉ឺន ដែលកែវយឺតអវកាស​មុនៗមិនអាចអង្កេតបាន ហើយវានឹងគណនាឲ្យដឹងថា ពិតជាមាន​វត្តមាន​ភពគោចរនៅជុំវិញផ្កាយ​ភ្លឺៗ និងកម្រិតតូចទាំងនោះមែន ទើបភព​ទាំងអស់នោះ អាចក្លាយជា​​ភពផ្លូវការ ដែលត្រូវបាន​រកឃើញ និងត្រូវកត់ចូលក្នុង​បញ្ជីតែម្តង។

បន្ថែមពីនេះ​ទៀត TESS នឹងមានតួនាទី​អង្កេតផ្ទៃមេឃ ឲ្យបាន​ទូលំទូលាយ ៣៥០ដង ធំជាងអ្វីដែល​កែវយឺត​អវកាស NASA និង K2 របស់​អង្គការ NASA ធ្លាប់ធ្វើ ដែលកាលណោះ គឺបានរកឃើញ​ភពចម្បងៗ​ចំនួន ២,៥០០ភព​ឯណោះ។ TESS នឹងត្រៀមខ្លួនហោះ​ទៅទីអវកាស ដោយប្រើប្រាស់​គ្រាប់រ៉ុក្កែត SpaceX Falcon 9 ដែលត្រូវបាន​ពន្យាពេល​រួចម្តងហើយ៕

ចែករំលែក