ដើម្បីបកស្រាយ​រឿង​សំខាន់មួយ «NASA សម្រេចបញ្ជូនទឹក…បុរស» ឡើងទៅ​ទី​អវកាស…

0

 

(អាមេរិក)៖ តើអ្នកទាំងអស់គ្នា​មានធ្លាប់​គិតទេថា តើនឹងមាន​អ្វីកើតឡើង នៅពេលមនុស្ស​ចាប់កំណើត​នៅក្នុង​ទីអវកាស? នាពេល​នេះ​ក្រុម​អ្នកវិទ្យាសាស្រ្ត​របស់អង្គការ NASA កំពុងតែជិត​អាចផ្តល់ចម្លើយ​ សម្រាប់សំណួរ​នេះ​បានហើយ និយាយរួម​ទៅ គឺពួកគេចង់ធ្វើការ​ស្វែង​​យល់​ពីអាកប្បកិរិយា​ នៃ​ស្ពែម៉ាតូសូអ៊ីត (Sperm) ​របស់មនុស្ស​នៅក្នុង​អវកាស។ នេះបើតាម​ការចេញដកស្រង់​ព័ត៌មាន​ពីវែបសាយ Futurism នៅរសៀល​ថ្ងៃ​អង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨។

កាលពីសប្តាហ៍​មុននេះ ក្រៅពីសម្ភារៈផ្គត់ផ្គង់​ និងពិសោធន៍​​​​ទម្ងន់ជាង ២,៦០០គីឡូក្រាម ទីភ្នាក់ងារ​អវកាស NASA ក៏បាន​បញ្ជូនគំរូ Sperm របស់បុរស មួយចំនួន​ទៅកាន់ស្ថានីយអវកាស​អន្តរជាតិ (ISS) តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុន SpaceX ផងដែរ។ វាស្តាប់ទៅហាក់​ដូចជា​​ការប្រើប្រាស់​ធនធាន ​ចោល​ឥតប្រយោជន៍ ប៉ុន្តែ​អង្គការ NASA កំពុងព្យាយាម​ផ្តល់ចម្លើយ សម្រាប់សំណួរមួយ ដែលបានអូស​បន្លាយអស់​​ជាយូរណាស់មក​ហើយ ចាប់តាំងតែពីយើង​ទាំងអស់គ្នា ដឹងថា មនុស្សលោក​នាពេល​អនាគត នឹងត្រូវរស់នៅក្នុងទីអវកាស ឬក៏យ៉ាងហោចណាស់​​ទៅធ្វើដំណើរ​កម្សាន្តនៅទីនោះ ដោយសំណួរ​នោះគឺថា តើយើងអាច​បង្កកំណើត​នៅក្នុង​បរិស្ថាននៃ Zero Gravity (អត់ទំនាញ) បានដែរ ឬ​អត់?

ខណៈដែល​គម្រោង​សណ្ឋាគារ​អវកាស​ប្រណិតៗ និងព្រមទាំង​បេសកម្មរយៈពេល​យូរៗ​នៅភពអង្គារ (Mars) ចាប់ផ្តើមលេច​ឡើង ឆ្ពោះទៅ​រក​ការពិតបន្តិចម្តងៗ​ហើយនោះ វាជៀសមិនផុត​នោះឡើយ ដែលមនុស្សនឹង​ត្រូវតែធ្វើការ​បង្កកំណើត ឬក៏យ៉ាងហោច​ណាស់ព្យាយាម​ធ្វើ​យ៉ាងដូច្នោះ​នៅក្នុង​ទីអវកាស។ ហេតុដូច្នេះ​ហើយ វាគឺជារឿងល្អ​ក្នុងការចាប់ផ្តើម​ ផ្តោតការយក​ចិត្តទុកដាក់​លើរឿងនេះ នៅមុនពេល​ស្ថាន​​ភាពជាក់ស្តែង​កើត​ឡើង។

នៅក្នុងបេសកកម្ម ដែលត្រូវបានគេដាក់​ឈ្មោះថា Micro-11 ក្រុមអវកាសយានិក​នៅលើស្ថានីយ ISS នឹងធ្វើតេស្តមើលថា តើគំរូ Sperm របស់មនុស្ស​យើង អាចធ្វើចលនាដោយ​សេរី និងលឿនគ្រប់គ្រាន់ ដើម្បីទៅរួមបញ្ចូលគ្នា​ជាមួយស៊ុត នៅក្នុងប្រអប់​ពិសោធន៍ Microgravity Science Glovebox របស់ ISS ដែរ​ឬយ៉ាងណា។ ក្រុមការងារ ISS ក៏នឹងថតវីដេអូ​នៃដំណើរការ​ពិសោធន៍នេះ ហើយបញ្ជូន​មកកាន់ផែនដី​​ ដើម្បីធ្វើការ​វិភាគ​ផងដែរ។

យ៉ាងណាមិញ វាពុំមែនជាលើកទី​មួយឡើយ ដែលយើង​បានសិក្សា​អំពី Sperm នៅក្នុង​ទីអវកាស​។ កាលពី​ឆ្នាំ២០១៧ NASA បានរក​ឃើញ​ថា​ Sperm បង្កករបស់​សត្វកណ្តុរ អាចបន្តស្ថិត​នៅលើ​ស្ថា​នីយ ISS ដល់ទៅ ០៩ខែ ដោយគ្មាន​បញ្ហា និងអាច​យកមកបង្កកំណើត​ឲ្យកូន​កណ្តុរ​​​ នៅលើផែនដី​វិញ ដោយមាន​សុខភាព​ធម្មតា។

គួរជម្រាបថា នៅពេលដែល​យើងយល់​ពីរបៀប ​Sperm របស់មនុស្ស​ធ្វើការនៅក្នុង​ទីអវកាសនោះ វានឹងនៅមាន​ចំណួរជាច្រើន​ទៀត រួម​មានបញ្ហា​ល​ម្អិត​ទាក់ទិននឹង​ «ការរួមភេទ​នៅទីអវកាស» តើមនុស្សអាច​បង្កើតកូននៅ​ក្នុងលក្ខខណ្ឌ Zero Gravitity ដោយពុំមាន​បញ្ហាដែរ ​ឬ​ទេ តើយើងជម្នះ​លើកម្រិតដ៏ខ្លាំងក្លា​ នៃរលកវិទ្យុសកម្ម​នៅទីនោះ ដោយរបៀប​ណា និងតើកង្វះខាត​នៃកម្លាំងទំនាញ នឹងប៉ះពាល់ដល់​ការលូត​លាស់​កុមារតូចៗ ឬក៏អត់៕

 

ចែករំលែក