NASA ត្រៀមបាញ់យាន​មួយទៅ «អាចម៍ផ្កាយយក្សទំហំ ២០០km» ដែលផ្សំ​ឡើង​លោហៈធាតុ ស្ទើរទាំង​ស្រុងតែ​ម្តង…

0

 

(អាមេរិក)៖ បេសកកម្មប្រកប​ដោយមហិច្ឆតាមួយ ទៅកាន់អាចម៍ផ្កាយ​ដែលផ្សំឡើងដោយ​លោហៈធាតុ នឹងជួយអ្នក​វិទ្យាសាស្រ្ត​បង្កើនការ​​​​​យល់ដឹង​ អំពីរបៀបផែនដី​ និងភពមាន​ទម្រង់ជាថ្ម​ដទៃទៀត​បានធ្វើ​ការវិវត្តន៍រូបរាង កាលពីរាប់​ពាន់លាន​ឆ្នាំមុន។ នេះបើតាម​ការចេញផ្សាយ​ដោយ​វែបសាយ Space.com នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។

បេសកកម្ម​នៃយានអវកាស​ឈ្មោះថា Psyche នឹងចាកចេញពី​ផែនដីនៅឆ្នាំ២០២២ ខណៈគម្រោង​ដើម បានស្នើឲ្យបាញ់​បង្ហោះ​នៅឆ្នាំ​២០២៣ ប៉ុន្តែអង្គការ NASA បានសម្រេច​លើកកាល​បរិច្ឆេទ ដើម្បីសន្សំសំចៃ​លើថ្លៃចំណាយ និងដើម្បី​ទៅដល់អាចម៍ផ្កាយ​នោះឲ្យបាន​ឆាប់ៗ។ នៅក្រោម​គម្រោងថ្មីនេះ យានអវកាស Psyche នឹងធ្វើដំណើរ​ទៅដល់អាចម៍​ផ្កាយ​លោហៈនោះ នៅអំឡុងដើម​ឆ្នាំ២០២៦។

គួរជម្រាបថា បើតាមការ​តាមដានពី​ផែនដី បានឲ្យតំរុយថា អាចម៍ផ្កាយ​​ដែលមាន​មុខកាត់​ប្រមាណជាង ២០០គីឡូម៉ែត្រ ដែលគេ​ហៅថា Psyche ដូចទៅនឹងយាន​អវកាសខាង​លើដែរនេះ គឺមានសមាស​ធាតុផ្សំជាលោហៈ​ធាតុចំនួន ៩៥ភាគរយ គឺដូចទៅនឹងស្នូល​របស់ភព​មាន​ទម្រង់ជាថ្ម ដូចជាផែនដី​យើងជាដើម។

សម្រាប់លក្ខណៈពិសេសបន្ថែមទៀតនោះ គឺអាចម៍ផ្កាយ​ Psyche ស្ថិតក្នុង​ចំណោមអាចម៍ផ្កាយធំៗទាំង ១០ ដែលមានវត្តមាន​នៅតំបន់​​ខ្សែ​ក្រវាត់​អាចម៍ផ្កាយ (Astroid Belt) នៅចន្លោះ​ភពអង្គារ (Mars) និងភព​ព្រហស្បតិ៍ (Jupiter)។ ដោយសារ​តែ​វា​មិនមាន​រាងមូលគ្រប់គ្រាន់ និងទំហំតូចបន្តិចនោះ ដូច្នេះវាមិនត្រូវ​បានចាត់ទុក​ជាភព​បម្រុង (Dwarf Planet) ដូចជា Ceres និង Vesta នោះ​ឡើយ៕

ចែករំលែក