ចង់ដឹងអ្វី​ទៀតពី Oumuamua? ពេលនេះ​ក្រុមអ្នក​វិទ្យាសាស្ត្រ ផ្តល់ចម្លើយ​ចុង​ក្រោយ…

0

 

(អាមេរិក)៖ ចម្ងល់នៅតែបន្ត​កើតមានជុំវិញ​ការបង្ហាញវត្តមាន នៃវត្ថុមកពីក្រៅ​ប្រព័ន្ធព្រះអាទិត្យ​ ដែលគេដាក់​ឈ្មោះថា Oumuamua។ តើ​មានជីវិត​អេលៀន​វ័យឆ្លាត រស់នៅលើវត្ថុ​ដែលមានរាងដូច​នឹង​បារីស៊ីហ្គែរ (Cigar) ដែលបាន​ហោះឆ្លងកាត់ប្រព័ន្ធផ្កាយរបស់យើង កាលពី​ឆ្នាំមុន​នេះដែរ ឬក៏អត់?

ក្នុងការព្យាយាម​ស្វែងរក​ការពិត ក្រុមតារា​វិទូអូស្រ្តាលី​បាន​ប្រើប្រាស់​តេឡេស្កូប Muchison Widefield Array ដើម្បី​លួចផ្ទៀង​ស្តាប់សំឡេង​យ៉ាងផ្ចិតផ្ចង់​បំផុតលើវត្ថុ​មួយនេះ។ នេះបើតាម​ដកស្រង់ការផ្សាយចេញ​ពីវែបសាយ Space.com នៅរសៀលថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨។

លទ្ធផលដែល​ក្រុមអ្នកវិទ្យាសាស្រ្ត​ខាងលើបានរកឃើញ គឺពុំមានភស្តុតាង​អ្វីទាំងអស់ ដែលអាចបញ្ជាក់​មានមនុស្សភពក្រៅ បញ្ជូនរលក​សញ្ញា​ចេញមកខាងក្រៅ​នោះឡើយ។ អ្នកវិទ្យាសាស្រ្ត បានដឹងអំពីវត្តមាន​នៃដុំថ្មីអវកាស​ដ៏អាថ៌កំបាំងនេះ កាលពីឆ្នាំទៅ នៅពេលដែល​វា​ត្រូវបានគេប្រទះ​ឃើញដោយ​តេឡេស្កូប Pan-STARRS1 នៅកោះហាវ៉ៃ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧។

អ្នកវិទ្យាសាស្រ្ត បានសម្រេចដាក់​ឈ្មោះឲ្យវាថា Oumuamua ដែលសម្រាប់ប្រជាជន​នៅកោះហាវ៉ៃ មានន័យថា «ជាអ្នកនាំសារពី​កន្លែង​មួយដ៏​សែនឆ្ងាយ ហើយមក​ដល់ទីនេះ​​ជាលើកដំបូង​»។ អាចម៍ផ្កាយ Oumuamua គឺជាភស្តុតាង​ជាក់ស្តែងទីមួយ បង្ហាញពីវត្ថុមួយ ដែលមាន​ប្រភព​មកពីប្រព័ន្ធ​ផ្កាយដទៃទៀត ហើយធ្វើដំណើរ​ឆ្លងកាត់ប្រព័ន្ធ​សូឡា​របស់យើង។

គួរជម្រាបថា វត្ថុអាថ៌កំបាំងនេះបានបណ្តាល​ឲ្យ​​មនុស្សមួយ​ចំនួន កើតក្តីងឿង​ឆ្ងល់ថា តើតាមពិតវា គឺជាយាន​អវកាស ដែលធ្វើដំណើរ​​មក​ពី​ប្រព័ន្ធ​ផ្កាយផ្សេង ឬយ៉ាងណា​ថែម​ទៀតផង ប៉ុន្តែអ្វីៗពេលនេះ គឺពិតជាច្បាស់ហើយថា Oumuamua ពិតគ្រាន់តែ​ជាអាចម៍ផ្កាយ​រាងដូចបារីមួយដើម​ប៉ុណ្ណោះ៕

ចែករំលែក