តើមានវត្ថុណាមួយ អាច​ធ្វើដំណើរ​ដល់កម្រិតនៃល្បឿន​ពន្លឺ ឬទេ?

0

 

(បរទេស)៖ ពន្លឺពិតមានល្បឿនលឿនជាងអ្វីៗទាំងអស់ នៅក្នុងចក្រវាឡនេះ ដែលវា​បានធ្វើ​ឲ្យអ្នកវិទ្យាសាស្ត្រមួយចំនួនមានក្តីសង្ឃឹមថា បើពួកគេអាចបង្កើតយាន​ដែលអាច​សម្រុកបានដល់ល្បឿនៃពន្លឺនោះ ការធ្វើដំណើរទៅកាន់ប្រព័ន្ធផ្កាយផ្សេង នឹងជារឿង​ដែលអាចទៅរួច ដោយមិនមែនត្រឹមតែជាការស្រមើស្រមៃ ឬរង់ចាំដល់ការកើតមានច្រក​ឆ្លងប្រព័ន្ធព្រះអាទិត្យ ដូចក្នុងរឿងនិទាននោះឡើយ។ ប៉ុន្តែថា តើអាចមានយាន​ណាមួយ​ត្រូវបានផលិត និងធ្វើដំណើរដល់កម្រិតល្បឿនពន្លឺ ឬទេ?

មុននឹងឆ្លើយនូវ​សំនួរដ៏ពិសេស​មួយនេះ ចូលធ្វើការរំលឹក​មេរៀនចាស់​ជាមុនសិនថា អ្វីទៅជា​ល្បឿន​នៃពន្លឺ ឬចម្ងាយជាឆ្នាំពន្លឺ? ជាការពិត​យើងមិនធ្វើការវាស់​ចម្ងាយដោយផ្ទាល់​នូវវត្ថុអ្វី ដែលស្ថិតនៅ​​សែនឆ្ងាយ​ពីយើង តាមរយៈការរាប់​ពេលវេលានោះ​ឡើយ។ «Light Year ឬឆ្នាំពន្លឺ» គ្រាន់តែជា​ខ្នាតនៃប្រវែង ឬចម្ងាយ ដូចទៅនឹង «ម៉ាយ (Mile)» ឬ «គីឡូម៉ែត្រ (Kilometer)» ប៉ុណ្ណោះ។ យើងដឹងថា តើពន្លឺអាច​ធ្វើដំណើរបាន​រហ័ស​ប៉ុណ្ណា​ នៅក្នុងរយៈពេល១វិនាទី យើងក៏ដឹងដែរថា មានប៉ុន្មានវិនាទី​នៅក្នុងមួយឆ្នាំ ហេតុដូច្នេះ​យើងនឹងអាច​ដឹងថា តើមានចម្ងាយ ឬប្រវែង​ប៉ុន្មាន​គីឡូម៉ែត្រ​នៅ​ក្នុងមួយ​ឆ្នាំពន្លឺ។

ក្នុងមួយវិនាទីពន្លឺអាចរត់បាន ៣០០,០០០គីឡូម៉ែត្រ ដូច្នេះមួយឆ្នាំពន្លឺមានន័យថា គឺជាចម្ងាយសរុបដែល​ពន្លឺអាចរត់បានក្នុងរយៈពេលមួយឆ្នាំ (យកចំនួនវិនាទី​ដែលមានក្នុង​មួយមួយឆ្នាំ ទៅគុណនឹង​ចំនួន ៣០០,០០០គីឡូម៉ែត្រ) នោះនឹងបានមកវិញនូវចម្ងាយ ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ = មួយឆ្នាំនៃពន្លឺ។ សម្រាប់ផ្កាយភ្លោះអាល់ហ្វាសេនថារី ដែលនៅកៀកនឹងផែនដីបំផុតមានចម្ងាយ ៤.៤ឆ្នាំពន្លឺពីផែនដីនោះ គឺត្រូវយក​ចម្ងាយមួយឆ្នាំ​ពន្លឺ ដែលស្មើនឹង ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រគុណនឹង ៤.៤ឆ្នាំពន្លឺស្នើនឹង ៤១.៦២៨ពាន់ពាន់លាន​គីឡូម៉ែត្រ (ដែលជាចម្ងាយ​ពីផែនដី ទៅអាល់ហ្វាសេនថារី)។

សម្រាប់យានអវកាស​ដែលគោចរលឿនបំផុត (New Horizons) ក្នុងទីអវកាស​គឺបានតែ ១៤គីឡូម៉ែត្រ​ក្នុងមួយវិនាទី​​ប៉ុណ្ណោះ ប្រៀបធៀប​នឹងល្បឿនពន្លឺដែល​រត់បាន ៣០០,០០០គីឡូម៉ែត្រ​ក្នុង​មួយវិនាទី​ ពិតជាខុសគ្នាដូចមេឃនឹងដី។ ដូច្នេះបើយកយាន New Horizons ដែលហោះ​បានល្បឿន ១៤គីឡូម៉ែត្រក្នុងមួយវិនាទី​ ធ្វើដំណើរទៅកាន់ប្រព័ន្ធ​ផ្កាយ​​អាល់ហ្វាសេនថារី វានឹងចំណាយ​ពេល​ជិត ៤០,០០០ឆ្នាំ ទើបទៅដល់ទៅ​ដល់អាហ្វាសេនថារី។

ចុះថាតើមនុស្សអាចបង្កើតយាន ដែលហោះក្នុងល្បឿននៃពន្លឺ ឬក៏អាចក្បែរៗល្បឿនដ៏លឿន​លើការថ្លែងនោះ ឬទេ? ចម្លើយ​ពេលនេះគឺយោងតាមទ្រិស្តីរបស់លោក Einstein «គ្មានវត្ថុណា​មួយ​អាច​បង្កើនល្បឿន ដល់​កម្រិត​​នៃល្បឿនពន្លឺ​នោះ​ឡើយ»។ មូលហេតុនោះ គឺនៅពេលដែល​វត្ថុមួយ ឈានដល់កម្រិត​ល្បឿននៃពន្លឺ ម៉ាស់របស់វា​នឹងកើនឡើង​យ៉ាងឆាប់រហ័ស ដូច្នេះបើវាធ្វើដំណើរក្នុងល្បឿន ៣០០,០០០គីឡូម៉ែត្រក្នុងមួយវិនាទី នោះម៉ាស់របស់វានឹងក្លាយអនន្ត ដូច្នេះ​វាត្រូវការ​ថាមពល​ដើម្បីបម្លាស់ទីវា ដូច្នេះវានឹងបង្កើតជាសំនួរថា តើវត្ថុនោះអាចទ្រាំទ្របានឬទេ? ហេតុដូច្នេះ​ហើយទើបមាន​ការសន្មត់ថា គ្មានវត្ថុធម្មតាណាមួយ អាចធ្វើដំណើរ​ក្នុងកម្រិត នៃល្បឿនពន្លឺ​នោះឡើយ៕

ចែករំលែក