(បរទេស)៖ កាលពីឆ្នាំ១៩៩៤ អាចម៍ផ្កាយ Shoemaker Levy 9 បានបំបែកខ្លួនទៅជា ២១បំណែក ហើយធ្លាក់ស្រោចទៅលើភពភពព្រហស្បតិ៍ ដែលកាលណោះវាពិតជាមេរៀនដ៏គួរឲ្យព្រឺព្រួចបំផុតមួយ ដែលអ្នកវិទ្យាសាស្ត្រលើភពផែនដី ចាប់ផ្តើមគិតគូរកាន់តែខ្លាំង អំពីកិច្ចការផែនដីពីការគំរាមកំហែងដោយអាចម៍ផ្កាយ។ នេះបើតាមការដកស្រង់ការផ្សាយឡើងវិញពី Space.com នាថ្ងៃអង្គារ ទី១៧ ខែមេសា ឆ្នាំ២០១៨។
តាមពិតទៅ Shoemakier Levy 9 ត្រូវបានផ្តល់ឈ្មោះផ្លូវការថា D/1993 F2 ដោយបានបែកជាបំណែកៗសរុបចំនួន ២១ ដុំ រួចធ្លាក់ស្រោចទៅលើភពព្រហស្បតិ៍ នៅតំបន់អឌ្ឍគោលខាងត្បូង នៅខែកក្កដា ឆ្នាំ១៩៩៤ (ពេលវេលាលើផែនដី)។ វាគឺជាលើកដំបូងបំផុត ដែលមនុស្សអាចអង្កេតការប៉ះទង្គិចធំដុំ នៅក្នុងប្រព័ន្ធព្រះអាទិត្យដោយផ្ទាល់ ហើយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ក៏ត្រូវបានចុះផ្សាយពាសពេញពិភពលោកកាលពីឆ្នាំ១៩៩៤ នោះផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបន្ថែមទៀតនោះ ក្រោយពី Shoemaker Levy 9 ធ្លាក់លើភពព្រហស្បតិ៍ តែប៉ុន្មានខែប៉ុណ្ណោះ ផ្ទៃអឌ្ឍគោលខាងត្បូងនៃភពព្រហស្បតិ៍ត្រូវបានសម្អាតយ៉ាងស្អាតធេង ស្ទើរតែគ្មានដាននៃការប៉ះទង្គិច ឲ្យយើងមើលដឹងនោះឡើយ ហើយនេះក៏ព្រោះតែបរិយាកាសដ៏ពុះកញ្ជ្រោលបំផុតរបស់វា ជាអ្នកលាងសម្អាត។ បើអាចម៍ផ្កាយមុខកាត់ ២គីឡូម៉ែត្រនេះបុកផែនដីវិញនោះ វានឹងបង្កក្តីវិនាសអន្តរាយ ហើយអាចសម្លាប់ជីវិតនានាលើផែនដី ដូចជំនាន់ដាយណូស័រផងក៏ថាបានដែរ។
ការកម្ទេច ឬបោសសម្អាតអាចម៍ផ្កាយធំៗបែបនេះ ក៏ជាមេរៀនមួយធ្វើឲ្យអ្នកវិទ្យាសាស្ត្រអះអាងថា ភពព្រហស្បតិ៍ពិតជាឧបករណ៍ដ៏មានឥទ្ធិពល នៅក្នុងការបោសសម្អាតកម្ទេចកម្ទីអវកាសដែលស្ថិតនៅក្បែរវា ឬអាចចូលមកកាន់តំបន់ប្រព័ន្ធព្រះអាទិត្យក្នុង(Inner Solar System) ដែលមានដូចជាភពអង្គារ ផែនដី សុក្រ និងពុធជាដើម ព្រោះភពព្រហស្បតិ៍ មានដែនម៉ាញេទិចដ៏ធំទូលាយ (ធំជាងព្រះអាទិត្យទៅទៀត)។
អ្នកវិទ្យាសាស្ត្រថែមទាំងបានអះអាងទៀតថា បើគ្មានវត្តមានភពព្រហស្បតិ៍ ដែលប្រកបដោយដែនម៉ាញេទិចខ្លាំងក្លាបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យទេនោះ ផែនដី ឬភពផ្សេងៗនៃប្រព័ន្ធព្រះអាទិត្យខាងក្នុង នឹងអាចរងការវាយប្រហារដោយអាចម៍ផ្កាយធំៗដូចជា Levy 9 យ៉ាងហោចណាស់ ២០០,០០០ឆ្នាំម្តង ហើយបើដូច្នោះមែន ជីវិតនានានៅលើផែនដីប្រាកដជាពិបាកវិវឌ្ឍន៍ និងកកើតឡើងខ្លាំងណាស់។
ហេតុដូច្នេះការវាយប្រហាររបស់ Shoemaker Levy 9 ទៅលើភពព្រហស្បតិ៍ កាលពីឆ្នាំ១៩៩៤ ពិតជាមេរៀនដ៏ធំមួយ សម្រាប់ក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រនៅលើភពផែនដី ដើម្បីធ្វើការសិក្សាបន្ថែម ជាពិសេសការអភិវឌ្ឍប្រព័ន្ធអង្កេតវត្ថុអវកាស (អាចម៍ផ្កាយ ឬដុំអវកាស) ដែលមានវត្តមាននៅជិតៗផែនដី ឬដែលតែងតែគោចរមកជិតភពផែនដី ក្នុងវេលាជាក់លាក់ណាមួយ ដើម្បីរកវិធីទប់ទល់នៅពេលស្ថានការណ៍អាសន្នមកដល់។
ត្រូវចងចាំថា អាចម៍ផ្កាយមិនមែនជាដុំថ្មធម្មតាៗ ដែលយើងត្រូវមើលរំលងនោះឡើយ ហើយយើងត្រូវនឹកគិតទៅកាន់រឿងអតីតកាល នោះគឺអាណាចក្រ ១៦៥លានឆ្នាំរបស់ ពពួកដាយណូស័រ ត្រូវបានរលំរលាយដោយសារតែអាចម៍ផ្កាយមានមុខកាត់ ១០គីឡូម៉ែត្រ តែមួយដុំប៉ុណ្ណោះ។ ដូច្នេះអ្នកវិទ្យាសាស្ត្រនៅតែអះអាងថា អរិយធម៌ដ៏រុងរឿងរបស់មនុស្សលោក មិនអាចត្រូវមករលំរលាយ ដោយសារតែអាចម៍ផ្កាយមកបុកផែនដីនោះឡើយ។
គួរបញ្ជាក់ថា ដំណឹងដ៏រីករាយមួយរបស់ ការិយាល័យសម្របសម្រួលលើកិច្ចការពារភព (Planetary Defense Coordination Office) របស់អង្គការ NASA គឺរហូតមកទល់នឹងពេលនេះ គ្មានអាចម៍ផ្កាយគ្រោះថ្នាក់ណាមួយ ដែលត្រូវបានរកឃើញថា អាចគំរាមកំហែងផែនដី ឬក៏មានមុខព្រួញឆ្ពោះមកបុកទង្គិចផែនដីនោះឡើយ។ ទោះបីជាបែបនេះក្តី ប្រព័ន្ធគ្រប់គ្រងការអង្កេតវត្ថុអវកាសមានទាំងផ្កាយរណប តេឡេស្កូប និងមន្ទីរពិសោធន៍របស់អន្តរជាតិ នៅតែបន្តដំណើរការអង្កេត ដោយមិនព្រិចភ្នែកនោះឡើយ៕