ដំណឹង​ល្អ! អង្គការ NASA «ត្រៀម​ធ្វើតេស្ត​ អាវក្រោះ​អវកាស» ដែល​ផលិតដោយ​អ៊ីស្រាអែល ដើម្បី​ការពារ​រលក​វិទ្យុសកម្ម…

0

(អ៊ីស្រាអែល)៖ ទីភ្នាក់ងារ​អវកាស​អាមេរិក NASA នឹងធ្វើតេស្ត​សមត្ថភាពអាវក្រោះ​ការពាររលក​វិទ្យុសកម្ម ដែលផលិតឡើងដោយ​ប្រទេស​អ៊ីស្រាអែល នៅក្នុងគម្រោង​ហោះហើរសាកល្បង​នៃយានអវកាស Orion មុនពេលដែល​បេសកកម្មបញ្ជូន​មនុស្សជាផ្លូវការ​ចាប់ផ្តើម។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។

ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា​អ៊ីស្រាអែល​បានឲ្យដឹង​ថា អង្គការ NASA និងទីភ្នាក់ងារ​អវកាសរបស់​​ប្រទេសខ្លួន ISA បានចុះកិច្ច​ព្រម​ព្រៀង​មួយ ស្តីពីការប្រើប្រាស់​អាវក្រោះការពារ​វិទ្យុសកម្ម នៅក្នុងក្របខណ្ឌ​នៃការហោះហើរ​សាកល្បង​នូវយាន Orion របស់ NASA ហើយ​ប្រសិនបើការធ្វើតេស្ត​អាវការពារ​ពិសេសនេះ ទទួលបាន​ជោគជ័យ វាប្រហែលមាន​លទ្ធភាពយក​ទៅប្រើប្រាស់ សម្រាប់ប្រតិបត្តិការ​រុករក​ក្នុងទីអវកាស​ខាងមុខៗ​ទៀតជាពិសេសនៅឋានព្រះច័ន្ទ និងភពអង្គារតែម្តង។

បន្ថែមពីនេះ​នាពេលឆាប់ៗទីភ្នាក់ងារ​អវកាស ISA ក៏នឹងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Lockheed Martin ដើម្បីផ្តួចផ្តើម​ការប្រើប្រាស់អាវក្រោះការពារ​រលកវិទ្យុសកម្ម​នេះ នៅឯស្ថានីយអវកាស​អន្តរជាតិ ISS ផងដែរ នាដើម​ឆ្នាំ២០១៩។ រលកវិទ្យុសកម្មពិតជាសាហាវ​ណាស់ ព្រោះវាអាចសម្លាប់ជីវិតអវកាសយានិកបាន បើសិនជាគ្មានខែលការពារក្នុងរយៈពេលយូរ​ទេនោះ។

ចំណុចសំខាន់៖ ងាកមកកាន់​យានអវកាស Orion វិញ គឺជាបន្ទប់នៃ​អវកាយានិក​សរុប ០៤នាក់ ដែលពួកគេត្រូវ​មានសមត្ថភាព​រស់នៅ និងសិក្សានៅក្នុងនោះ​រយៈពេលរាប់ខែ-ឆ្នាំ ហើយវាមានគោលដៅ​ធំបំផុត នៅក្នុងការបញ្ជូន​មនុស្សទៅ​ភពអង្គារ នៅឆ្នាំ២០៣០ ជាពេល​អង្គការ NASA បានកំណត់គោលដៅ នៃការនាំក្រុម​មនុស្សដំបូង ទៅជាន់ភពអង្គារ ប៉ុន្តែ​ក្រុមហ៊ុន SpaceX បានកំណត់​គោលដៅមុន​នេះទៀតទៅហើយ។

ដើម្បីអាចឲ្យ​វាធ្វើដំណើរ​ទៅភពអង្គារបាន ប្រកបដោយ​ប្រសិទ្ធភាព និងសុវត្ថិភាព​ខ្ពស់ ១០០% នោះ យាន​អវកាស Orion ត្រូវតែទទួល​ការធ្វើតេស្ត​យ៉ាងលំបាក នោះគឺការហោះហើរ​ទៅកាន់គន្លង​គោចរ​នៃឋានព្រះច័ន្ទ​ ដោយគ្មាន​អវកាសយានិក ដើម្បីឲ្យប្រាកដ​អំពីប្រសិទ្ធភាពនៃប្រព័ន្ធ​​ទំនាក់ទំនង និងសុវត្ថិភាព​ជារួម។ បន្ថែមពី​នេះ​ទៀត ឈុតសំលៀកបំពាក់​អវកាសថ្មី ក៏នឹងក្លាយជា​ប្រយោជន៍ សម្រាប់គំរោង​បញ្ជូនមនុស្ស ទៅជាន់ឋានព្រះច័ន្ទ​ជាថ្មីនោះផងដែរ។

ក្រុមអ្នកវិទ្យាសាស្រ្ត​បានឲ្យដឹងថា បច្ចុប្បន្នភពអង្គារមិនមាន​ដែនម៉ាញេទិច​ទេ ប៉ុន្តែស្រទាប់ ផ្ទៃភព​របស់វា មានកម្លាំងខ្លាំងជាងដែន​ម៉ាញេទិចរបស់ភព​ផែនដី ១០ដង។ ប្រការនេះ ហើយទើប​បរិយាកាសរបស់​ភពនេះ មានស្នើនឹងជិត ១ភាគរយ ប៉ុណ្ណោះរបស់ផែនដី ហើយ ភាគច្រើនគឺ​ជាធូលីដី ដែលបោកបក់​ជារឿយៗដោយសារតែចរន្ត​ខ្យល់លើភព ដូច្នេះ​ទើបខែលការពារ (អាវក្រោះ) គឺជារឿងចាំបាច់បំផុត ក្នុងការអនុញ្ញាតឲ្យអវកាស​យានិក​ អាចធ្វើការរស់នៅលើ​ភពអង្គារក្នុងរយៈពេល​យូរបាន។

សរុបជារួមមក ភពអង្គារ​ពិតជាធ្លាប់មាន ទឹក (មហាសមុទ្រ, បឹង, ទន្លេ) ព្រមទាំងបរិយាកាស ក្រាស់ស្រដៀង ទៅនឹងភពផែនដីនាសម័យបច្ចុប្បន្ននេះដែរ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រ​នៅតែ កំពុងស្វែងរកមូលហេតុ​ពិតប្រាកដថា តើហេតុចម្បង​អ្វីបានជា វត្ថុធាតុដែល​អាចទ្រទ្រង់ជីវិត ទាំង នោះរលាយបាត់ពីភពក្រហម​មួយនេះ។ មួយវិញទៀត ការរុករកលើភពអង្គារ គឺអ្នក វិទ្យាសាស្ត្រ​ចង់ដឹងថា តើអាចធ្លាប់មានជីវិតក្នុង​ទម្រង់ណាមួយ កើតឡើងលើ​ភពនេះ ឬទេ៕

ចែករំលែក