ទីបំផុត​​អង្គការ NASA «បញ្ជាក់​ឆ្នាំ​ពិត​ប្រាកដ» ដែលត្រូវបញ្ជូន​​ស្ថានីយអវកាស ទៅ​គោចរ​ជុំវិញ​ព្រះច័ន្ទ…

0

 

(អាមេរិក)៖ ពិតជាកម្រ​ណាស់ ដែលបេសកកម្មធំៗ​ណាមួយ ត្រូវបានកំណត់​ឆ្នាំជាក់ច្បាស់​ថា នឹងត្រូវកើត​ឡើងនោះ ព្រោះកន្លងទៅភាគច្រើនអង្គការ​អវកាស​នានា ​តែងតែកំណត់ពេលជា «អំឡុង​ទសវត្សរ៍»​ ដែលធ្វើឲ្យអ្នកទន្ទឹង​រង់ចាំ មានភាពមិន​ច្បាស់លាស់ ប៉ុន្តែពួកគេចង់ឲ្យ​វាកើតឡើង​កាន់ឆាប់​កាន់តែ​ល្អ សម្រាប់បេសកកម្ម​ដែលពួកគេ​ប្រាថ្នា​ចង់ឃើញ។ នេះបើតាម​ការដកស្រង់​ពីវែបសាយ​អង់គ្លេស Daily Star នា​ថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨។

ប៉ុន្តែដំណឹងថ្មី​ពេលនេះ អាចថាជារឿងដែល​គួរឲ្យរីករាយ និងគួរឲ្យទុក​ចិត្តបន្តិច ដោយអង្គការ​ NASA បានបញ្ជាក់ដោយផ្ទាល់នា​សប្តាហ៍នេះថា ស្ថានីយអវកាស​ដែលកំពុងស្ថិត​នៅក្នុង​ការ​អភិវឌ្ឍ និងគ្រោងយក​ទៅដាក់ឲ្យគោចរ​ជុំវិញព្រះច័ន្ទនោះ នឹងត្រូវសម្រេច​ជាផ្លូវការ​នៅឆ្នាំ២០២៥ (មិនមែននៅអំឡុងទសវត្សរ៍ ២០២០ ឬឆ្នាំ២០២០-២០២៩ ដែល​មិនច្បាស់ថា ឆ្នាំណា​ឲ្យ​ប្រាកដទៀត​នោះ​​ឡើយ)។

ការអះអាងអំពី​គំរោងបញ្ជូនស្ថានីយ​អវកាសថ្មី ទៅកាន់ព្រះច័ន្ទយ៉ាង​ច្បាស់លាស់នេះ គឺស្ថិតនៅ​ក្នុង​គោលដៅធំៗ​ចំនួនពីរ នោះគឺ​ទី ១៖​ ដើម្បីសិក្សាបន្ថែម​អំពីសក្តានុពល​នានា​​ ដែលមាននៅលើ​ឋាន​ព្រះច័ន្ទ ជាពិសេសគឺ​ស្រទាប់ព្រះច័ន្ទ ព្រមទាំងទឹក​នៅក្នុងនោះ​ផងដែរ។ ទី ២៖ រក្សា​ស្ថានីយ​អវកាសនេះ គឺជាកន្លែងឈប់​​សំចត​ដ៏សំខាន់​មួយសម្រាប់ក្រុមអវកាយានិក ដើម្បីរៀបចំខ្លួន​ឆ្ពោះដំណើរ​ទៅភព​អង្គារ ដែលគ្រោងធ្វើ​ឡើងនៅ​ទសវត្សរ៍ ២០៣០។

ចំណុចសំខាន់៖ ទីភ្នាក់ងារអវកាស​កំពុងតែដុតដៃដុត​ជើង​ ជំរុញគម្រោង​ការកសាង​ស្ថានីយ​អវកាស Lunar Orbital Platform-Gateway ដែលជា​មូល​ដ្ឋាន​មួយដើរតួនាទី​សំខាន់បំផុត សម្រាប់ឲ្យក្រុមអវកាសយានិក បោះទីតាំងនៅ​ក្នុងទីអវកាស ក្បែរនឹងឋាន​ព្រះច័ន្ទ។ បេសកកម្ម​របស់អង្គការ NASA នៅ​ថ្ងៃអនាគត នឹងមាន​ការតភ្ជាប់ជាច្រើន​ជាមួយនឹង​វិស័យឯកជន និងដៃគូក្នុង​ស្រុក​នានា ដោយ NASA ចង់ឲ្យការ​រុករកទីអវកាស​របស់ខ្លួន កាន់តែមាន​សក្តានុពល និងអាច​ប្រកួត​ប្រជែង​ជាមួយវិស័យ​អវកាស​ឯកជន ជា​ពិសេស SpaceX ជាដើម។

ថវិកាជាតិ​របស់ NASA គឺមានការផ្តោត​សំខាន់ច្រើន ទៅលើការ​ផលិត​យាន ដើម្បីធ្វើការចុះចត​នៅលើផ្ទៃ​ព្រះច័ន្ទ ដោយក្នុងនោះវា​អាចមាន​យានតូចៗ សម្រាប់​បម្រើក្នុងវិស័យ​ពាណិជ្ជកម្ម​ផងដែរ។ លោក Lightfoot បាន​និយាយថា «ការបញ្ជូនយាន​ទៅចុះលើ​ផ្ទៃព្រះច័ន្ទ គឺធ្វើទៅតាមការ​ស្នើសុំកាលពីមុន ហើយវានឹង​មានចម្លើយ​នៅក្នុងពេល​ឆាប់ៗខាង​មុខនេះ»។

បើតាម NASA ស្ថានីយ Gateway ដែលមាន​ឈ្មោះដើមថា Deep Space Gate នេះ នឹងមិនត្រឹមតែជា​កន្លែងដើម្បីស្នាក់នៅ រៀនសូត្រ និងបំពេញការងារ​នៅកៀកនឹងព្រះច័ន្ទ​ប៉ុណ្ណោះទេ វាក៏នឹងអាចជួយគាំទ្រ​ដល់បេសកកម្ម​ជាច្រើនផ្សេង​ទៀត​ផងដែរ ទៅកាន់ឋាន​ព្រះច័ន្ទ និង​​សូម្បី​តែទៅ​កាន់ភពអង្គារ (Mars) និងកន្លែងឆ្ងាយៗ​ដទៃទៀត ហើយ​ក្រុម​អ្នកវិទ្យាសាស្រ្ត អាច​ប្រើ​ប្រាស់​​ឧបករណ៍​ដ៏​សម្បូរ​​បែប​ និងទំនើបៗ​​នៅ​ក្នុងស្ថានីយ ដើម្បីសិក្សាតាមដាន​មើល​ភពផែនដី និងព្រះអាទិត្យ​​ព្រមពេលជាមួយគ្នា​ថែមទៀត៕

ចែករំលែក