គិតលេងៗ! នៅ​សុខៗ «ព្រះអាទិត្យ​យើង​ក្លាយជា​ប្រហោងខ្មៅ ឬ Black Hole» តើនឹង​មាន​រឿងអ្វី​កើត​ឡើង?

0

 

(បរទេស)៖ សាកគិត​​លេងៗសិន ព្រោះមិនមាន​អ្វីខុសទាស់​នោះទេ។ សំនួរ​នេះ​ Cambo Space ជឿថា ក៏ធ្លាប់​មាន​ប្រិយមិត្តអ្នក​អាន​កន្លងមក មានការងឿង​​ឆ្ងល់ដែរ ប៉ុន្តែគ្រាន់​តែមិនបាន​សួរនាំដោយ​ផ្ទាល់តែ​ប៉ុណ្ណោះ ប៉ុន្តែក៏មានបងប្អូនមួយ​ចំនួនបាន​សួរ​រួចមក​ហើយដែរ សម្រាប់សំនួរ​​ស្រដៀងៗ​គ្នានេះមកកាន់ខ្ញុំ។ ចម្ងល់​បែប​វិទ្យាសាស្ត្រ​នោះគឺ៖ តើអ្វីៗ​គ្រប់​​យ៉ាង​នឹង​ទៅ​ជា​​ដូចម្តេច បើសិន​​ជាព្រះអាទិត្យ​យើង​ ក្លាយទៅជា​ប្រហោងខ្មៅ (Black) ឬក៏ត្រូវបាន​​ជំនួសដោយ​ប្រហោង​ខ្មៅ​​​នោះ?

ជាការពិត អ្នកវិទ្យាសាស្ត្រ​បានអះអាងរួច​ទៅហើយថា វត្ថុទំហំប៉ុន​ព្រះអាទិត្យយើងនេះ​ (មុខកាត់ជាង ១.៣លានគីឡូម៉ែត្រ) មិនអាចមាន​​លទ្ធភាពក្លាយ​ជាប្រហោង​ខ្មៅនោះ​ឡើយ ប៉ុន្តែបើធំជាង​នេះ​ចាប់ពីបួន ទៅប្រាំដង​ឡើងទៅ នោះពិត​ជាអាច។ ចូរលើក​ឧទាហរណ៍ដូច្នេះ​វិញថា កន្លែងដែល​ព្រះអាទិត្យរបស់យើង​កំពុងតាំងនៅ​ពេលនេះ ត្រូវបានជំនួស​ដោយប្រហោង​ខ្មៅមួយ​មាន​​ទំហំ​តូច ដែលបាន​កកើតឡើង​ដោយផ្កាយធំ​ជាងព្រះអាទិត្យ​បួនដង ផ្ទុះឡើងនោះ តើផែនដី​នឹងរងគ្រោះ​ដោយរបៀបណា?

ក្រុមអ្នកសិក្សា​បានផ្តល់ចម្លើយ​ស្រដៀងៗគ្នាថា មិនថាតែផែនដី​​មួយនោះឡើយ គឺភព​ទាំងអស់​​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​នឹង​រងគ្រោះ ហើយឈានដល់ការរលំរលាយ ដោយសារតែចលនា​ប្រហោងខ្មៅ​មរណៈ។ សម្រាប់​ភពផែនដី​ ​ផ្នែក​ដែល​ត្រូវ​ពន្លឺ​ព្រះអាទិត្យ នឹងត្រូវបាត់បង់​ពន្លឺ​ភ្លាមៗ ហើយប្រែ​​ក្លាយជាពេលរាត្រី​​ទាំងសងខាង​ផែនដី​ដូចគ្នា។ ផ្ទៃមេឃ​ផែនដីនឹងឃើញ​តែផ្កាយ និងដុំស្រមោលខ្មៅ​ធំមួយ ដែល​បញ្ជាក់ថា វាជា Black Hole ដែលផែនដីយើង​កំពុងគោចរ​ជុំវិញ ក្នុងគម្លាត​ដដែល គឺ ១៥០លានគីឡូម៉ែត្រ។

ព្រះច័ន្ទរបស់​​ផែនដី នឹងលែងមាន​ពន្លឺ​ទៀត​ហើយ ដោយវានឹងក្លាយ​​ជាស្រមោល​ខ្មៅ​​​ដូចគ្នា ប៉ុន្តែមានទំហំ​តូច​ជាង​​ប្រហោងខ្មៅ បើយើងមើល​​ទៅលើមេឃ។ គម្លាត​រវាង​ផែនដី​ និងប្រហោងខ្មៅ​​នោះ អាចឲ្យអ្នក​វិទ្យាសាស្ត្រ​​សន្និដ្ឋាន​​បានថា ផែនដី​គឺអាចស្ថិត​នៅចំពោះមុខព្រួញ​​ នៃការស្រូប​កម្ទេច​របស់​ប្រហោងខ្មៅ​​ទៅហើយ ប៉ុន្តែមិន​ចាំបាច់​ដល់ពេល​​នោះទេ គឺជីវិតនានា​នៅផែនដី នឹងត្រូវរលំរលាយ​ជាបណ្តើរៗ​ទៅហើយ មុននឹងផែនដីត្រូវប្រហោងខ្មៅ​កម្ទេចឲ្យក្លាយ​ជាភាគល្អិតតូច​ជាអាតូមនោះ។

តើជីវិតនឹង​រលំ​រលាយដោយ​របៀបណា? ទោះបីជា​មនុស្សឆ្លាត និងមានវិធីត្រដរ​រស់​ក្នុង​អំឡុងពេលអត់​ពន្លឺព្រះអាទិត្យ​ក៏ដោយ ក៏វាមិនអាចអូស​បន្លាយបាន​យូរនោះដែរ។ ប៉ុន្តែម៉ោងក្រោយ​អត់មានពន្លឺ និងកម្តៅពី​ព្រះអាទិត្យ អាកាសធាតុ​លើផែនដី នឹងប្រែប្រួល​ខ្លាំងណាស់ រហូតដល់គ្រប់ទី​កន្លែងដែល​មានទឹក នឹងប្រែទៅជាកក​អស់តែម្តង រួមទាំង​មហា​សមុទ្រទាំង ៤ ហើយសីតុណ្ហភាព​នឹងចុះដល់ដក​រាប់រយ​អង្សាសេ។

ឧទាហរណ៍ថា មនុស្សអាច​មានម៉ាស៊ីន​កម្តៅ ឬដុតកម្តៅខ្លួនឯង​តាមរយៈឈើ ឬធ្យូង ក៏មនុស្សមិន​អាចតស៊ូលើសពីមួយ​សប្តាហ៍នោះឡើយ។ ផ្អែកលើ​ការវិភាគពីធនធាន​បច្ចុប្បន្ន គេអាច​សន្និដ្ឋានបានថា មនុស្សអាច​តស៊ូរស់នៅដោយគ្មាន​ពន្លឺព្រះអាទិត្យ បានត្រឹមតែមួយ​សប្តាហ៍តែ​ប៉ុណ្ណោះ។

ទោះបី​ជាផែនដីអាច​នៅរស់ តែជីវិត​គឺប្រាកដ​ជាស្លាប់ដោយសារ​តែគ្មានពន្លឺ​ព្រះអាទិត្យ ហើយ​ផែនដី គឺជាដុំទឹកកក និងម៉ាក់ម៉ា។ ចុះបងប្អូន​វិញ គឺថាការសន្និដ្ឋានេះត្រឹមត្រូវ​ដែរ ឬទេ? ឬក៏អាចមាន​គំនិត​អ្វីផ្សេងពីនេះ?

ប្រភព៖ វែបសាយ quora.com និងរៀបរៀងដោយ៖ cambo-space.com

ចែករំលែក