យាន​ហោះ​ទៅព្រះច័ន្ទ និង​ភពអង្គារ «ត្រូវតែ​មានតម្លៃទាប និងសាកសមជា​មួយប្រព័ន្ធ​រ៉ុក្កែត SLS»

0

 

(វ៉ាស៊ីនតោន)៖ ខណៈ​​ក្រុមហ៊ុន Lockheed Martin កំពុងរៀបចំបញ្ចប់​ជាស្ថាពរ​ នូវការដំឡើង​យានអវកាស Orion ដែលនឹងធ្វើ​ការហោះហើរ​នៅក្នុងបេសកកម្ម​លើកដំបូងរបស់​ប្រព័ន្ធគ្រាប់​រ៉ុក្កែត SLS នោះ ក្រុមហ៊ុនបច្ចេក​វិទ្យាផ្នែកអាកាស-អវកាស និងការពារជាតិរបស់អាមេរិក​នេះ បានឲ្យដឹងថា ខ្លួនកំពុងព្យាយាមកាត់​បន្ថយការ​ចំណាយ ទៅលើយានអវកាស​សម្រាប់ថ្ងៃ​អនាគតនេះ ដោយក្នុងនោះ​រួមមានតាមរយៈ​​វិធី​សាស្រ្ត​ នៃ​​ការ​ប្រើប្រាស់​ឡើងវិញ​ជាដើម។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញ​ពីវែបសាយ Spacenews.com នៅល្ងាចថ្ងៃ​ចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។

ការតំឡើង​យានអវកាស Orion នឹងត្រូវបញ្ចប់សព្វគ្រប់រួចរាល់​ នៅខែមិថុនា​ខាងមុខនេះ ហើយថ្លែងក្នុងកិច្ច​សម្ភាសន៍មួយនៅ​ឯសន្និសីទ​អវ​កាស​លើកទី២៤ ដែលប្រារព្ធឡើង​នៅរដ្ឋ Colorado លោក Mike Hawes ​ប្រធាន​គម្រោងយាន​ Orion របស់ Lockheed Martin បាន​បង្ហើប​​ឲ្យ​ដឹង​ថា ពួកគេកំពុងធ្វើការ​ពាក់ព័ន្ធនឹងការកាត់​បន្ថយ​ ថ្លៃចាយវាយនៃយាន​អវកាសនេះ។ ជាផ្នែកនៃយុទ្ធសាស្រ្ត​សម្រាប់ការបន្ថយ​ថ្លៃចំណាយ​​​ នៃយានអវកាស Orion គឺគេត្រូវធ្វើ​ការត្រៀម​លក្ខណៈវា សម្រាប់ប្រើប្រាស់​ឡើងវិញ ក្នុង​បេសកកម្មលើក​ក្រោយៗ​ទៀត។

គួរជម្រាបថា យានអវកាស Orion នឹងត្រូវរួមបញ្ចូល​គ្នាជាមួយថ្នាក់ Module មួយកំណាត់​ទៀត (កន្លែងសម្រាប់​ស្តុកបរិក្ខា​ផ្គត់ផ្គង់ និងប្រេង) ដែលផលិតឡើង​ដោយអឺរ៉ុប ហើយ​កំណាត់ Module នោះ ត្រូវគេកំណត់ថា នឹងបញ្ជូនមកដល់​សហរដ្ឋអាមេរិក នៅខែកក្កដា។ ដោយឡែក​សម្រាប់​បេសកកម្ម​ទីមួយរបស់រ៉ុក្កែត SLS គឺ (Exploration Mission 1 ឬ EM1) នឹងប្រព្រឹត្ត​ទៅនាឆ្នាំ​ក្រោយ។

ក្រុមហ៊ុន Lockheed Martin ក៏បានចាប់ផ្តើម​កសាងសមាសធាតុផ្សំ​របស់បេសកកម្ម EM2 ដែលនឹងប្រព្រឹត្ត​ទៅនា​ឆ្នាំ២០២៣ ផងដែរ។ ​Lockheed Martin បានឲ្យដឹងថា ពួកគេកំពុងប្រើប្រាស់​បទពិសោធន៍ ដែលទទួល​បានពីការបង្កើត​យាន Orion សម្រាប់ EM1 ដើម្បីកាត់​​បន្ថយការ​ចំណាយក្នុង​ការផលិត។ គួរបញ្ជាក់​ថា យាន Orion អាចស្តុក​មនុស្សពីពីរ​ទៅបួននាក់ នឹងត្រូវហោះ​ជាដំបូងទៅ​ឋាន​ព្រះច័ន្ទ និងបន្ទាប់មក​ទើបទៅ​ភពអង្គារ៕

ចែករំលែក