ស្វែងយល់​ «ទម្រង់​នៃការរីកមាឌ​ និងអាយុកាល​នៃកាឡាក់ស៊ីនានា» ជាពិសេសកាឡាក់ស៊ី Milky Way របស់​យើងតែម្តង!

0

 

(កង់បេរ៉ា)៖ លទ្ធផលនៃ​ការសិក្សាស្រាវជ្រាវថ្មី​មួយ​នៅក្នុងប្រទេស​អូស្រ្តាលី បានបង្ហាញ​ឲ្យឃើញថា កាឡាក់ស៊ីនានា​នៅក្នុងចក្រវាឡ​រីកធំ​ធាត់​ឡើងៗ នៅពេលដែល​ពួកវាមានអាយុកាល​កាន់តែ​ចាស់ទៅ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​ព្រឹក​ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។

ការស្រាវជ្រាវ​ខាងលើ ដែលទើបត្រូវបាន​ចេញផ្សាយ​​ក្តៅៗ​នាថ្ងៃអង្គារនេះ ដោយសាកល​វិទ្យាល័យជាតិ​អូស្រ្តាលី (ANU) និងសាកលវិទ្យា​ល័យ​ទីក្រុងស៊ីដនី បានលាតត្រដាង​ឲ្យពួកយើងទាំង​អស់ដឹងថា ទំហំក៏ដូចជារូបរាង​របស់កាឡាក់ស៊ី គឹមានទំនាក់ទំនង​ដោយផ្ទាល់ទៅនឹង​​អាយុកាល​របស់វា។

លោក Matthew Colless ប្រធានអ្នកនិពន្ធ​នៃការសិក្សាខាងលើ​ ដែលមកពី​សាកលវិទ្យាល័យ ANU បានឲ្យដឹង​ដូច្នេះថា «កាឡាក់ស៊ីភាគ​​ច្រើនមានរូបរាង ចន្លោះ​ពីដុំបាល់​ដែលមូលតិល​មួយ និងបន្ទះឌីសសំប៉ែត​ដូចទៅនឹងកាក់។ ពួកយើងបាន​រកឃើញថា អាយុកាលជា​ធម្មតា​​របស់ផ្កាយ​នៅក្នុងកាឡាក់ស៊ី និងកម្រិតនៃភាព​មូល និងភាពសំប៉ែត គឺមាន​ទំនាក់ទំនង​នឹងគ្នា ដោយកាឡាក់ស៊ី​ដែលនៅមាន​អាយុកាលតិច​ មានរូបរាង​ជាបន្ទះឌីសសំប៉ែត ហើយកាឡាក់ស៊ី​ដែលចាស់ៗ គឺមានរាងដូច​ដុំបាល់»។

អាយុកាល​របស់កាឡាក់ស៊ី​មួយ អាចត្រូវគេកំណត់​តាមរយៈការស្ទង់​មើល​អាយុ នៃក្រុមផ្កាយ​ដែលស្ថិត​នៅក្នុងវា។ លោក Colless បាន​លើក​​ឡើងថា «រូបរាងពិតរបស់​កាឡាក់ស៊ីមួយ ត្រូវគេវាស់វែង​ដោយផ្អែកទៅ​លើមើលឃើញ​រូបរាង​ជាបឋមរបស់វា ព្រមទាំងចលនា​របស់​ផ្កាយ​ដែល​នៅ​ក្នុង​កាឡាក់ស៊ីនោះ ដែលអាចប្រាប់​ឲ្យដឹងថា យើងកំពុងសំឡឹង​មើលកាឡាក់ស៊ី​មួយនោះ​ពីមុំខាងណា ដោយប្រការនេះ​នឹងអាច​ឲ្យយើង ចែកឲ្យដាច់​នូវកាឡាក់ស៊ីដែល​មានរាងមូល​ពិតប្រាកដ ពីកាឡាក់​ស៊ីសំប៉ែត ដែលយើងមើល​ចំពីមុខគឺមានរាង​មូលដែរ»។

លោក Matthew Colless រួមជាមួយក្រុម​ការងារអន្តរជាតិ​របស់លោក រួមមានអ្នក​វិទ្យាសាស្រ្តមកពី សហរដ្ឋអាមេរិក អឺរ៉ុប អាហ្រ្វិកខាងត្បូង ឥណ្ឌា កូរ៉េខាងត្បូង បានកំណត់ថា កាឡាក់ស៊ី Milky Way របស់យើងបើ​គិតពីទំហំ​ គឺមានកម្រិតមធ្យម​ប៉ុណ្ណោះ។ លោក Colles បាន​​និយាយ​ថា «កាឡាក់ស៊ីរបស់​យើង​ ស្ថិតនៅធុនកណ្តាល ដោយវាតូចជាង​កាឡាក់ស៊ី​ ដែលធំៗ​បំផុត ១០០ដង និងធំជាង​កាឡាក់ស៊ីតូចៗ​បំផុត​ប្រមាណ​១,០០០ដង។ វាមានផ្កាយ​ដ៏ចំណាស់ៗ​មួយចំនួន តែក៏មានផ្កាយក្មេងៗ​មួយចំនួនរួមផ្សំ​ផងដែរ ដោយនេះគឺ​ជាការលាយឡំ​បញ្ចូលគ្នាដែល​​ធ្វើឲ្យ Milky Way មានអាយុកាល​មធ្យម»។

គួរជម្រាបថា ដូច្នេះហើយរូបរាង​របស់កាឡាក់ស៊ី​យើងក៏នៅធុនមធ្យម​ផងដែរ ដោយវាមានទាំង​បន្ទះឌីសសំប៉ែត និងដុំបាល់នៅចំ​ចំណុច​​កណ្តាល។ សម្រាប់​កាឡាក់ស៊ីរបស់​យើងនេះ គឺមាន​មុខ​កាត់ប្រវែងប្រមាណជា ៩៨០,០០០ឆ្នាំពន្លឺ ឯណោះ ហើយបើថា​នេះជាទំហំ​តូចនោះ នោះកាឡាក់ស៊ី​​ដែលធំជាង​នេះរាប់រយដង ក៏អាចមានមុខកាត់​រាប់រយលានឆ្នាំ​ពន្លឺផង​ដែរ៕

ចែករំលែក