ព្រឺព្រួច​ណាស់! NASA បង្ហាញ​​វីដេអូថ្មីពី «អាចម៍​ផ្កាយ​រាប់ពាន់​ដុំ កំពុងកញ្ជ្រោល​​ជុំវិញ​​ព្រះអាទិត្យ»

0

 

(វ៉ាស៊ីនតោន)៖ វីដេអូថ្មី​បែប Animation របស់​អង្គការ NASA ត្រូវបានចេញ​ផ្សាយកាល​ពីពេល​ថ្មីៗ​កន្លងទៅនេះ ដោយបង្ហាញ​អំពីសញ្ញានៃអាចម៍ផ្កាយ​រាប់ពាន់ដុំ កំពុងតែគោចរ​ក្នុងគន្លងរប៉ាត់រប៉ាយ​ជុំវិញ​ព្រះអាទិត្យ ដោយឡូកឡំជាមួយបណ្តាភពក្នុងប្រព័ន្ធព្រះអាទិត្យក្នុង​ (Inner Solar System) តែម្តង​ដូចជាភព ពុធ សុក្រ ផែនដី និងអង្គារ​ជាដើម។ នេះបើតាម​ការចេញផ្សាយដោយ Space.com នាល្ងាច​ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។

ខ្សែវីដេអូខ្លី ដែលទើបត្រូវ​បានបង្កើតឡើង ក្រោយការប្រមូលផ្តុំ​ទិន្ន័យជាច្រើន និងចុងក្រោយ​របស់ NASA នោះគឺវត្ថុអវកាស​ប្រមាណ ២៩,០០០ដុំ ត្រូវបានធ្វើការកំណត់​តាម​រយៈតេឡេស្កូប និងគ្រឿង​យន្តអវកាស តាំងតែពីខែធ្នូ ឆ្នាំ២០១៣មកម្ល៉េះ ហើយអាចម៍ផ្កាយទាំងនោះ គឺមកពីបណ្តុំ​នៃខ្សែក្រវាត់អាចម៍ផ្កាយ ដែលស្ថិតនៅចន្លោះភពអង្គារ និងព្រហស្បតិ៍ ហើយក្នុងនោះ​ក៏បាន​បូក​សរុបទាំងវត្ថុអវកាស (អាចម៍ផ្កាយ) សរុបចំនួន ៨០០ និងផ្កាយដុះ​កន្ទុយ​ជាង ១៣០ នៅជិតៗ​ផែនដី​យើងដែលទើប​ត្រូវបានសិក្សា​រួចរាល់។

បេសកកម្មរុករក​វត្ថុអវកាស​ដែលហៅថា NEOWISE របស់​អង្គការ NASA ពិតជាបាន​ធ្វើឲ្យយើងទ​ទួល​បានលទ្ធផលដូច​ខាងលើនេះ និងការពិសោធន៍​យ៉ាងល្អិតល្អន់​របស់មន្ទីរពិសោធន៍ JPL ស្ថិតនៅ​ក្នុង​តំបន់ Pasadena នៃរដ្ឋ​កាលីហ្វរញ៉ា។ គ្រឿង​យន្តអវកាស NEOWISE ពិតជាបាន​រកឃើញ​ និងកំណត់ទំហំវត្ថុ​អវកាសសរុប​ប្រមាណជា ១,៣០០ដុំ នៅជិតផែនដី ចាប់តាំងពីវាត្រូវ​បាន​បាញ់បង្ហោះ និងធ្វើ​ប្រតិបត្តិការ ក្នុងនោះក៏មានការ​វិភាគអំពីធាតុផ្សំ ព្រមទាំងប្រភព​នៃពួកវាផងដែរ។

គ្រឿងយន្ត​ខាងលើនេះ ត្រូវបានបាញ់បង្ហោះ​កាលពី​ខែធ្នូ ឆ្នាំ២០០៩ ដើម្បីធ្វើការ​វិភាគអ្វីៗ​ដែល​មាននៅក្នុងលំហ​នៅជិតផែនដី តាមរយៈពន្លឺ​អ៊ីនហ្វ្រារបស់វា។ NEOWISE ឬ WISE ត្រូវបាន​បញ្ចប់​បេសកកម្ម​លើកទី ១ កាលពីឆ្នាំ២០១១ ហើយបន្ទាប់មក​មួយរយៈទៀត វាក៏ត្រូវ​បាន​កំណត់​ឲ្យបំពេញ​ប្រតិបត្តិការ​ជាថ្មី នៅខែកញ្ញា ឆ្នាំ២០១៣។ បេសកកម្មនេះ​ពិតជាសំខាន់​ណាស់ ដោយវា​ធ្វើការបន្តស្វែង​រកវត្ថុអវកាស នៅជុំវិញ​ផែនដី។

គួរបញ្ជាក់ថា ការស្វែងរកវត្ថុអវកាសតូចធំនានានៅ​ជុំវិញផែនដី ពិតជារឿងដែល​សំខាន់​ខ្លាំង​ណាស់ ព្រោះថា វាមិនត្រឹមតែ​ជាការការពារ​ភពយើង​ពីឱកាស នៃការទទួលរងការ​គំរាមកំហែង​ដោយ​អាចម៍ផ្កាយទាំងនោះប៉ុណ្ណោះទេ តែវាក៏អាចធ្វើឲ្យ​យើងអាចសិក្សាបន្ថែមអំ​ពីកំណកំណើត នៃប្រព័ន្ធ​ព្រះអាទិត្យ និងអាចបូករួមទាំងជីវិតផងដែរ៕

ចុចលីងនេះ​ដើម្បីទស្សនា​វីដេអូ៖ https://www.space.com/40384-nasa-neowise-asteroid-comet-video.html

ចែករំលែក