មហាយក្ស​ឥណ្ឌា «យកផ្កាយរណប​ទម្ងន់ធ្ងន់ ៥.៧តោន ពីបារាំង​មកវិញ» ក្រោយដឹងថា វាមានបញ្ហា​ធំមួយ…

0

 

(ញូដេលី)៖ ប្រទេសឥណ្ឌា​ត្រូវបាន​គេរាយការណ៍ បានធ្វើការកោះហៅ​ផ្កាយរណប​ធ្ងន់បំផុតរបស់​ខ្លួន គឺរហូតដល់ទៅ ៥,៧០០គីឡូក្រាម នោះត្រឡប់មកប្រទេសនេះវិញ ក្រោយពីខ្លួនបានរកឃើញ​ថា វាមានបញ្ហា​ធំមួយ​ផ្នែកបច្ចេកទេស។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។

ទីភ្នាក់ងារ​អវកាស​រដ្ឋឥណ្ឌា ISRO បានឲ្យដឹងថា ខ្លួនបានជួលផ្កាយ​រណបបារាំង French Ariane-5 ដើម្បីធ្វើការបាញ់​បង្ហោះ​ផ្កាយរណប​តាមដានភូមិសាស្ត្រ និងផ្តល់សេវាទូរគមនាគមន៍ GSAT-11 នៅលើ​ទឹកដី​​បារាំង-ហ្គាណា (French Guiana) ជាដែនដី​បារាំងគ្រប់គ្រងនៅ​ភាគឦសាន នៃទ្វីបអាមេរិក​ខាងត្បូង ជាប់​មហាសមុទ្រ​អាត្លង់ទិច ដែលគ្រោង​ធ្វើការបាញ់​បង្ហោះ​នៅថ្ងៃទី២៦ ខែឧសភា ខាងមុខនេះទៅហើយ​នោះ។

សេចក្តីរាយការណ៍​ព័ត៌មានបាន​បន្តទៀតថា មូលហេតុនៃការស្នើ​បញ្ជូនផ្កាយរណបឥណ្ឌា ជាទីកន្លែងដែល​វាត្រូវបានផលិត​វិញនេះ គឺដោយសារ​តែ GSAT-11 ទម្ងន់ ៥.៧តោន នេះត្រូវបានក្រុមវិស្វករ​រកឃើញថា មានបញ្ហា​ផ្នែកបច្ចេកទេស នៃប្រព័ន្ធធ្វើ​ទំនាក់ទំនង​របស់វាតែម្តង។ មន្ត្រីរបស់ ISRO មិនទាន់មាន​ការបញ្ជាក់អ្វីបន្ថែម​ ជុំវិញការចេញ​ផ្សាយនេះ ឬក៏ពេលវេលា​​ដែលវាត្រូវឲ្យធ្វើការ​បញ្ជូន ទៅបាញ់បង្ហោះ​ឡើងវិញនោះ​ឡើយ។

គួរបញ្ជាក់ថា ប្រសិនបើផ្កាយរណប​ធំបំផុតរបស់​ឥណ្ឌា GSAT-11 ត្រូវបានបាញ់បង្ហាះ​ដោយ​ជោគ​ជ័យ​នោះ វានឹងក្លាយជាការ​ជម្រុញវិស័យទូរគមនាគមន៍​យ៉ាងធំធេង សម្រាប់​មហាយក្សលេខ ២ ប្រចាំនៅតំបន់​អាស៊ីមួយនេះ ហើយក៏នឹងក្លាយជាផ្កាយរណប ដែលបម្រើសេវា Web ពីផ្កាយរណប​ដំបូង​បំផុត​​ផងដែរ។

ការពិនិត្យ​ឡើងវិញនេះ គឺដើម្បីភាពប្រាកដច្បាស់នៅក្នុងការបាញ់បង្ហោះ​ប្រកបដោយ​ជោគជ័យ និងប្រសិទ្ធភាព ព្រោះបើសិនជាវាខូចនៅទីអវកាស គេប្រាកដជា​ពិបាករកវិធីស្រោចស្រង់​ណាស់៕

ចែករំលែក