Haha! អ្នក​វិទ្យាសាស្ត្រអះអាងថា «បរិយាកាស​ភព​អ៊ុយរ៉ាណុស មានក្លិន​ដូចពង​មាន់ស្អុយ…»

0

 

(អាមេរិក)៖ បរិយាកាស​ស្រទាប់ខាងលើ​របស់ភព​អ៊ុយរ៉ាណុស (Uranus) រួមផ្សំឡើង​ភាគច្រើន​ គឺពីឧស្ម័ន​ពុល​គ្មានពណ៌ ដែលមានក្លិន​ដូច​ទៅ​​នឹងពង​មាន់ស្អុយ។ នេះបើតាម​ការសិក្សាថ្មីមួយ ​នៅក្នុងលេខ​ចុះផ្សាយថ្មីចុងក្រោយ​បំផុតនៃ ព្រឹត្តិប័ត្រ​ស្រាវជ្រាវ​ផ្នែកតារាសាស្រ្ត Nature Astronomy ដក​ស្រង់​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨។

នាពេលកន្លង​មកនេះ ទោះបីជាមាន​ការចំណាយពេល​រាប់ទសវត្សរ៍ ដើម្បីធ្វើការ​តាមដានយ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត ព្រមទាំងការ​ធ្វើ​ទស្សនកិច្ច​មួយលើកដោយ​យានអវកាស Voyager 2 សមាសធាតុផ្សំ​នៃដុំពពក​ ក៏ដូចជាបរិយាកាស​របស់ភព Uranus នៅតែបន្ត​ជាអាថ៌​កំបាំងដ៏សំខាន់​មួយនៃភពនេះ។

ប៉ុន្តែនាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្ត​អន្តរជាតិមួយក្រុម បានរកឃើញមាន​វត្តមាននៃឧស្ម័ន Hydrogen Sulfide នៅលើបណ្តុំ​ពពករបស់ Uranus ទើបធ្វើឲ្យគេអាចសន្និដ្ឋាន​អំពី​បុគ្គលិក​លក្ខណៈបន្ថែម នៃភពទី ៧ របស់ប្រព័ន្ធព្រះអាទិត្យយើងមួយនេះ ដែលអាចនិយាយបានថា មិនសូវជាខុសនឹង​ភពណិបទូន ដែលភពចុងគេ​ប៉ុន្មាន​នោះឡើយ។

ប្រធានអ្នកនិពន្ធនៃការសិក្សាខាងលើ​ គឺលោក Patrick Irwin មកពីសាកល​ទ្យាល័យ Oxford បានឲ្យដឹងថា «​ប្រសិនបើមនុស្ស​ដ៏អភ័ព្វម្នាក់ ​​ត្រូវ​គេបញ្ជូនឲ្យឆ្លងកាត់ដុំពពក​របស់ភព Uranus គេនឹងជួបប្រទះ​ក្លិនដ៏អាក្រក់ខ្លាំងមែនទែន​នៅទីនោះ។ ការប្រទះឃើញ​វត្តមានឧស្ម័ន Hydrogen Sulfide ក្នុងកម្រិត​ខ្ពស់បែបនេះ នៅពីលើផ្ទាំងពពក​របស់ Uranus គឺជាភាពខុសគ្នា​ដ៏គួរឲ្យកត់​សម្គាល់មួយ ពីឧស្ម័ន​ដែលគេ​បាន​ប្រទះឃើញ​នៅតាមបណ្តាភព​ឧស្ម័នយក្ស​ដទៃទៀត ដែលនៅកៀក​ព្រះអាទិត្យជាង រួមមានដូចជា ភពព្រហស្បតិ៍ (Jupiter) និងភពសៅរ៍ (Saturn) ជាដើម ដោយវា​គឺជាឧស្ម័ន Ammonia (អាម៉ូញាក់)»។

គួរជម្រាបថា ក្លិនអាក្រក់គួរឲ្យចង់ក្អួត ទំនងមិនមែនជាបញ្ហា​ប្រឈមកំពូល សម្រាប់អ្នក​ដែលអាចធ្វើដំណើរ​ទៅកាន់ភព Uranus ឡើយ ពីព្រោះថា​បើតាមលោក Irwin ការថប់ឈ្លក់ថប់​ដង្ហើម និងស្ថិតក្នុងស្ថានភាព​បរិយាកាសដែល​មានសីតុណ្ហភាព​ក្រោម ២០០អង្សាសេ​ ផ្សំឡើងភាគ​ច្រើនពីអ៊ីដ្រូសែន អេល្យូម និងមេតាននោះ នឹងធ្វើឲ្យយើង​ទៅជួបយមរាជ មុនក្លិនពងមាន់ស្អុយនោះទៅទៀត៕

ចែករំលែក