មកដល់ថ្មី​ទៀត​ហើយ! យាន​អវកាស Juno ថតរូប​ព្យុះភពព្រហស្បតិ៍ ០៣សន្លឹក ដ៏ល្អ​ឥតខ្ចោះ… (រូបភាព​ខាង​ក្នុង)

0

 

(អាមេរិក)៖ ទីភ្នាក់ងារអវកាស​អាមេរិក NASA ​បានបញ្ចេញ​រូបភាពថ្មីមួយ​ទៀតហើយ នៃព្យុះយក្ស​ពណ៌ក្រហម ដែលគេហៅថា Great Red Spot នៅលើភព​ព្រហស្បតិ៍ (Jupiter) ដោយការថតរូបភាព​ដ៏អស្ចារ្យនេះ​ គឺជាស្នាដៃរបស់យាន​អវកាស Juno ដែល​កំពុង​​គោចរ​នៅ​ទីនោះ។ នេះបើ​តាម​ការដកស្រង់​ការផ្សាយចេញពី ​វែបសាយ Space.com នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។

រូបភាពថ្មីខាងលើ​មួយសន្លឹកនេះ គឺជាការួមផ្សំបញ្ចូលគ្នា​នៃរូបភាពចំនួន​បីសន្លឹក ដែលយានអវកាស Juno បានថតយកដោយ​ប្រើប្រាស់​​កាមេរ៉ា JunoCam ដ៏ទំនើប​របស់វា កាលពីថ្ងៃទី០១ ខែមេសានេះ ក្នុងអំឡុងនៃ​ការហោះឆ្វែល Flyby ចុងក្រោយបំផុត​​របស់ខ្លួន ទៅកៀក​នឹងភពដ៏ធំជាងគេបង្អស់​ក្នុងប្រព័ន្ធព្រះអាទិត្យ​យើងនេះ។

ក្រោយមកក្រុម​អ្នកវិទ្យាសាស្រ្ត​សាមញ្ញៗពីររូបឈ្មោះ លោក Gerald Eichstadt និង Sean Doran បានធ្វើការកែខៃ​​រូបភាពទាំងនេះ ឲ្យទៅជា​ផលិត​​ផល​​រូបភាពមួយសន្លឹក​ចុងក្រោយ ដែលមានការ​រំលេចពណ៌​បន្ថែម ហើយ NASA ក៏បានបញ្ចេញ​រូបភាព​នេះជាសាធារណៈតែម្តង។ នេះ​គឺ​ជា​តំណ​​ភ្ជាប់​​សម្រាប់​​​អ្នក​ដែល​មាន​​ចំណាប់​​អារម្មណ៍ អាចចុចចូល​ទៅមើល​រូបភាព​ទាំងដើម និងរូបភាពក្រោយ​ការកែច្នៃ ទាក់ទិននឹង​ភពព្រហស្បតិ៍ ដែល​ថត​យក​​បាន​​ដោយ​កាមេរ៉ា JunoCam របស់​យានអវកាស Juno https://www.missionjuno.swri.edu/junocam/processing។

ចំណុច Great Red Spot មានមុខកាត់​​ប្រហែល ១៦,៣៣០គីឡូម៉ែត្រ ពោលគឺធំ​ជាងផែនដី​យើង ១.៣ដង ប៉ុន្តែព្យុះ​បិសាចនេះ ធ្លាប់មានទំហំ​ធំ​ជាងនេះច្រើន​ដង​ឯណោះ មុនពេលវារួចមាឌ​តូចជាងមុន។ តួយ៉ាង​ការធ្វើកំណត់ត្រា​បានឲ្យដឹងថា វាធ្លាប់មានមុខ​កាត់​ប្រវែង ​៥៦,៣០០​​គីឡូ​ម៉ែត្រ​កាលពីជាង ២០០ឆ្នាំមុន។ អ្នក​វិទ្យាសាស្រ្តខ្លះ​បានលើកឡើងថា ប្រសិនបើការ​រួមមាឌនេះ​នៅតែបន្ត ព្យុះ Great Red Spot អាចនឹង​​រលាយ​បាត់តែម្តង នៅក្នុងរយៈពេល​ប៉ុន្មានទសវត្សរ៍​ខាងមុខ។

គួរជម្រាបថា បេសកកម្ម Juno មានតម្លៃ ១.១ពាន់លានដុល្លារ ត្រូវបានគេ​បាញ់បង្ហោះ​ទៅកាន់ទីអវកាស​ កាលពីខែសីហា ឆ្នាំ២០១១ ហើយ​បានធ្វើដំណើរ​ទៅដល់​ភពព្រហស្បតិ៍ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦។ យាន​អវកាស Juno បាននិងកំពុងធ្វើគោចរ​​ក្នុងទម្រង់ជារាង​​ពង​ក្រពើ ​ជុំវិញភព​ឧស្ម័នយក្ស​នេះ ជារៀងរាល់ ៥៣.៥ថ្ងៃម្តង (ថ្ងៃនៅ​ផែនដី)។

នៅក្នុងអំឡុង​នៃការហោះ Flyby ដូចកាលពី​ថ្ងៃទី០១ ខែសីហានេះ យានអវកាស Juno ធ្វើការតាមដាន​ទៅលើដែនទំនាញ​ និងម៉ាញេទិច​​​ ព្រមទាំងសិក្សា​ទៅលើស​មាសធាតុផ្សំ សីតុណ្ហភាព និងចលនា​នៃបរិយាកាសដ៏ក្រាស់​ឃ្មឹក​របស់ភពយក្សនេះ។ ទិន្នន័យទាំងឡាយដែល​បានមកពី Juno កំពុងជួយអ្នកវិទ្យាសាស្រ្ត​បង្កើនការយល់ដឹង​ អំពីទម្រង់ផ្នែក​ខាងក្នុង​របស់ Jupiter រួមទាំងប្រវត្តិ​នៃការវិត្តន៍របស់វា គឺថាតើ​​​Jupiter បានចាប់ចេញ​ជារូបរាងឡើង ហើយបានប្រែប្រួល​យ៉ាងដូចម្តេចខ្លះ​នាពេលរាប់ពាន់លានឆ្នាំកន្លង​មកនេះ៕

ចែករំលែក