កំហុសឆ្គងធំមួយ​ក្នុង «ភាពយន្ត Star Wars» ​ត្រូវបាន​​អ្នកវិទ្យាសាស្ត្រ​ ធ្វើការ​បកស្រាយ​ហើយ…

0

(អាមេរិក)៖ ភពដែលមាន​ព្រះអាទិត្យភ្លោះ ដូចជាភព​កំណើត​ប្រឌិត​ Tatooine របស់តួអង្គ Luke Skywalker នៅក្នុងខ្សែភាពយន្ត​អវកាស​​បែប​ស្រមើ​ស្រមៃ Star Wars ប្រហែលជា​កម្រខ្លាំង​ណាស់ ពីព្រោះថា​​កម្លាំងទំនាញនៃផ្កាយ​ដែលផ្គូផ្គង​នៅជិតគ្នា នឹងរុញច្រានភព​នានាចេញ​​ពី​ពួកវា ដូច្នេះវត្តមាន​នៃភព​ពិតជាពិបាក​កើត​ឡើង​ណាស់ ក្នុងស្ថានភាព​បែបនេះ។ នេះបើតាម​ការសិក្សាថ្មីមួយ ដកស្រង់​ដោយ​វែបសាយ Space.com នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។

ទោះបីជា​ផែនដីយើងធ្វើគោចរ​ជុំវិញតារា​តែមួយដួងក៏ដោយ ផ្កាយដូច​ទៅនឹងព្រះអាទិត្យ​របស់យើងផ្សេងទៀត ភាគច្រើនគឺជា​ប្រព័ន្ធរួមបញ្ចូលគ្នា ដែល​មានផ្កាយ​ចំនួនពីរ​ធ្វើគោចរជុំវិញគ្នា​ទៅវិញទៅមក​ក្នុង​លក្ខណៈ​​ជា​គូ។ តាមពិតទៅ ប្រព័ន្ធផ្កាយបី​ក៏មានផងដែរ ហើយច្រើន​ថែមទៀតផង ខណៈពេលខ្លះ​​ទៀត​ក្នុង​​ប្រព័ន្ធ​មួយមានផ្កាយ​ដល់ទៅ ០៧ដួងឯណោះ។

ភពទាំងឡាយដែល​ធ្វើគោចរជុំវិញផ្កាយពីរដួង ត្រូវគេដាក់​ឈ្មោះឲ្យថា Circumbinary Planet។ ភពអេលៀន​ពិតប្រាកដដំបូងគេ​​ជាមួយ​ផ្កាយ​​ពីរដួង ដែលត្រូវបាន​រកឃើញដោយ​​តារាវិទូនោះ គឺ Kepler-16b។ វាគឺជាភព​ឧស្ម័នយក្យ​មួយ ដែលកែវយឺត​​អវកាស Kepler បាន​រក​ឃើញ​​​​នៅ​​ធ្វើគោចរផ្កាយជុំវិញ​ប្រព័ន្ធផ្កាយភ្លោះ Kepler-16 ចម្ងាយ​ប្រហែល ២០០ឆ្នាំពន្លឺពីផែនដី។

ក្រោយការពិសោធន៍​តាមប្រព័ន្ធកុំព្យូទ័រ អ្នកវិទ្យាសាស្រ្ត​បានរកឃើញថា​ ការធ្វើអន្តរកម្ម​នៃកម្លាំងទំនាញ ដែលផ្កាយនីមួយៗ​នៅក្នុងប្រព័ន្ធ​​​តារាពីរ ជះលើគ្នាទៅវិញ​ទៅមកនោះ នឹងធ្វើឲ្យចម្ងាយ​នៃការធ្វើគោចរ​របស់ពួកវា​កើនឡើង។ បន្ថែមពីនេះ ដែនម៉ាញេទិច​របស់​ផ្កាយ​ទាំង​​ពីរ​ នឹងទាញឲ្យ​ពួកវាខិតទៅកៀក​នឹងគ្នាវិញ។ ​ហេតុនេះហើយ ការប្រែប្រួល​នៃគន្លងគោចរ​របស់​ប្រព័ន្ធផ្កាយ ​នឹង​បង្កអស្ថិរភាព​ដល់​គន្លង​គោចរ​​របស់ភព ដែលនៅ​ជុំវិញពួកវា។

យើងខ្ញុំសូមលើកឧទាហរណ៍មួយ នោះគឺប្រព័ន្ធផ្កាយភ្លោះ Alpha Centauri ដែលស្ថិតនៅ​ជិតផែនដីយើងបំផុត (៤.៤ឆ្នាំពន្លឺ) ដែលមកទល់នឹងពេលនេះ​ សូម្បីតែភពមួយក៏មិនទាន់​ត្រូវបានរកឃើញថា គោចរជុំវិញផ្កាយទាំងនោះផង។ ហេតុដូច្នេះការដែលសាច់រឿង Star War បង្ហាញឲ្យឃើញពីភពមួយ ដែលគោចរ​ជុំវិញផ្កាយពីរ​ដួងនោះ ពិតជារឿង​​មួយដែល​មិនអាចទៅរួច ច្រើនជាង​អាចទៅរួច៕

ចែករំលែក