ក្រុមអ្នក​វិទ្យាសាស្ត្រ «អះអាងពី​ការរួម​បញ្ចូលគ្នា នៃកាឡាក់​ស៊ី​ចំនួន ១៤ ក្លាយជា​កាឡាក់ស៊ី​មហាយក្ស»

0

 

(ឡូសអាន់ជែឡេស)៖ តាមរយៈការប្រើប្រាស់កម្មវីធីវិភាគ និងសិក្សាដ៏លម្អិត​បំផុត​ពីឧបករណ៍​​​ហៅ​កាត់ថា ALMA ក្រុមអ្នកវិទ្យាសាស្ត្រ និងតារាវិទូអន្តរជាតិ​មួយក្រុម បានធ្វើរបកគំហើញ​ធំមួយ​នោះ គឺការរួមបញ្ចូលគ្នា​នៃកាឡាក់ស៊ី​រហូតដល់​ទៅ ១៤ ក្លាយទៅជាបណ្តុំកាឡាក់​ស៊ី​តែមួយ​ កាលពីការបង្កើតចក្រវាឡដំបូងៗ។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។

យោងតាម​ការសិក្សាថ្មី ដែលត្រូវបានចេញផ្សាយ​នៅថ្ងៃពុធ​សប្តាហ៍នេះ នៅក្នុងព្រឹត្តបទ​ធម្មជាតិ ការរួមបញ្ចូលគ្នា​ក្លាយជាកាឡាក់ស៊ីដ៏ធំធេង​កាលពីអតីតកាល ធ្វើឲ្យវា​ក្លាយ​ជាបណ្តុំ​ផ្កាយដ៏​ធំមហិមា នៅក្នុងចក្រវាឡទាំងមូល​ដែលត្រូវបានប្រមូលម្តុំ​ដោយដែនទំនាញងងឹត ឬថាមពលងងឹត (Dark Matter) ហើយអណ្តែតនៅក្នុងសមុទ្រភ្លើង​នៃឧស្ម័ន-អ៊ីយ៉ុង។

ការបុកបញ្ចូលគ្នា​នៃកាឡាក់ស៊ី​ទាំង ១៤ បានបង្កើតចេញ​ជាកាឡាក់ស៊ី​មហាយក្ស ដែលមានឈ្មោះ​សម្គាល់ថា SPT2349-56 ដែលស្ថិត​នៅចម្ងាយ ១២.៤ពាន់​លាន​ឆ្នាំពន្លឺ​ពីប្រព័ន្ធព្រះអាទិត្យ​របស់យើងនេះ ដែលវាមាន​ន័យថា ពន្លឺរបស់វាចាប់ផ្តើម​ធ្វើដំណើរ​មកដល់យើង​នៅពេលវាទើបតែ​មានអាយុ ១.៤ពាន់លាន​ឆ្នាំ​មកម្ល៉េះ ឬក៏អាច​ថា ស្មើនឹង ១ ភាគ ១០ នៃជីវិត​របស់វាតែម្តង។

ជុំវិញបញ្ហានេះ អ្នកនិពន្ធ​ឯកសារខាង​លើ គឺលោក Tim Miller បណ្ឌិត​នៃសាកលវិទ្យាល័យ Yale ដ៏ល្បីល្បាញ​របស់អាមេរិក បានលើក​ឡើងថា «សម្រាប់របៀប​ដែលកាឡាក់ស៊ី​ខាងលើនេះ​កាន់តែរីកធំធាត់​លឿនបែបនេះ​នោះ គឺស្ថិតនៅក្នុង​អាថ៌កំបាំង​នៅឡើយ ហើយក្រុមអ្នក​តារាវិទូបាន​រំពឹងថា វាមិនមែនជាការកើតឡើងតាមលំដាប់លំដោយ ដូចកាឡាក់ស៊ីផ្សេងៗទៀត​នោះ​ឡើយ»។ ទោះបីជាបែបនេះ​ការសិក្សា​នៅតែបន្ត ដើម្បីឲ្យក្រុមអ្នក​សិក្សាបាន​ដឹងថា តើក្រុម​កាឡាក់ស៊ី ឬកញ្ចុំផ្កាយ​ទាំងនោះ អាចរួមបញ្ចូល​គ្នាដូចម្តេច នៅក្នុងបរិស្ថាន​​អវកាសដ៏លំបាក​​លំបិនបែបនេះ។

គួរបញ្ជាក់ថា បណ្តុំកាឡាក់ស៊ី​យក្សដែលមានចម្ងាយ​​ឆ្ងាយបែបនេះ និងការវិភាគ​ទិន្នន័យ​ច្បាស់លាស់​បន្ថែមពីក្រុម​តារាវិទូ នឹងធ្វើឲ្យមានការ​សិក្សាអំពីជំហាន​ដំបូងៗមួយចំនួន នៃការប្រមូលផ្តុំ​កាឡាក់ស៊ីទាំង ១៤ ក្លាយជាកាឡាក់ស៊ី​ធំមួយ កាលពីរយៈពេល​ជិត ១.៥ពាន់លានឆ្នាំ បន្ទាប់​បន្ទុះ Big Bang។ សម្រាប់ ALMA វិញគឺជា Radio តេឡេស្កូប ដែលស្ថិតនៅ​វាលខ្សាច់ Atacama នៃប្រទេស​ឈីលី៕

ចែករំលែក