តើជីវិត​ឆ្លាតវៃ​ពិតជាធ្លាប់កើតមាន​លើផែនដី មុន​មនុស្សលោកឬ? សូម​តាមដានការបក​ស្រាយ…

0

(អាមេរិក)៖ នៅក្នុងខ្សែភាពយន្ត​អវកាស​ បែបប្រឌិតមួយចំនួន​បានបង្ហាញថា ជីវិតឆ្លាតវៃ​ធ្លាប់បានវិវត្តន៍​ខ្លួននៅលើ​ផែនដី មុនមនុស្ស​លោក​យើង ប៉ុន្តែនៅក្នុងធាតុ​ពិតជាក់ស្តែង តើយើងនឹងអាច​ដឹងបានយ៉ាង​ដូចម្តេចទៅថា តើអរិយធម៌​ជឿនលឿន​ធ្លាប់​មានវត្តមាន ហើយផុត​រលត់​​ទៅវិញកាលពីរាប់​លានឆ្នាំមុន លើភពផែនដី​មុនមនុស្សលោក​លេចឡើង ឬយ៉ាងនោះ? នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីវែប​សាយ Space.com នៅថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨។

ការងឿងឆ្ងល់​ខាងលើនេះ គឺជា​សំណួរដ៏សំខាន់មួយ ហើយ​អ្នកវិទ្យាសាស្រ្ត​មួយចំនួន កំពុងធ្វើការប៉ាន់ស្មា​ន​អំពីស្លាកស្នាម​អ្វី ដែល​ជីវិត​ឆ្លាត​វ័យ​ទាំងនេះ ប្រហែលជាអាច​បន្សល់ទុក ហើយពួកគេហៅ​លទ្ធភាពនេះ​ថា គឺជា​សមតិកម្ម​ Silurian។ ទាក់ទិននឹងការ​តាមប្រមាញ់រុករក​​ «អ​រិយ​ធម៌​​​នៃជីវិតឆ្លាតវៃ​ និងជឿនលឿន» ដែលប្រហែល​អាចមាននៅ​ទូទាំងចក្រវាឡ​ទាំងមូល យើងត្រូវគិតថា​ចក្រវាឡគឺ​មានអាយុកាល​​ ១៣.៨​ពាន់​លាន​​ឆ្នាំ​ហើយ។

ផ្ទុយមកវិញ​​យើងដឹងថា ជីវិតឆ្លាតវៃមានវត្តមាន​នៅលើផែនដី​បានតែប្រមាណ ៤០០លានឆ្នាំ​ប៉ុណ្ណោះ ហើយ​មនុស្ស​លោកយើង ទើប​តែ​​បាន​​​អភិ​វឌ្ឍន៍​អរិយធម៌ឧស្សាហកម្ម​កាលពី ៣០០ឆ្នាំ​មុនថែមទៀត។ ប្រការនេះ បានលើកឡើងនូវលទ្ធភាព​ដែលថា អរិយធម៌ឧស្សាហកម្ម​​ជឿន​លឿន ​​​អាច​​កើត​មាន​តាំង​ពីមុនមនុស្សលោក​យើងបង្ហាញខ្លួន​ទៅទៀត គឺមិនមែននៅ​ជុំវិញផ្កាយ​ដទៃទេ ប៉ុន្តែ​សូម្បី​តែ​នៅ​លើ​ផែន​ដី​​យើង​​ផ្ទាល់​។

គួរជម្រាបថា បើតាម​លោក Adam Frank ដែលជាតារាវិទូ​ផ្នែករូបវិទ្យា​នៃ​សាកលវិទ្យាល័យ​ Rochester របស់​ទីក្រុងញូយ៉ក លោកមិនជឿថា ​​អរិយធម៌ឧស្សាហកម្ម​ជឿនលឿន ធ្លាប់កើតមាន​នៅលើផែនដីមុន​មនុស្សលោក​យើងឡើយ ប៉ុន្តែសំណួរ​ថា តើវានឹង​មានលក្ខណៈ​យ៉ាង​ដូច​ម្តេច ប្រសិនបើ​រឿងនេះជាការពិត​វិញនោះ គឺជាកត្តា​ដ៏សំខាន់មួយ។ តើ​អ្នកដឹងបានយ៉ាង​ដូចម្តេចថា អរិយធម៌ជឿនលឿន​នៃជីវិតឆ្លាត​វៃ​ពុំ​​ធ្លាប់​កើតមានទេនោះ? គោលដៅចម្បង​នៃវិទ្យាសាស្រ្ត គឺចោទ​ជាសំណួរ និងរង់ចាំមើលថា តើវានឹង​ចេញជាអ្វី។ នេះហើយគឺជាអ្វី​ដែលធ្វើ​​ឲ្យ​វិទ្យាសាស្រ្ត​អស្ចារ្យបែបនេះ។

ចំណុចសំខាន់៖ អ្វីដែលមួយដែលត្រូវគិតអំពីរឿងនេះ គឺដាយណូស័របានផុតរលត់ទៅ​ចំនួន ៦៥លានឆ្នាំមកហើយ ប៉ុន្តែមនុស្សយើងអាចដឹងថាមានវា ក៏ព្រោះតែតឹកតាងនៃគ្រោងឆ្អឹង​របស់ពួកវា ដែលកប់នៅក្នុងដី និងផ្ទាំងថ្ម។ ដូច្នេះបើសិនជាពិតជាធ្លាប់មានជីវិតឆ្លាតវៃ មានវត្តមានលើភពផែនដីមែន តើពួកគេធ្លាប់កើត​មាននៅពេលណា ហើយម្តេចក៏មិនមាន​ភស្តុតាងអ្វី​សោះ ដូចជា​គ្រោងឆ្អឹង ឬសំណល់​បច្ចេកវិទ្យាដែលខុស​ពីមនុស្សលោកយើងនេះ​ ត្រូវបានរុករកឃើញនោះ?

ចែករំលែក