សំនួរប្លែកៗបែបវិទ្យាសាស្ត្រ! នៅសុខៗ​អស់ទំនាញ​ផែនដី តើនឹងមាន​រឿងអ្វីកើត​ឡើង?

0

 

(អង់គ្លេស)៖ នេះមិនមែន​ជាសំនួរថ្មីនោះទេ ដោយអ្នកស្រឡាញ់វិស័យអវកាស និងវិទ្យាសាស្ត្របានសាកសួរសំនួរនេះ ជាយូរណាស់មកហើយ។ ជាក់ស្តែងបើតាមក្រុម​អ្នកវិទ្យាសាស្ត្រល្បីៗ ផែនដីពិតជាមិនអាចថា នៅសុខៗស្រាប់តែបាត់បង់សមត្ថភាព​បញ្ចេញកម្លាំងទំនាញរបស់ខ្លួននោះឡើយ ប៉ុន្តែសូមលើកឧទាហរណ៍ជាយថាហេតុទៅចុះ តើវានឹងមានរឿងអ្វីកើតឡើង ប្រសិនបើវាទៅជាដូច្នេះមែន?

Karen Masters ដែលជាតារាវិទូម្នាក់​មកពីសាកលវិទ្យា Portsmouth ក្នុងចក្រភព​អង់គ្លេស បានធ្វើការសិក្សាស្រាវជ្រាវ​ទៅលើផលវិបាក​​ជារូប​វ័ន្ត​ ដែលអាចកើតមាន​ឡើងភ្លាមៗ​តែម្តង នៅក្នុងករណី​ដែលពុំមានកម្លាំង​ទំនាញទេនោះ។ បញ្ហាដំបូង​គេ គឺថា​ផែនដីកំពុងវិល​​ក្នុង​ល្បឿន​​យ៉ាងលឿន ដូចទៅនឹងការ​ដែលយើងយកថ្ម​មួយដុំ ចងភ្ជាប់នឹងខ្សែ​ហើយបង្វិលវាជុំវិញ​ក្បាលរបស់យើង​អ៊ីចឹង។ នេះបើតាមការដកស្រង់ពី BBC News។

លោកស្រី Masters បានលើក​ឡើងថា «ការបាត់បង់​កម្លាំងទំនាញ​ គឺប្រៀប​ដូចជាការ​ព្រលែង​ខ្សែមួយនោះ​អ៊ីចឹង។ អ្វីដែលពុំត្រូវបាន​ភ្ជាប់​​​នឹងផែនដី តាមរបៀបណាមួយ​ទេនោះ នឹងហោះរសាត់​ទៅក្នុងទីអវកាស​ក្នុងខ្សែបន្ទាត់​​ត្រង់មួយ ដែលនឹងនាំ​យកពួកគេចាកចេញពី​ផ្ទៃរបស់​​ភព​ផែនដី»។

អ្នកទាំងឡាយណា​ដែលសំណាង​មិនល្អ ដោយស្ថិតវាល​ខាងក្រៅ នៅពេលកម្លាំង​ទំនាញ​បាត់បង់នោះ នឹងរសាត់​ទៅទីអវកាស​បាត់​ភ្លាមៗ​​ជាក់ជាពុំខាន។ ដោយឡែក​សម្រាប់មនុស្ស​ដែលស្ថិតនៅក្នុង​អគារនានាវិញ នឹងមាន​សុវត្ថិភាពជាង ដោយសារតែ​សំណង់ទាំងនោះ​ភាគ​ច្រើន​ ត្រូវបានចាក់គ្រឹះយ៉ាងរឹងមាំ​ទៅក្នុងដី ដែលអាចធ្វើ​ឲ្យពួកវានៅដោត​ជាប់​នឹងផ្ទៃនៃភព​របស់យើង ទោះបីជាពុំមាន​វត្តមានកម្លាំងទំនាញ​​ក៏ដោយ ពោលគឺយ៉ាងហោច​ណាស់ក៏​បានមួយ​រយៈពេល​ដែរ។

យ៉ាងណាមិញ សម្រាប់អ្វីៗដទៃផ្សេងទៀត ដែលមិនត្រូវបានចាក់គ្រឹះជាប់ក្នុងផ្ទៃដីទេនោះ ក៏នឹងហោះឡើង​ទៅលើបាត់ផងដែរ។ បរិយាកាសក៏ដូច​​ជា​មហាសមុទ្រ​ ​ទន្លេរ បឹងបួរ របស់ផែនដី នឹងជារបស់ទីមួយ ដែលត្រូវរសាត់​ទៅក្នុងទីអវកាស​ល្ហល្ហេវ។ ភ្លេចរឿង​មួយទៀត គឺថាយើង​ទាំង​អស់គ្នា ក៏នឹងត្រូវស្លាប់​​ផងដែរ​មិនយូរមិន​ឆាប់ផង​ដែរ ព្រោះអស់ទឹក អស់ខ្យល់​ដកដង្ហើម និងត្រូវអណ្តែត​ក្នុងទីអវកាស​ដែលក្តៅទៀត តើមានជីវិត​ណាអាចរស់​បានទៅ?

ឈប់ត្រឹមនេះ! សូមកុំ​បារម្មធ្វើអ្វី រឿងនេះវាគ្មាន​មូលហេតុណាមួយ​ដែលអាចកើត​មានឡើង​នោះ​ឡើយ ព្រោះស្នូលផែនដី​ដែលកំពុង​ក្តៅគគុក នឹងបន្តធ្វើជា​ម៉ាស៊ីនផលិត​ដែនទំនាញ និងម៉ាញេទិចផែនដី ដើម្បីបន្តដំណើរ​ការវិលជុំវិញខ្លួនឯង ព្រមទាំងគោចរ​ជុំវិញព្រះអាទិត្យ ដែលអាចឲ្យ​ជីវិតរស់នៅ​យ៉ាងសុខសាន្តបានរាប់លានឆ្នាំទៀត ប៉ុន្តែលុះត្រាណាតែ​មនុស្ស​អាចរកវិធី​​ការពារបរិស្ថាន​ខាងក្រៅ បានប្រសើរ និងមាន​និរន្តរភាពនោះដែរ៕

ចែករំលែក