តេឡេស្កូបយក្សចិន FAST «វិវឌ្ឍន៍សមត្ថភាពបន្ថែម កាន់តែខ្លាំងជាងមុន» ដើម្បីចាប់​រលក​សញ្ញាពី​ផ្កាយ​ឆ្ងាយៗ…

0

 

(ប៉េកាំង)៖ ខណៈដែលខ្លួន​កំពុងផ្តោតការយកចិត្តទុក​ដាក់ជាខ្លាំង ទៅលើវិស័យ​អវកាស និងបច្ចេកវិទ្យា មហាយក្សចិន​បានសម្រេច​​បន្ត​អភិវឌ្ឍន៍​ចានផ្កាយរណប​ដ៏ធំជាងគេ​បង្អស់​លើ​ពិភពលោក ឲ្យកាន់តែមាន​អានុភាព និងទំនើបថែមទៀត។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨។

ក្រុមអ្នក​វិទ្យាសាស្រ្តចិន កំពុងធ្វើការដំឡើងប្រព័ន្ធ​ទទួលរលកសញ្ញា​មួយគ្រឿង រួមជាមួយ​និង​ប្រព័ន្ធ​អង់តែនថ្មី ឲ្យ​ចានផ្កាយ​រណប​យក្សធំ​បំផុត​របស់ពិភពលោក មានឈ្មោះកាត់​ហៅថា FAST ដើម្បីជួយឲ្យវា​ធ្វើប្រតិបត្តិការ​ ប្រកបដោយភាពត្រឹមត្រូវ និង​ជាក់លាក់​ជាងមុន។ ចាប់តាំង​តែពី​វាបានកើត​ចាប់ផ្តើមដំណើរ​ កាលពី​ខែកញ្ញា ឆ្នាំ២០១៦មក ប្រព័ន្ធ​តេឡេស្កូបនេះ បានរកឃើញ​បេក្ខភាព​ដែលអាច​ជាផ្កាយ Pulsar ចំនួន​ ៥៥ដួងហើយ ដោយក្នុងនោះ​មាន ២០ដួង ត្រូវបានគេ​ទទួលស្គាល់ថា គឺជា​ផ្កាយ Pulsar ពិត​ប្រាកដ។

ការតាមដានក៏ដូច​ជា​ឃ្លាំមើលតារា Pulsar គឺជាមានសារៈ​សំខាន់​ជាខ្លាំង ដោយសារតែវា​អាច​ប្រើប្រាស់ ដើម្បីបញ្ជាក់ពី​វត្តមាន​​របស់​រលក​​​ទំនាញ (Gravitaional Wave )ព្រមទាំង​ប្រហោងខ្មៅ និងជួយផ្តល់ចម្លើយ​​សម្រាប់សំណួរធំៗ​​ដទៃទៀត នៅក្នុងផ្នែក​រូបវិទ្យា។​ Pulsar គឺជា​ប្រភេទ​​ផ្កាយ​នឺត្រុង ឬ White Dwarf ដែលវិលក្នុងល្បឿន​​យ៉ាងលឿនខ្ញាល់ ហើយបញ្ចេញ​​រលក​វិទ្យុសកម្មអេឡិច​ត្រូម៉ា​ញេទិច​ពីខ្លួនវា។

គួរជម្រាបថា FAST ដែលមានឈ្មោះ​​ពេញថា Five-hundred-meter Aperture Spherical Radio Telescope មានទំហំ​ធំបែបនេះ ក៏ព្រោះតែវាផ្ទុកទៅដោយ​សមត្ថភាពដែលអាចទទួល​​យក​រលក​សញ្ញាពីចម្ងាយឆ្ងាយៗមែនទែន ហើយទំហំរបស់វា គឺស្មើនឹងតារា​ងបាល់ ៣០រួមបញ្ចូលគ្នា។ មុខងារ​​ចម្បងរបស់វា រួមមានទាំងការ​​​ឃ្លាំមើលផ្កាយ Pulsar ក៏ដូចជា​ការស្រាវជ្រាវរក​​រលកសញ្ញា​​ នៃទំនាក់ទំនង​ឆ្លងប្រព័ន្ធផ្កាយ​ជាដើម៕​

ចែករំលែក