ភាគ​ល្អិត Photon ត្រូវការ​ពេល ៥១២ឆ្នាំ ទើបមក​ដល់​ផែនដី! វានឹង​បកស្រាយ​សំនួរធំមួយ​នៃផ្នែក​រូបវិទ្យា…

0

 

(អាមេរិក)៖ វាត្រូវការ​រយៈពេលចំនួន ៥១២ឆ្នាំ ដើម្បីអាចឲ្យ​ភាគល្អិតពោរពេញ​ដោយថាមពល ដែលគេ​ហៅថា ហ្វូតុង (Photon) ធ្វើដំណើរ​ពី​​ផ្កាយណឺត្រុង​នៅជិតបំផុត​មកកាន់ផែនដី ហើយមានពួកវា​មួយចំនួនតូច​ប៉ុណ្ណោះ ដែលឆ្លង​ផុតដំណើរ​​ដ៏​វែងឆ្ងាយនេះ ប៉ុន្តែ Photon មាន​ផ្ទុក​នូវ​ព័ត៌​មាន​​យ៉ាង​សំខាន់ ក្នុងការដោះស្រាយ​សំណួរដ៏ពិបាកឆ្លើយ​បំផុត​មួយ នៅក្នុងផែ្នក​រូបវិទ្យា-តារាសាស្រ្ត។ នេះបើតាម​ការ​ដក​ស្រង់​​ការ​ផ្សាយ​​ចេញ​​ពី​​វែប​សាយ Space.com នៅរសៀលថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។

ហ្វូតុង​បានខ្ទាតចេញ​ទៅក្នុងទីអវកាស ក្រោមទម្រង់ជា​ថាមពលកាំរស្មីអ៊ិច​ដ៏ក្តៅគគុក បានមកពីផ្ទៃ​នៃ​ផ្កាយណឺត្រុង (ជាអ្វីដែល​នៅ​សេស​​សល់ពីបន្ទុះ​សូភើណូវ៉ា ឬការស្លាប់​នៃផ្កាយ ហើយប្រភេទ​តារានេះ​មានទំហំ​តូច ប៉ុន្តែមាន​កម្រាស់ក្រាស់​ខ្លាំង និង​វិល​ជុំវិញ​ខ្លួន​ពួក​វា​ក្នុង​​ល្បឿ​ន​​យ៉ាង​​ល្បឿន​​​​​)។

កាំរស្មីនេះ​បានរាយប៉ាយ​ពាសពេញ​ទីអវកាស ក្នុងអំឡុងពេល​រាប់សតវត្សរ៍ ប៉ុន្តែយូរៗ​ម្តង ចំណុចតូច​មួយ​នៃ​ពន្លឺ​​កាំ​រស្មី​​អ៊ិច​ ដែលបានធ្វើ​ដំណើរអស់​ចម្ងាយ ៥១២ឆ្នាំពន្លឺ​ ក្នុងលំហ​អាកាស (ស្មើនឹង​ចម្ងាយ​រវាងផែនដី​ និងព្រះអាទិត្យ​ចំនួន ៣២លានដង) នឹង​បង្ហាញខ្លួន​នៅមុខកែវយឺតកាំរស្មីអ៊ិច​របស់​ស្ថានីយ​អវកាសអន្តរជាតិ ISS ដែលមាន​ឈ្មោះថា NICER។ ក្រោយមក​ទៀត​នៅលើផែនដី នឹងមានលោត​​ព័ត៌មានដែលបង្ហាញ​ពី​កម្រិត​ថាមពល​របស់ភាគ​ល្អិត Photon នោះព្រម​ទាំងថេរវេលា​នៃការមកដល់​របស់វា។

ព័ត៌មានសំខាន់ៗ​ដូចខាង​លើនេះ នាពេលប៉ុន្មានខែ​ខាងមុខនឹងអាច​ផ្តល់ចម្លើយដល់​សំណួរសាមញ្ញ​មួយ គឺតើ J0437-4715 ដែលជា​ផ្កាយ​ណឺត្រុង​នៅជិតផែនដី​បំផុតនោះ មានមុខកាត់​វែងប៉ុណ្ណា។ ប្រសិនបើអ្នក​វិទ្យាសាស្រ្ត អាចគណនា​រកមុខកាត់របស់ផ្កាយ​ណឺត្រុងមួយ​បាន​ ​វានឹងអាច​ចង្អុលបង្ហាញ​ផ្លូវ​ឆ្ពោះទៅ​រក​ការ​ដោះស្រាយ​អាថ៌កំបាំង​ដ៏អស្ចារ្យ​បំផុតមួយ នៃផ្នែកភាគ​ល្អិតរូបវិទ្យា​នោះគឺ តើរូបធាតុនឹងមានប្រតិកម្ម​យ៉ាង​ដូចម្តេច នៅពេលត្រូវ​គេធ្វើឲ្យស្ថិតក្នុងកម្រិត​ដ៏ហាប់ណែន​បំផុតនោះ?

តាមរយៈពេលការ​ពិសោធន៍ជាច្រើន​នាពេលកន្លង​មកនេះ ចម្ងល់​ខាងលើ​ពុំទាន់​អាចត្រូវ​បកស្រាយ​បាននោះឡើយ ដោយសារតែ​ដំណោះ​ស្រាយ​នៃអាថ៌កំបាំងរបស់​រូបធាតុដែល​សែនហាប់ណែន​បំផុត គឺនៅលាក់ទុក​ក្នុងវត្ថុដែលក្រាស់ៗ​បំផុត​​មួយចំនួនរបស់​ចក្រវាឡ គឺ​ផ្កាយ​ណឺត្រុង​នេះឯង ហើយអ្នក​វិទ្យាសាស្រ្តនឹង​អាចផ្តល់ចម្លើយៗ​បានភ្លាមៗ នៅពេលដែល​ពួកគេអាចធ្វើ​ការវាស់វែង​ត្រឹមត្រូវ​ឥតខ្ចោះ នៃមុខ​កាត់​របស់​ផ្កាយ​ណឺត្រុង។

តារាណឺត្រុង គឺជា​ស្នូលដែល​បន្សល់ទុក​ពីមហាព្រឹត្តិការណ៍​បន្ទុះស៊ូភើណូវ៉ា​របស់ពពួកផ្កាយ​មានម៉ាសធំៗ ប៉ុន្តែតារា​ប្រភេទនេះ ត្រូវបានគេ​ជឿជាក់​ថា ពុំមានទំហំធំជាង​ទីក្រុងខ្នាតមធ្យម​មួយ នៅលើផែនដី​ឡើយ។ អ្វីដែលសំខាន់​សម្រាប់អ្នកស្រាវជ្រាវ​នោះគឺថា ផ្កាយណឹត្រុង​​គឺ​ជា​​វត្ថុ​ក្រាស់ជាងគេ​បង្អស់ដែលគេដឹង​នៅក្នុងចក្រ​វាឡនេះ ហើយមិនបាន​ប្រែក្លាយទៅ​ប្រហោងខ្មៅ ប៉ុន្តែពុំដូចប្រហោងខ្មៅ​ឡើយ អ្នកវិទ្យាសាស្រ្ត​អាចធ្វើការ​ស្វែងយល់ថា តើមានអ្វីកើត​ឡើងនៅក្នុង​ពួកវា ដោយតារា​វិទូគ្រាន់តែត្រូវការ​ដឹងឲ្យជាក់​ច្បាស់ ពីប្រវែងមុខ​កាត់របស់ផ្កាយ​ណឺ​ត្រុង​ប៉ុណ្ណោះ៕

ចែករំលែក