ទីបំផុតអង្គការ NASA «ទម្លាយ​របកគំហើញ​​គួរឲ្យរំភើប​មួយ» ពី​យាន Galileo ដែលបាន​ទម្លាក់ខ្លួន​ចូល​ភព​ព្រហស្បតិ៍…

0

 

(អាមេរិក)៖ ជាទូទៅនៅពេល​ទីភ្នាក់ងារ​អវកាស NASA បញ្ចេញរបក​គំហើញ​ថ្មីៗ​គួរឲ្យរំភើប គឺដោយសារ​តែទិន្នន័យ​ ដែលទើបតែបញ្ជូន​​មក​ពីយានអវកាស​​ទំនើបៗ​​ ជាច្រើន​របស់ខ្លួន។ ប៉ុន្តែថ្មីៗនេះ​អង្គការ NASA បានងាក​ទៅក្រឡេកមើល​ទិន្នន័យមួយចំនួន របស់​យានអវកាស​​​មួយគ្រឿង ដែលបច្ចុប្បន្ន​ពុំមានវត្តមានទៀត​ឡើយ គឺយាន Galileo ដែលបានទម្លាក់ខ្លួន​កម្ទេចចោលទៅ​ក្នុងភពព្រហស្បតិ៍ (Jupiter) កាល​ពីប្រមាណមួយ​ទសវត្សរ៍កន្លងទៅ ហើយ NASA ក៏បានរុករក​ឃើញរបស់ថ្មី​មួយចំនួន ដែលខ្លួនពុំធ្លាប់​បានដឹងពីមុន​មកឡើយ។ នេះបើតាម​​ការដកស្រង់ការ​ផ្សាយចេញពី​វែបសាយ BGR.com នៅល្ងាច​ថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០១៨។

របកគំហើញថ្មីៗ​ទាំងនេះ មានជាក់ពាក់ព័ន្ធ​នឹងទិន្នន័យ ដែលបានមកពីព្រះច័ន្ទ​របស់ភព​ព្រហស្បតិ៍ គឺ Ganymede។ Ganymede គឺជាព្រះច័ន្ទ​ធំបំផុត​នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ​ទាំងមូល ហើយវាមាន​ទំហំធំមហិមា​ រហូតអាចឲ្យខ្លួនវា​បង្កើតចេញជា​ដែនម៉ាញេទិច​ផ្ទាល់ខ្លួន ដាច់ដោយ​ឡែក​ពីភពមេ​របស់វា។ ឥឡូវនេះ ដោយទទួល​បានជំនួយពីទិន្នន័យ​ដែលប្រមូល​បានកាលពី ២០ឆ្នាំមុនថែមទៀត NASA កំពុងរំលេច​រូបភាព​​លម្អិតឲ្យ​កាន់តែច្បាស់ អំពីទំនាក់ទំនងរវាង​ព្រះច័ន្ទទឹកកក​មួយនេះ ហើយនិង​ភពព្រហស្បតិ៍។

គួរជម្រាបថា បើតាមអង្គការ NASA ការរកឃើញថ្មី​ខាងលើ​បានបង្ហាញថា ដែនម៉ាញេទិច​របស់ព្រះច័ន្ទ​យក្ស Ganymede កំពុងប្រលែង​​លេងជាមួយ​ដែនម៉ាញេទិច​របស់ភពព្រហស្បតិ៍ ដោយលំហូរ​រូបធាតុ​ប្លាស្មា (Plasma) ដ៏ខ្លាំងក្លារបស់​ពួកវាទាំងពីរ បាននិងកំពុងជុញច្រាន​​គ្នាទៅវិញ​ទៅមក។

ក្រុមអ្នកវិទ្យាសាស្រ្ត​បានឲ្យដឹង​ទៀតថា ព្រះច័ន្ទ Ganymede ក៏មានពន្លឺអ៊ូរ៉ូរ៉ា (Aurora) ដ៏ភ្លឺចែងចាំង​ស្រដៀងនឹងផែនដី​ផងដែរ ប៉ុន្តែចំណុ​ច​​ខុសគ្នានោះ គឺថា ពន្លឺអ៊ូរ៉ូរ៉ា ឬ Northern Lights/Southern Lights បង្កឡើងដោយ​លំហូរភាគល្អិត​​ពីព្រះអាទិត្យ ខណៈអ្វីដែលគេ​បានឃើញ​​នៅលើព្រះច័ន្ទ Ganymede គឺបង្កឡើង​ដោយ Jupiter ដែលជាភព​មេរបស់វា​ផ្ទាល់។ អ្វីដែលពិសេសនោះ គឺ Ganymede ជាព្រះច័ន្ទតែមួយ​គត់ក្នុងប្រព័ន្ធ​ព្រះអាទិត្យ ដែលមាន​ដែនម៉ាញេទិច​ផ្ទាល់ខ្លួន៕

ចែករំលែក