រឿងរ៉ាវគួរ​​ឲ្យអស់​​សំណើច និងភ្ញាក់​ផ្អើល​គួរសម​​ទាំង ០៥ ក្នុងវិស័យ​អវកាស-វិទ្យាសាស្ត្រ!

0

 

(ភ្នំពេញ)៖ រឿងរ៉ាវនៅផ្នែកវិទ្យាសាស្ត្រ និងអវកាសពិតជាពិបាកនឹងធ្វើឲ្យក្លាយជារឿង​កំប្លែងណាស់ ប៉ុន្តែវាអាចទៅរួចណាស់ ប៉ុន្តែសម្រាប់រឿងដែលធ្វើឲ្យយើងភ្ញាក់ផ្អើល និងនឹកស្មានមិនដល់នោះ គឺមានច្រើនរាប់មិនអស់ទៅហើយ។ ប្រិយមិត្តប្រាកដជា​បានតាមដានអត្ថបទ និងវីដេអូជាច្រើន ដែលគួរឲ្យស្មុគស្មាញ ថែមទាំងពិបាកយល់​សម្រាប់រឿងរ៉ាវមួយចំនួន ប៉ុន្តែពេលនេះសូមងាកទៅកម្សាន្ត ក៏ដូចជាបន្ធូរអារម្មណ៍​ជាមួយភាពអស្ចារ្យ និងគួរឲ្យអស់សំណើចគួរសមចំនួន ០៥ ខាងក្រោមនេះ៖

១. អ្វីទៅជាល្បឿនពន្លឺ៖ មានការ​បកស្រាយ​​ច្រើនណាស់​អំពីសំនួរនេះ ប៉ុន្តែបើ​យើង​ស​រុប​ឲ្យងាយយល់ និងជាក់ស្តែង​បំផុត​នោះ គឺបើសិនជា​អ្នកអាចធ្វើ​ដំណើរ​ពីផែនដី ទៅកាន់ឋាន​ព្រះច័ន្ទ​ក្នុងរយៈពេល​តែមួយវិនាទី នោះហើយ​គឺជាល្បឿននៃពន្លឺ។ (មួយឆ្នាំពន្លឺ​ស្មើនឹង ៩.៤៦១ពាន់ពាន់លាន​គីឡូម៉ែត្រ ហើយមួយវិនាទី​នៃពន្លឺ គឺស្មើនឹង ៣០០,០០០គីឡូម៉ែត្រ)។

២. មនុស្ស​​ដល់មុន ឬអេលៀនដល់​មុន៖ ចំណុចនេះ​ពិត​ជាពិសេស! ឧទាហរណ៍​មនុស្ស​ថ្ងៃណាមួយរកឃើញថា មានជីវិតលើ​ភព Gliese 581b ដែល​មានចម្ងាយ ២០ឆ្នាំពន្លឺ​ពីយើង ហើយគ្រោងធ្វើដំណើរ​ទៅទីនោះ ប៉ុន្តែអេលៀន​លើភពនោះបែរ​ជាកំពុងត្រៀម​ចាកចេញពី​ភពរបស់ពួកគេមករកផែនដីដែរ តើនរណាដល់នរណាមុន? ដូច្នេះការរកឃើញ​ភពទ្រទ្រង់​ជីវិតបាន និងអាចមាន​លទ្ធភាព​នាំមនុស្ស​ទៅបាន មិនប្រាកដថា​សុទ្ធតែល្អ​នោះទេ ព្រោះភពពួកគេ​អាចកំពុងរង​គ្រោះ​ខ្លាំងជាង​ផែនដី​ផង​ក៏​ថាបាន។

៣. មនុស្សនឹង​ស្លាប់​តែ​ប៉ុន្មាន​នាទី​​ប៉ុណ្ណោះ​ បើអត់​មាន​ជំនួយ​​លើ​​ភព​អង្គារ៖ បើអ្នក​ឈរ​លើភព​​អង្គារដោយ​​ខ្លួនទទេ ហើយ​ព្យាយាម​​ដកដង្ហើម​​លើ​​ភពនោះ អ្នកនឹង​ចាប់ផ្តើម​ដង្ហក់តែ​ក្នុង​រយៈពេល ១៥វិនាទី​ដំបូងប៉ុណ្ណោះ។ រយៈពេល​ទៅបីនាទី​បន្ត​បន្ទាប់ទៀត អ្នក​នឹងបាត់បង់​ជីវិត ដោយសារ​អត់​មានអុកស៊ីសែន និងការស្រូប​​ឧស្ម័នពុល (កាបូនិក) ចូលពេញ​​ផ្លូវដង្ហើម។ ក្រោយពី​អ្នកស្លាប់ខ្លួន​អ្នក​ទាំងមូល​នឹងកករឹង ព្រោះតែ​អាកាសធាតុ​ដ៏ត្រជាក់ក្រោម​សូន្យ​អង្សាសេ។

៤៖ ភពដែលក្តៅ​ជាងគេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ៖ ភពពុធ​មានចម្ងាយ​​ជាមធ្យម ៨៨លាន​គីឡូម៉ែត្រ​ពី​ព្រះអាទិត្យ ខណៈភពសុក្រ​ឆ្ងាយ​ពីព្រះអាទិត្យ​រហូតដល់ទៅ ១០៨.២លាន​គីឡូម៉ែត្រ​ឯណោះ តែបែរជាមាន​កម្តៅក្តៅ​ជាង​ភពពុធ​ទៅវិញ។ ភពសុក្រ​មានកម្តៅ ៤៦៧អង្សាសេ​ជាមធ្យម ឯភពពុធ​វិញគឺ ៤២៧អង្សាសេ។ ភពសុក្រក្តៅជាង​ព្រោះតែភ្នំភ្លើង​រាប់​ពាន់កន្លែង​លើផ្ទៃរបស់វា និងខ្លះមាន​សកម្មភាពខ្លាំង​​ក្លា​បំផុត។

៥៖ ទៅភពអង្គារហើយ​មិនអាចមក​វិញ៖ តាមពិត​កាលពី ០៤ ទៅ ០៥ឆ្នាំមុន ធ្លាប់មាន​ការអះអាង​ថា អវកាយានិក​ដែលទៅ​ភពអង្គារ នឹងត្រូវស្លាប់​នៅទីនោះ ដោយសារ​អង្គការ NASA មានបច្ចេកវិទ្យាតែ​សម្រាប់នាំពួកគេ​ទៅចុះចត​លើភពអង្គារ​ប៉ុណ្ណោះ ដោយគ្មាន​បច្ចេកវិទ្យា​នាំពួកគេ​មកផែនដីវិញ​ឡើយ ប៉ុន្តែក្រោយពី​មានការរិះគន់ និងពិបាករក​អ្នកស្ម័គ្រចិត្ត​ក្នុងការលះបង់​​ដ៏ធំធេងនេះ ទើប NASA សម្រេចចិត្ត​រកវិធីសាស្ត្រនាំ​មនុស្សមក​ផែនដីវិញសិន៕

ចែករំលែក