តោះមក​ស្វែងយល់​ពេលវេលា​ទាំង ៤ ក្នុងការ​ទស្សនា​ពន្លឺភព​នានា លើផ្ទៃ​មេឃ​ពេល​យប់!

0

(អាមេរិក)៖ សម្រាប់មួយរយៈពេលនេះ បងប្អូនអ្នកចូលចិត្តទស្សនាផ្ទៃមេឃពេលរាត្រី​នៅពេលមេឃស្រឡះ ប្រាកជាកត់ចំណាំឃើញនូវវត្ថុដូចផ្កាយ ដែលមានពន្លឺភ្លឺ និងថេរជាង​គេ ចាប់ពីពេលព្រលប់ៗ រហូតដល់កណ្តាលយប់តែម្តង ហើយទោះបីជាព្រះច័ន្ទភ្លឺយ៉ាងណា ក៏ពន្លឺរបស់វត្ថុនោះ នៅតែបញ្ចេញមកអមគ្នា ជាទីគយគន់លើផ្ទៃមេឃដ៏ស្រស់ថ្លានោះដែរ។

១. ពិតណាស់វា​មិនមែនជា​​ផ្កាយនោះទេ វាគឺភពសុទ្ធសាធ ហើយសម្រាប់​ពេលទៀបភ្លឺ​ថ្ងៃសុក្រ ទី០៤ ខែឧសភា ឆ្នាំ២០១៨ (ហួសបាត់ហើយ) គឺវត្ថុដែល​លោកអ្នកឃើញ នៅទិសខាងកើត​​​ឈាងទៅ​ត្បូងបន្តិច​ប៉ុណ្ណោះ វាជាភពសៅរ៍​ (Saturn) តែម្តង។ បើយើងមើល​ទៅលើផ្ទៃមេឃ​​ពេលរាត្រី​ប៉ុន្មាន​ថ្ងៃ​មកនេះ និងនៅពេល​​ព្រះច័ន្ទចល័តម​ក​ជិតភពសៅរ៍នោះ គឺមាន​ចម្ងាយតែ ១ដឺក្រ​​ពីគ្នាតែប៉ុណ្ណោះ ប៉ុន្តែទោះបី​ជាព្រះច័ន្ទ​ភ្លឺយ៉ាងណាក្តី ក៏មិនអាចលុប​ពន្លឺ​របស់ភព​សៅរ៍​ ដែល​មានពណ៌សចែង​ចាំង​​ពីចម្ងាយ​នោះ​​បានដែរ។

២. ពន្លឺនេះនឹងមិនបន្តយូរទៀតនោះឡើយ ដោយនៅពេលទៀបភ្លឺឈានចូលថ្ងៃទី០៦ ខែឧសភា ខាងមុខនេះ ភពអង្គារ​នឹងបង្ហាញវត្តមានវិញម្តង ដោយនៅលើផ្ទៃមេឃ ព្រះច័ន្ទ និងគោចរមក​នឹងពន្លឺ​របស់​ភពអង្គារ ធ្វើឲ្យពន្លឺទាំងពីរនៅលើផ្ទៃមេឃផែនដីយើង មានចន្លោះតែ ២ដឺក្រេ​ពីគ្នា​តែប៉ុណ្ណោះ ហើយក៏ជាភពដែលភ្លឺខ្លាំងជាងគេផងដែរ (ភពអង្គារ​មានពន្លឺពណ៌​ទឹកក្រូច ឬក្រហមតិចៗ​ខុសពីគេ ដោយសារ​តែពន្លឺព្រះអាទិត្យ​ចាំងចំលើ​ ផ្ទៃក្រហម​របស់ភព​នេះ)។

៣. ពិតណាស់ភាពវិសេសវិសាលមិនទាន់បញ្ចប់នោះទេ ដោយនៅថ្ងៃទី០៨ ខែឧសភា ខាងមុខនេះទៀត ភពព្រហស្បតិ៍ នឹងចាប់ផ្តើមគោចរមកគន្លងចំពោះមុខព្រះអាទិត្យ (ផែនដីនៅកណ្តាល) ដែលជាហេតុធ្វើឲ្យភពនេះយើងអាចមើលឃើញលើផ្ទៃមេឃពេលរាត្រី យ៉ាងច្បាស់ ចាប់ពីវេលាម៉ោង ៩៖០០នាទីយប់ឡើងទៅ។ បើយើងមានតេឡេស្កូប ឬកាមេរ៉ា​ធំៗដែលមាន Zoom បានរាប់រយ X នោះក៏អាចឃើញព្រះច័ន្ទធំៗទាំង ៤ របស់ភព​ព្រហស្បតិ៍​ផងដែរ។ ភពព្រហស្បតិ៍​មាន​ពន្លឺពណ៌ស និងហ្នឹងនរ​ដូចភព​ផ្សេងៗ​ដែរ។

៤. នៅពេល​ទៀប​ភ្លឺឈានចូល​ថ្ងៃទី១២ ខែឧសភា ប្រាកដជា​ពិបាកសម្រាប់​លោកអ្នក​​ក្នុងការ​ទស្សនា​ហើយ ប៉ុន្តែបើលោក​អ្នកចង់​ឃើញ នោះអាចងើប​ពីដំណេកឲ្យលឿនបន្តិចដើម្បីទៅ​ទស្សនាបាន​ ដោយ​ភពពុធ (ភ្លឺខ្លាំង) និង​ភពអ៊ុយរ៉ាណុស (ពន្លឺផ្លុងៗ) បង្ហាញខ្លួន​នៅផ្ទៃមេឃ​ទិស​ខាងកើត អមគ្នាក្នុងគម្លាតតែ ៣ដឺក្រេ ប៉ុណ្ណោះ ហើយភព​អ៊ុយរ៉ាណុស​ស្ថិតនៅខាង​លើ​ភពពុធបន្តិច៕

ចែករំលែក