HOT NEWS: ទីបំផុតយាន InSight ប្រកប​ដោយ​សក្តានុពល «ត្រូវបាញ់​បង្ហោះ​ទៅភព​អង្គារ​ហើយ…»

0

 

(អាមេរិក)៖ ទីបំផុត​យាន​អវកាស InSight Mars Lander របស់​អង្គការ NASA ត្រូវបាន​គេ​បាញ់បង្ហោះ ដើម្បីបញ្ជូន​ទៅកាន់ភព​អង្គារ (Mars) ហើយ។ នេះ​បើ​តាម​ការ​ដកស្រង់ការផ្សាយ​ចេញ​​ពី​វែបសាយ Space.com នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨ (ពេល​វេលា​នៅភាគខាងត្បូង នៃសហរដ្ឋអាមេរិក)។

យានអវកាស​ខ្នាតតូចពីរ​គ្រឿង ដែល​មាន​​រហស្ស​នាម​ថា Wall-E និង Eva ជាតួអង្គឯង​មនុស្សយន្ត​អវកាស ក្នុងខ្សែភាពយន្ត​គំនូវជីវ​ចលបែប 3D ដ៏ល្បីកាល​ពីឆ្នាំ២០០៨ (បើ​អ្នក​អត់​ទាន់​​បាន​ទស្សនា​គួរ​តែឆែកមើល​រឿងនេះ) បានរួមដំណើរ​ជាមួយ​យាន InSight ក្នុងនាមជាយាន​តូច​ល្អិត​​ដំបូង​គេ ដែល​មាន​ឱកាស​ធ្វើ​ដំណើរ​ទៅ​​កាន់​​ភព​ដទៃ។

ផ្កាយរណប​មួយគូ​ខាងលើ គឺជាប្រភេទ​​ឧបករណ៍អវកាស​​ធុនតូច ដែលមាន​សារៈប្រយោជន៍​ខ្ពស់ សម្រាប់ប្រើប្រាស់​ក្នុងវិស័យ​ទំនាក់ទំនង ការ​តាម​​ដានផ្នែកដឹក​ជញ្ជូន ឬការអង្កេតមើល​ភពផែនដី​ជាដើម ហើយរហូតមក​ដល់ពេលនេះ ផ្កាយរណប​ប្រភេទនេះ សុទ្ធតែនៅក្បែរ​ភព​របស់យើង​ទាំងអស់។

ហេតុដូច្នេះ​ហើយ ផ្កាយរណប​ប្រភេទ CubeSat ភ្លោះទាំងពីរ​ខាងលើ ដែលមាន​ឈ្មោះផ្លូវការ​ថា Mars Cube One ហៅកាត់ MarCO នឹងជា​យានដំបូងគេ​ក្នុងចំណោមផ្កាយរណប​ប្រភេទ​ពួកវា ដែលនឹងធ្វើ​ដំណើរទៅកាន់​ភពក្រហម ​ប្រចាំប្រព័ន្ធព្រះអាទិត្យ​របស់​យើង។ ពួកវាបាន​ធ្វើ​ដំណើរនៅលើ​​គ្រាប់រ៉ុក្កែត Atlas V ជាមួយ​យាន InSight ឆ្ពោះទៅ​ក្នុងទី​អវកាស ចេញពី​មូលដ្ឋាន​យោធា Vandenberg ក្នុងរដ្ឋ​កាលីហ្វញ៉ា​ នៅ​អំឡុង​បេសកកម្ម​ឆ្លងភព​នេះ ដែលពុំធ្លាប់ត្រូវបានធ្វើឡើងនោះឡើយ នៅភាគខាងលិចសហរដ្ឋអាមេរិក។

គួរជម្រាបថា MarCO នឹងធ្វើដំណើរ​ជាមួយ InSight រហូតដល់​ភពអង្គារ ហើយផ្កាយរណបតូចៗ​ទាំងពីរគ្រឿងនេះ នឹងបាញ់បញ្ជូន​​ទិន្នន័យ​អំពី​យាន InSight ត្រឡប់មក​ផែនដីវិញ នៅពេលដែលយាន​អវកាសនេះ ចុះចតជាន់​ដល់​ដីភព Mars ដោយ​ជោគជ័យ។

គួរបញ្ជាក់ថា យានរុករកថ្មី InSight Lander នឹងមានតួនាទី​ក្នុងការសិក្សា​អំពីស្រទាប់ក្នុង នៃភពអង្គារ តាមរយៈឧបករណ៍​ពិសោធន៍ និងជីកគាស់ ដែលមាននៅក្នុង​តួខ្លួនវា​ស្រាប់។ យាននេះ​នឹងទៅ​ដល់ភពអង្គារ នៅអំឡុង​ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយការចុះចតយាន​លើផ្ទៃភពអង្គារ នឹងក្លាយជាក្តី​រំភើបខ្លាំងបំផុត មិនខុស​ពីជំនាន់នៃការចុះចត​យាន Phoenix, Mars Rover និង Curiosity នោះឡើយ ដោយគ្រប់គ្នា​រំពឹងថា នឹងប្រព្រឹត្តទៅ​ដោយជោគជ័យ​បំផុត។

InSight Lander មានឧបករណ៍​កំដៅដោយខ្លួន ដែលអាចទ្រាំទ្រ​បរិស្ថានក្នុង​ផ្ទៃភពអង្គារ ជាមួយជម្រៅ​អតិបរមា ០៥ម៉ែត្រ ហើយនឹង​សិក្សា​​អំពី​ចលនា​នៅក្នុងផ្ទៃដី​ របស់ភពអង្គារ​តែម្តង។ វានឹង​សិក្សារកឲ្យឃើញថា តើផ្ទៃស្រទាប់ក្នុង​របស់ភពអង្គារ ត្រូវបានបង្កើត​ឡើងយ៉ាងដូចម្តេច ព្រមទាំង​សមាសធាតុផ្សំ​របស់វា​ផងដែរ៕

ចែករំលែក