យានស្រាវជ្រាវ​ភពអង្គារ InSight ត្រូវ​ហោះ ២០៥ថ្ងៃ ទើប​ទៅ​ដល់គោលដៅ, តើ​វាមាន​អ្វីពិសេស​ខ្លះ?

0

 

(អាមេរិក)៖ ខណៈដែលយានរុករក InSight ត្រូវបានបាញ់​បង្ហោះឡើងទៅកាន់​ទីអវកាស ដើម្បីទៅបំពេញ​បេសកកម្មនៅ​ភពអង្គារហើយនោះ អ្នកគួរស្វែងយល់ជំហាន​បន្ទាប់ នោះថាតើ​វា​នឹង​ត្រូវធ្វើអ្វី​បន្ទាប់ទៀត។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី វែបសាយ Space.com នៅព្រឹក​ថ្ងៃចន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។

យានរុករក InSight បានចាប់ផ្តើម​ដំណើរផ្សងព្រេង​រយៈពេល ២០៥ថ្ងៃ និង ៤៨៥លាន​គីឡូម៉ែត្រ​របស់វា ឆ្ពោះទៅកាន់​ភពព្រះអង្គារ (Mars) តាមរយៈការ​បាញ់បង្ហោះគ្រាប់​រ៉ុក្កែត Atlas V ចេញពីមូលដ្ឋាន​ទ័ពអាកាស Vandenberg ភាគខាងត្បូង​រដ្ឋកាលីហ្វរញ៉ា កាលពីថ្ងៃសៅរ៍​កន្លង​ទៅនេះ។ ការបាញ់​បង្ហោះនោះ គឺជាលើកទីមួយ​នៅក្នុងប្រវត្តិសាស្រ្ត​អាមេរិក ដែលបេសកកម្ម​ឆ្លងភព (ធ្វើដំណើរទៅ​កាន់ភពផ្សេង) បាន​ចាប់ផ្តើម​ចេញពីតំបន់ភាគខាង​លិចរបស់​សហរដ្ឋអាមេរិក។

រយៈពេលប្រមាណ​ជាមួយម៉ោងកន្លះ​កន្លងផុតទៅ ក្រោយពីវាចាកចេញពី​ផ្ទៃផែនដី យាន InSight បានផ្តាច់ខ្លួន​ចេញពីតួខ្លួនរបស់​គ្រាប់រ៉ុក្កែត Atlas ហើយចាប់ផ្តើម​ដំណើរផ្សង​ព្រេងរ​បស់វា​ ទៅកាន់​ភពអង្គារ។ ប៉ុន្មាន​នាទីក្រោយមកទៀត ប្រព័ន្ធ​អង់តែន Deep Space Network របស់ NASA ដែលមានមូលដ្ឋាន​នៅរដ្ឋ​កាលីហ្វរញ៉ា ក៏ទទួលបាន​សញ្ញារបស់ InSight ភ្លាមៗ ដែល​បញ្ជាក់ថា យាន Lander មួយនេះ ពុំបាន​ជួប​ប្រទះបញ្ហាអ្វី​ឡើយ។

ដោយគ្រោងទៅធ្វើការសិក្សាស្រាវជ្រាវ​លម្អិត​ពីសណ្ឋានផ្នែក​ខាងក្នុង​យ៉ាងជ្រៅ​ របស់ភពក្រហម​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​យើងនេះ InSight នឹង​ត្រូវមុជ​ចូលទៅក្នុង​បរិយាកាស​​របស់​ភពអង្គារ នៅឯ​តំបន់ Elysium Planitia។ យាន​ប្រភេទ Lander នេះ ត្រូវគេរំពឹងថា នឹងចុះទៅដល់ផ្ទៃ​​របស់​ភពអង្គារ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

គួរជម្រាបថា នៅក្នុងអំឡុងការ​ធ្វើដំណើររយៈពេលជិត ០៧ខែទៅកាន់ Mars ទីភ្នាក់ងារ​អវកាស NASA នឹងត្រូវធ្វើតេស្ត​ផ្សេង​ៗ ទៅលើប្រព័ន្ធ​ក៏ដូចជាឧបករណ៍​របស់ InSight ហើយ​ការរៀបចំ​កែតម្រូវទិសដៅ​ធ្វើដំណើរ​របស់វាចំនួន ០៦លើក ក៏ត្រូវបានគេ​រៀបចំនឹង​​​ធ្វើ​ឡើងផង​ដែរ ដោយក្នុង ០២លើកដំបូង​ក្នុងចំណោមនោះ នឹងនៅ​ថ្ងៃទី១៥ ខែឧសភា​ម្តង នឹងនៅ​ថ្ងៃទី២៨ ខែកក្កដាម្តង។

InSight ពុំមែនជាយានរុករក​តែមួយគ្រឿងគត់ ដែលកំពុងធ្វើដំណើរ​ទៅកាន់ Mars នោះឡើយ ដោយផ្កាយរណប​ខ្នាតតូចពីរគ្រឿង ដែល​មាន​ឈ្មោះរួមថា Mars Cube One (MarCO) ក៏កំពុងធ្វើដំណើរ​ជាមួយវា ឆ្ពោះទៅកាន់​ទីនោះផងដែរ ហើយក្រោយ​ពេល​ទៅដល់ MarCo នឹង​ចាប់ផ្តើម​ធ្វើការទាក់ទង​ជាមួយ​ផែនដី។ នេះជាបេសកកម្មធំបំផុត​របស់​របស់ NASA និងដៃគូសហការដោយ​ត្រូវបានចំណាយ​ថវិកា ៨២៨.៨លានដុល្លារ៕

ចែករំលែក