ភាពយន្តអវកាស​មើល​ទៅ​ងាយៗ​តែការពិតវិញ «សូម្បីតែ​ឆ្លងប្រព័ន្ធ​ផ្កាយ​ហ្នឹង យើងគ្មាន​សង្ឃឹម​ទៅរួច​ផង…»

0

 

(អាមេរិក)៖ តើវាពិបាក​ប៉ុណ្ណា​ទៅ​ក្នុងការផ្លោះរំលង​ទៅកាន់ប្រព័ន្ធ​ផ្កាយមួយទៀត​ ដែលនៅក្បែរ​យើងបំផុត ឬក៏ធ្វើដំណើរ​កាត់កាឡាក់ស៊ី​​ទាំងមូល​នោះ? នៅក្នុងខ្សែភាពយន្ត​បែបវិទ្យាសាស្រ្ត​ប្រឌិត​ដូចជា Star Trek និង Star Wars រឿង​បែបនេះ មើលទៅហាក់​ដូចជាងាយ​ស្រួល​ណាស់​អ៊ីចឹង ពោលគឺនៅពេល​ដែលពួក​ហេរ៉ូ (Hero) ទទួលបាន​សញ្ញាសុំជំនួយ​ពីចម្ងាយ​នោះ ពួកគេនឹង​ប្រើប្រាស់​នូវបច្ចេកវិទ្យា​​​​ដែលគេ​ហៅថា Warp Drive ឬ Hyperdirve ហើយទៅដល់​គោលដៅ​ដ៏សែនឆ្ងាយ​នោះ ក្នុងរយៈពេល​ត្រឹម​ប៉ុន្មាននាទីឬម៉ោង​ប៉ុណ្ណោះ។ ប្រសិនយើង​អាចអភិវឌ្ឍន៍​ប្រព័ន្ធម៉ាស៊ីនរុញច្រាន​ល្បឿន​ ដែលត្រឹមត្រូវ​មួយ តើវានឹងអាច​ទៅរួច​ដែរទេ សម្រាប់ឲ្យយើង​ធ្វើដំណើរបាន​លឿន​បែបនេះ នៅក្នុងជីវិត​ពិតជាក់ស្តែង?

កាលពីជិត ៥០ឆ្នាំមុន មនុស្ស​លោកយើង​បានដើរនៅលើ​ឋានព្រះច័ន្ទ ប៉ុន្តែយើងលែង​ទៅកាន់ទីនោះ​ទៀត​នៅឆ្នាំ១៩៧២ ហើយ​មិនដែល​បានចេញទៅណាឆ្ងាយ​ជាងនេះ​ទៀតឡើយ លើកលែងតែ​ការបញ្ជូន​យានអវកាស។ មនុស្សយើង​មិនដែលបានទៅ​ដល់ភពព្រហស្បតិ៍​ (Jupiter) ដូចជាទៅ​នឹងអ្វីដែលសៀវភៅ​ ក៏ដូចជាខ្សែ​ភាពយន្ត​អវកាស​បែបក្លាស៊ិក​ដ៏ល្បីមានចំណង​ជើងថា 2001: A Space Odyssey បាន​​សន្យា​នោះឡើយ ហើយសូម្បីតែភព​អង្គារ (Mars) ក៏អ៊ីចឹង​ដែរ។

តើអ្វីទៅដែល​ធ្វើឲ្យការធ្វើដំណើរ​ទៅកាន់ទីឆ្ងាយ​ក្នុងលំហ​អវកាស មានការ​លំបាក​បែបនេះ? ក្រៅពីក្តីកង្វល់​​ជាក់ស្តែងដូចជា​​បញ្ហាសុខ​ភាព​​មនុស្ស (ការរស់នៅ​ក្នុងទីអវកាស​ ដែលពុំមាន​កម្លាំងទំនាញលើស​ពីកម្រិត​មួយ ធ្វើឲ្យរូបរាង​កាយមនុស្ស​ចុះខ្សោយ) និង​បញ្ហាថវិកា នៅមាន​ឧបសគ្គ​ផ្នែកបច្ចេកវិទ្យា​ដ៏ធំធេងច្រើន​ទៀត ទាក់ទិនជាមួយ​ការធ្វើដំណើរ​ចេញទៅទីឆ្ងាយៗ​ក្នុង​លំហអវកាស។

ស្របពេល​​ដែលអ្នក​ជំនាញ កំពុងខិតខំ​ធ្វើការសិក្សា​ជ្រាវជ្រាវ​ ទៅលើគំនិត​នៃ​ការធ្វើ​ដំណើរ​បែប Interstellar (ឆ្លងប្រព័ន្ធ​ផ្កាយ) ពួកគេបាន​​​ព្រមានទុក​​ជាមុនថា ក្តីរំពឹងទុក​​នៃការធ្វើ​ដំណើរ​ក្នុង​ទីអវកាស​​បានភ្លាមៗ​​ដូចចិត្តរបស់​​ពួកយើង ប្រហែលជា​ខ្ពស់ពេក​​ហើយ។ បញ្ហារបស់​​​​គំនិត​នៃការធ្វើដំណើរលឿន​ជាងល្បឿនពន្លឺ នៅក្នុងរឿង​វិទ្យាសាស្រ្តប្រឌិត​ភាគច្រើននោះ គឺវាធ្វើឲ្យរឿង​ដ៏លំបាក​យ៉ាង​ខ្លាំងមួយ មើលទៅ​ហាក់ដូចជា​វាមានភាពងាយ​ស្រួល​ណាស់​អ៊ីចឹង។

បញ្ហាផ្សេងៗ​ពាក់ព័ន្ធនឹង​ការធ្វើដំណើរ Interstellar នោះ​រួមមានយាន​អវកាសមួយ ពុំអាចធ្វើដំណើរ​លឿនដូចទៅនឹងពន្លឺ​នោះទេ។ មួយវិញទៀត ក្នុងរឿង​វិទ្យាសាស្រ្តប្រឌិត​ខ្លះទៀត គេប្រើប្រាស់​ច្រកផ្លូវ Wormhole ដើម្បីដោះស្រាយ​បញ្ហានៃការធ្វើ​ដំណើរបែប​រហ័សភ្លាមៗ។ ប៉ុន្តែ Wormhole ក៏មានបញ្ហា​របស់វាដែរ ព្រោះថា​វាពិតជាពិបាក​ខ្លាំង ក្នុងការរិះរក​វិធីប្រមូលផ្តុំម៉ាសមក​នៅមួយ​កន្លែង​ឲ្យបានគ្រប់គ្រាន់ ​​ដើម្បី​​បង្កើតចេញជា Warmhole មួយ ទោះបីជា​ប្រហោងខ្មៅ (Black Hole) ត្រូវគេចាត់​ទុកថា ជាបេក្ខភាព​នាំមុខគេ​ក្នុងបញ្ហានេះ​ក៏ដោយ។ ម៉្យាង​វិញ​ទៀតនោះ ក៏មានបញ្ហា​នៃការស្វែងរក​មធ្យោបាយ​ ដើម្បីធ្វើយ៉ាង​ណា​រក្សាឲ្យ Warmhole នៅ​បើកចំហ និងរបៀប​ធ្វើដំណើរឆ្លង​កាត់ពួកវា​​ ដោយ​សុត្ថិភាព​ផងដែរ។

យ៉ាងណាមិញ ទោះបីជាអ្នក​សម្រេចបានការធ្វើដំណើរ​បានលឿនក្បែរ​ល្បឿនពន្លឺ ឬការប្រើប្រាស់ Wormhole ក៏ដោយ​អ្នកទំនងជា​នឹង​ជួប​ប្រទះ​បញ្ហាដែល​គេហៅថា បាតុភូត Time Dilation។ ខណៈដែល​យាន​អវកាស ធ្វើចលនា​ក្នុងល្បឿន​ឆ្ពោះទៅរក​ល្បឿនពន្លឺ ​វ័យ​របស់អវ​កាស​យា​និក​ ​ដែលធ្វើដំណើរ​នៅលើ​នោះ នឹងវិវត្តន៍​ទៅមុខក្នុងកម្រិត​យឺតជាង​មិត្តភក្តិ​ និងក្រុម​គ្រួសារ​របស់ពួក​គេ ដែលនៅលើភពកំណើត​​របស់​ពួកគេ។ នេះបើតាមទ្រឹស្តី​របស់ Special Relativity របស់លោក Albert Einstein ដូច្នេះហើយ​អ្នកទាំង​ឡាយ ដែលធ្វើដំណើរ​វែងឆ្ងាយ​​ក្នុង​ទីអវកាស ប្រហែលជាត្រឡប់​មកផ្ទះវិញ ដោយអាចឃើញ​មនុស្សជាទីស្រឡាញ់​របស់ខ្លួន មានវ័យចំណាស់​ជាងខ្លួន​ខ្លាំង ឬក៏បានទទួល​​មរណភាពបាត់​ទៅហើយ​ថែមទៀតផង។

ជុំវិញ​រឿងនេះ សូម្បីតែអវកាស​យានិក​ទាំងឡាយ នៅលើ​ស្ថានីយអវកាស​អន្តរជាតិ ISS ក៏ទទួលរង​ឥទ្ធិពល​នៃ Time Dilation ផងដែរ (ប៉ុន្តែ​ក្នុងកម្រិត​មួយ​ ដែលពុំគួរឲ្យ​ព្រួយបារម្ភ​នោះទេ) នៅពេល​ត្រឡប់​មកផែនដី​វិញ។ រឿងនេះ​បានកើតឡើងទៅលើអវកាស​យានិក លោក Scott Kelly ក្រោយពីបាន​ចំណាយ​ពេលជិត ០១ឆ្នាំ នៅក្នុង​ទីអវកាស កាលពី​ចន្លោះ​ឆ្នាំ២០១៥ និងឆ្នាំ២០១៦។ នៅពេល​លោកបាន​ត្រឡប់មក​​ផ្ទះ​វិញ គម្លាត​អាយុរបស់លោក​ជាមួយនឹងបងប្អូន​ប្រុសភ្លោះ​របស់លោក គឺលោក Mark Kelly ដែលជា​អវកាសយានិក​អាមេរិកដូចគ្នា បាន​កើន​​​០៥មីលីវិនាទី។

 

ទោះជា​បែប​នេះក្តី ការធ្វើដំណើរ​ឆ្លងប្រព័ន្ធផ្កាយ​នៅតែអាច​ទៅរួច ប៉ុន្តែតាម​តែយើងដឹង ជម្រើសដ៏​ប្រសើរ​បំផុត គឺគិតគូរតែពីតំបន់​ក្បែរយើង​​ល្មមៗ​បានហើយ។ ប្រព័ន្ធផ្កាយ​ដែលនៅកៀក​នឹង​យើងបំផុត គឺ Alpha Centauri។ Alpah Centauri មានចម្ងាយ​សមរម្យ​ល្មម​​​ ដែល​​គួរ​​ឲ្យ​​​ចាប់​​​អារម្មណ៍ខ្លាំង គឺតែជាង ០៤ឆ្នាំព ប៉ុណ្ណោះនឹងទៅ​ដល់ហើយ ប្រសិនបើ​យើងអាចធ្វើដំណើរ​ស្មើនឹង​ល្បឿនពន្លឺ (ចម្ងាយ០ ៤ឆ្នាំពន្លឺពីផែនដី) ប៉ុន្តែនៅ​ក្នុងល្បឿនដែលយឺតជាងនេះ វានៅតែជាកន្លែងមួយស្ថិតនៅសែនឆ្ងាយដដែល។

​ប្រសិន​បើយាន Voyager 2 ដែលបានបាញ់​បង្ហោះកាល​ពី​ឆ្នាំ១៩៧៧ និងបានចូល​ដល់តំបន់ Interstellar (តំបន់ចន្លោះផ្កាយ គឺវាបានចេញផុត​ពីដែនសីមា​នៃប្រព័ន្ធអាទិត្យ​របស់យើង​ហើយ) កាលពី​​ឆ្នាំ២០១២ ត្រូវបាន​បញ្ជូន​ទៅកាន់ Alpha Centauri វិញនោះ វានឹងមិនទាន់​ទៅដល់ប្រព័ន្ធផ្កាយ​នេះឡើយ រហូតទាល់​តែ ៧៥,០០០ឆ្នាំទៀត។ Voyager 2 មានល្បឿន ១៥គីឡូម៉ែត្រ​ក្នុងមួយវិនាទី ឬ ៥៦,៣២៧គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង។ ហេតុ​ដូចនេះ​ហើយ យើងត្រូវការដំណោះស្រាយ​​ដែលលឿន​ជាងនេះ​ឆ្ងាយ​ណាស់៕

ចែករំលែក