តារា​ចម្រៀង​គួរឲ្យ​ស្រឡាញ់ «Ariana Grande គិតថា​​ភព​ព្រហស្បតិ៍​​ស្អាត» តែនាង​​ប្រាថ្នា​ភពផ្សេង​​មួយ​​ទៀត…

0

 

(អាមេរិក)៖ ពិតជាគួរឲ្យផ្ញាក់ផ្អើលដែលតារាចម្រៀងប៉ុប កំពុងទទួលបានប្រជាប្រិយភាព​ខ្លាំង​ទាំងក្នុងសហរដ្ឋអាមេរិក និងទូទាំងពិភពលោក គឺនាង Ariana Grande បានបង្ហោះ​លើ​បណ្តាញ Twitter របស់នាងថា «nothing is prettier than Jupiter» ដែលជាភាសាខ្មែរ​បកប្រែថា គ្មានអ្វីស្អាតជាងភពព្រហស្បតិ៍នោះឡើយ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក នាងបានបង្ហាះរូបភពផ្សេងមួយទៀត ដោយអះអាងថា វាប្រសើរជាងភពព្រហស្បតិ៍ទៅវិញ។ នេះបើតាមការចេញផ្សាយដោយ វែបសាយអវកាស Space នាល្ងាចថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨។

Ariana Grande ពិតជាកំពុង​ល្បីល្បាញ តាមរយៈបទចម្រៀង​ប៉ុប​កន្ត្រាក់អារម្មណ៍​ជាច្រើន បូករួមទាំង​សម្រស់ស្រស់សោភា, សំឡេងស្រទន់ខុសគេ, និងចេះជ្រើសរើសតារាចម្រៀង​សហការ​គ្នាថែមទៀតនោះ បានធ្វើឲ្យកេរ្តិ៍ឈ្មោះនាង​ល្បីកាន់តែឆាប់។ ដោយហេតុនេះទើប Twitter របស់នាង​​មានអ្នក Followed រហូតដល់​ទៅជាង ៥៧លាននាក់ ខណៈ​បណ្តាញ Channel យូធូប​ Vevo របស់នាង គឺសម្រេច​បាន ២០លាននាក់ដែរ​ទៅហើយ។

ការបង្ហោះអំពីភព​ដែលនាងស្រឡាញ់​ចំនួនពីរដង ក្នុង​រយៈពេល ២ម៉ោងនោះ ក៏មិនអាច​គេចផុតដែរ​ពីក្រសែភ្នែក​អង្គការ NASA ហើយក្រោយ​ពីនាង​បង្ហោះថា គ្មានអ្វី​ស្អាត​ជាង​ភពព្រហស្បតិ៍នោះ ក្រោយមក​ទៀតនាងបាន Update ដោយ​បញ្ជាក់ថា «ភពណិបទូន គឺប្រសើរជាង» (update: Neptune is better)។ គេនៅមិន​ទាន់​ដឹងថា នាងមាន​ចេតនាអ្វីឲ្យប្រាកដ​​នោះទេ ប៉ុន្តែអ្វីដែល​គួរឲ្យនឹកគិតដល់នោះ វាក៏ជាបទ​ចម្រៀងថ្មី ដែលនាង​គ្រោងចេញ​លក់ផង​ក៏ថាបាន​ដែរ ព្រោះប៉ុន្មាន​ទសវត្សរ៍កន្លង​មកនេះ ក៏ធ្លាប់រួចមក​ហើយនូវការ​ថតវីដេអូ​ចម្រៀង ឬនិពន្ធ​អត្ថន័យចម្រៀង​ពាក់ព័ន្ធនឹង​ភពនានា។

គួរបញ្ជាក់ថា ក្រោយការបង្ហោះរបស់ Ariana អង្គការក៏បានធ្វើការភ្ជាប់ការបង្ហោះ​របស់នាង ទៅនឹងតំណ Link ថ្មីរបស់ខ្លួនក្នុងបណ្តាញ Twitter ផងដែរ ដោយមានបញ្ជាក់នូវ​របៀប នៃការចូលមើលព័ត៌មានផ្សេងៗរបស់ NASA ជាពិសេស គឺការស្វែងរករូបភាពអវកាស​ និងភពនានាដែលអ្នកស្រឡាញ់។ រូបភាព​ភពព្រហស្បតិ៍​ដែល Ariana បាន​បង្ហោះត្រូវបាន​ថតដោយ​យាន Juno និងរូបភាពភព​ណិបទូន​វិញ ត្រូវបានថត​ដោយ​យាន Voyager 2។

សម្រាប់ការ​ស្រឡាញ់ភព​នីមួយៗ គឺមនុស្សមាន​ការចាប់អារម្មណ៍​ខុសៗគ្នា ទៅតាម​តថភាព​ជាក់ស្តែងនៃ​ភពណាមួយនោះ ឧទាហរណ៍​ដូចជាភពព្រហស្បតិ៍​ ដែល​ជាភពយក្ស​នៃប្រព័ន្ធ​ព្រះអាទិត្យយើងនេះ វាមានផ្ទៃពពក-ឧស្ម័ន​កញ្ជ្រោល​យ៉ាងចម្លែក តែបង្កើតចេញទៅជារូប​គំនូរធម្មជាតិ​ បែប​សិល្បៈកែច្នៃ​ខ្ពស់​។ ភពព្រហស្បតិ៍​ពិតជាពិសេស និងមាន​ក្រុមហ៊ុន​រចនាម៉ូតល្បីៗ​មួយចំនួន បានយករូបភាព​ភពនេះ​ទៅច្នៃដាក់លើសំលៀក​បំពាក់ និងឧបករណ៍​ប្រើប្រាស់​ថែមទៀត​ផង៕

ចែករំលែក