ភពយក្សចម្លែក WASP-96b ត្រូវបានរក​ឃើញ​​ថា «គ្មានពពក និងមាន​លក្ខណៈ​ស្មុញ​ស្មាញខ្លាំង…»

0

 

(អាមេរិក)៖ ជាលើកដំបូង​បំផុតដែលពុំធ្លាប់មាន​ពីមុននោះឡើយ អ្នកវិទ្យាសាស្រ្ត​​អន្តរជាតិ​​មួយក្រុម បានរកឃើញនូវ​ភពអេលៀន (នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ) មួយ​ដែលពុំមាន​ពពកនោះឡើយ ដោយមានតែឧស្ម័ន​ភាយចេញពីខ្លួនវា​ប៉ុណ្ណោះ។ នេះបើតាមការ​ដកស្រង់ការ​ផ្សាយចេញពី​វែបសាយ Space.com នាព្រឹក​ថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។

ក្រុមអ្នកវិទ្យាសាស្រ្ត​ខាងលើដែលដឹកនាំ​ដោយ​លោក Nikolay Nikolov ជាតារាវិទូនៅ​ឯសាកល​វិទ្យាល័យ Exeter របស់ចក្រ​ភព​អង់គ្លេស បានរកឃើញ​ភពឧស្ម័នយក្ស​ដ៏ក្តៅគគុកនេះ ដែលត្រូវបាន​គេដាក់ឈ្មោះ​ថា WASP-96b តាមរយៈការប្រើប្រាស់​​កែវយឺតយក្ស​របស់មន្ទី​​ឃ្លាំមើល​ទីអវកាស European Southern Observatory នៅឯប្រទេស​ឈីលី។

មូលហេតុដែលភពនេះចម្លែក ព្រោះវាជាភពដែលគេធ្លាប់ប៉ាន់ស្មានថា អាចមានពពកដ៏ក្រាស់ ប៉ុន្តែតាមរយៈការអង្កេតដោយកែវយឺតលើផែនដីនោះ ចលនារបស់វាបានបង្ហាញថា វាអត់មានពពកច្រើននោះទេ ឬក៏អាចអត់មានសោះតែម្តង ដែលប្រភេទភពបែបនេះ គឺមិនធ្លាប់ត្រូវបានរកឃើញនោះឡើយ។ វាអាច​ជារឿងស្មុគ​ស្មាញមួយ ប៉ុន្តែភព​ដែលអាច​មានពពក​រួមទាំងបរិយាកាសក្រាស់ ទើបអាចមាន​លទ្ធភាព​ក្នុងការទ្រទ្រង់​នូវជីវិត​បាន។

ក្រុមការងារខាងលើ បានកំណត់ពីសមាសធាតុផ្សំនៃបរិយាកាស ដែលសម្បូរទៅដោយឧស្ម័នសូដ្យូមនេះ របស់ភពយក្ស WASP-96b ​តាមរយៈការសិក្សាស្រាវជ្រាវទៅវា នៅពេលដែលវាធ្វើគោចរឆ្លងកាត់ពីមុខផ្កាយមេរបស់វា ហើយវាស់ស្ទង់មើលថា តើភពនេះ​ព្រមទាំង​​បរិយាកាសរបស់វា បង្កផលប៉ះពាល់បែប​ណាដល់ពន្លឺ ដែលបាញ់ចេញ​មកពីផ្កាយ​វានោះ។

គួរជម្រាបថា ក្រៅពីមាន​បរិយាកាសចម្លែក​ខុសពីធម្មតា ដោយពុំមានដុំពពក​ទាល់តែសោះ​បែបនេះ ភព WASP-96b មានកម្តៅក្តៅ​ខ្លាំង​ណាស់ គឺដល់ទៅ ១,០០០អង្សាសេ​ឯណោះ និងមានទំហំ​យ៉ាងធំ​មហិមា គឺ២០ភាគរយ​ធំជាង​ភពព្រហស្បតិ៍ (Jupiter) ដែលជាភព​ធំ​ជាង​គេ​បង្អស់​នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ តែមានទម្ងន់ប្រហាក់​ប្រហែលនឹងទម្ងន់​របស់ភពសៅរ៍ (Saturn) ដូច្នេះហើយអ្នក​វិទ្យាសាស្រ្តដាក់ចាត់​ថ្នាក់​ភពអេលៀននេះថា ជាភពសៅរ៍​ដ៏ក្តៅ​មួយ៕

ចែករំលែក