សាកវិធីនេះ​វិញក្រែងលោ «​អាចរកឃើញ​​ជីវិត​អេលៀន​បានឆាប់​ជាងការរំពឹងទុក…»

0

 

(អាមេរិក)៖ ក្រុមការងារ​នៃកម្មវិធី Breakthrough Listen ដែលជា​គម្រោងតម្លៃ​ ១០០លានដុល្លារ បង្កើតឡើង​ដើម្បីតាមស្វែងរក​សញ្ញានៃជីវិត​ឆ្លាតវ័យនៅ​ក្រៅភព​ផែនដីនោះ បានបោះជំហាន​ដ៏ធំមួយទៅមុខ​នាសប្តាហ៍នេះ ជាមួយការចាប់​ផ្តើមយុទ្ធនាការ​ថ្មី ដើម្បីរុករកជីវិត​ឲ្យបាន​​​លឿន​បំផុត ពុំធ្លាប់មាន​ពីមុនមក។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី​វែបសាយ Space.com នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។

តាមរយៈការប្រើប្រាស់​ប្រព័ន្ធតេឡេស្កូប Parkes នៅរដ្ឋ New South Wales ប្រទេស​អូស្រ្តាលី ក្រុម Breakthrough Listen នឹងធ្វើការស្គែន​មើល​ផ្កាយរាប់លានដួង នៅឯតំបន់ Galactic Plane នៃ​កាឡាក់ស៊ី Milky Way របស់យើង សម្រាប់រយៈពេល ៦០ថ្ងៃខាងមុខ។ ប្រការនេះ​​នឹងអនុញ្ញាតឲ្យក្រុម​អ្នកស្រាវជ្រាវ ធ្វើការអង្កេត​ទៅលើតំបន់​នៃកាឡាក់ស៊ី​បានធំ និងក្នុងល្បឿនរហ័ស​ជាងមុន ដែលនឹងបង្កើន​ឱកាសរបស់​ពួក​គេ ក្នុងការស្វែងរកសញ្ញានៃជីវិត។

ប្រព័ន្ធ​តេឡេស្កូប Parkes ដែលស្ថិតក្រោមការ​ធ្វើប្រតិបត្តិការ​របស់អង្គការ CSIRO មានឧបករណ៍​ទទួលសញ្ញាដ៏មាន​អានុភាពមួយ ដែល​អាចអង្កេត​មើល​តំបន់​លើផ្ទៃមេឃ​បានយ៉ាងធំ​ទូលាយ។ គម្រោង Breakthrough Listen ត្រូវបានបង្កើត​ឡើងកាលពី​ឆ្នាំ២០១៦ ដោយ​​សហ​គ្រិន​ឈ្មោះ Yuri Milner និង​អ្នកវិទ្យាសាស្រ្ត​ដ៏ល្បីរបស់​ពិភពលោក គឺលោក Stephen Hwaking ដែលបានទទួល​មរណភាព​ កាលពីខែមីនា​​កន្លងទៅនេះ ដើម្បីប្រើប្រាស់​ឧបករណ៍​ដូចជា ប្រព័ន្ធតេឡេស្កូប Parkes ជាដើម ដើម្បីអង្កេត​តំបន់ Galactic Plane របស់កាឡាក់ស៊ី Milky Way ព្រមទាំងកាឡាក់ស៊ី​ដទៃទៀត​ ដែលនៅក្បែរខាង។

គួរបញ្ជាក់ថា គោលដៅ​ចម្បងនៃគម្រោង​ប្រកបដោយ​មហិច្ឆតានេះ គឺតាមរុករក​ភស្តុតាងនៃ​​​ជីវិត​ឆ្លាតវៃ​នៅកន្លែងផ្សេង​ក្រៅពីផែនដី បន្ថែមពីលើបេសកកម្មដែលមានស្រាប់ ដូចជា Kepler, TESS និង James Webb នៅថ្ងៃ​អនាគត៕

ចែករំលែក