អ្នកតែង​សួរថា តើ​​អេលៀន និងថាសហោះ​ មានពិតមែន​ឬទេ? នេះជា​​ចម្លើយម្តង​ទៀត…

0

 

(អវកាស)៖ វាពិតជារឿង​ដែលពិបាកនឹ​ងបង្ខំ ឲ្យនរណាម្នាក់ជឿ ឬមិនជឿទៅ​លើអ្វីដែលគ្រាន់តែ​មាន​នៅលើរូបភាព ប៉ុន្តែយើងមិន​អាចមានភស្តុតាង​គ្រប់គ្រាន់​ ដើម្បីបញ្ជាក់អះអាង​ពីរឿងនេះ។ អ្វីដែល​សំខាន់​នោះក្រុមអ្នកវិទ្យាសាស្ត្រ​​មិនដែលធ្លាប់អះអាង​ជាផ្លូវការថា មានអេលៀន ឬថាសហោះ​ធ្លាប់មកកាន់​ភពផែនដី​នោះឡើយ ប៉ុន្តែពួកគេជឿថាអេលៀន ឬជីវិតភពផ្សេង​មានប្រាកដមែន គ្រាន់តែមិនដឹងថា មានរូបរាងបែបណា និងស្ថិតប្រព័ន្ធ​ព្រះអាទិត្យមួយ​ណា​ប៉ុណ្ណោះ។

ជាការពិតណាស់ ស្ទើរតែមនុស្សគ្រប់គ្នាទៅហើយ នៅលើផែនដី ដែលធ្លាប់បានដឹង និង លឺ អំពីថាសហោះ ពួកភពផ្កាយ ឬ ក៏ពាក្យបច្ចេកទេសហៅថា UFO (Unidentified flying objects) មានន័យ ថាជា វត្ថុហោះហើរ ដែលមិនអាចកំណត់ថាជាអ្វីឲ្យប្រាកដបាន។ នេះគឺជា​មេរៀនដែល Cambo Space ធ្លាប់បានចែកចាយ​ជាយូរមក​ហើយ ប៉ុន្តែ​ដោយសារ​នៅមានបងប្អូន​សួរនាំច្រើន ទើបយើង​សម្រេចចេញ​ផ្សាយវាជាថ្មី។

គំនិត និង អំណះអំណាង​អំពីថាសហោះ នេះបានកើតឡើងតាំងពី សម័យសង្គ្រាម​លោកលើក​ទីពីរ នៅអំឡុងសម័យសង្គ្រាមលោក ១៩៤០ មកម្ល៉េះ ហើយវាកាន់តែរីករាលដាលខ្លាំងនៅឆ្នាំ ១៩៥០។ មានមនុស្សមួយចំនួនទៀតអះអាងថា ការបង្កើតអេលៀន ឬថាសឡើង គឺជាល្បិចរបស់អាមេរិក ដើម្បីទាក់ទាញ​សហភាពសូវៀត ឲ្យចំណាយធនធាន​ធ្វើការរុករក ព្រោះសូវៀត​កាលណោះ ពិតជាមាន​ការស្រាវជ្រាវ​ខ្លាំងខាងវិស័យ​អវកាស។

អ្វីដែលជាការពិត គឺគ្មាននរណាម្នាក់​អាចបកស្រាយ ឬ ផ្តល់ភស្តុតាង ១០០ភាគរយ ថា ថាសហោះ​ជាអ្វីឲ្យប្រាកដ និង មានប្រភពដើមមក​ពីណានៅ ឡើយទេរហូតមក​ដល់ពេលនេះ។ ហើយវាក៏មិនបាន​បន្សល់ដាន ឬ ក៏បង្កគ្រោះថ្នាក់ដល់​នរណាម្នាក់ដែរ​នៅលើផែនដី ចាប់តាំងពីវាត្រូវបាន​គេអះអាងថា បង្ហាញខ្លួនតាំង​ពីអំឡុងសង្គ្រាម​លោកមក។

ទោះបីជាបែបនេះក្តី មានវីដេអូ និង រូបភាពជាច្រើន បានបង្ហាញ តាមសារព័ត៌មាន និង ទូរទស្សន៍ ទូទាំងសកលោក នៅក្នុងអំឡុងពេល ៧០ឆ្នាំ មកនេះស្តីអំពីការប្រទះឃើញ ថាសហោះ នៅប្រទេសនេះ ឬ តំបន់នេះ តំបន់នោះ។ តែពេលខ្លះ វាគ្រាន់តែការបង្កើតឡើង ដោយ កុំព្យូទ័រ និង ខ្លះទៀត វាមិនបានបង្ហាញភាពច្បាស់លាស់ថាជាអ្វីឡើយ។

សរុបជារួម រហូតមកដល់ឆ្នាំ ២០១៧ នេះរឿងរាវទាក់ទងនឹងថាសហោះ ឬមួយក៏មនុស្សភពផ្សេង នៅតែជាអាថ៌កំបាំង ប៉ុន្តែក៏មិនមែនជារឿងថ្មី ដែលអាចបង្កការភ្ញាក់ផ្អើលខ្លាំង ដូចមុននោះដែរ ក៏ព្រោះតែបច្ចុប្បន្ន មនុស្សជំនាន់ថ្មីមានការសិក្សាស្រាវជ្រាវ និងស្វែងយល់ច្បាស់ដែលអាចថ្លឹងថ្លែងដោយ​ខ្លួនឯងថា អ្វីជាការពិត និងអ្វីជាការប្រឌិតដើម្បីតែជាការបំប៉ោង និងទាក់ទាញអ្នកចាប់អារម្មណ៍នោះ៕

ចែករំលែក