គំរោងធំអស្ចារ្យ​មួយនៃ James Webb គឺអង្កេត​ទៅ​​លើផ្កាយ Trappist-1 និងភពទាំង​ ០៧ ដើម្បី​រក​ជីវិត…

0

 

(បរទេស)៖ កែវយឺត​អវកាស James Webb របស់​អង្គការ NASA ដែលត្រូវបាញ់​បង្ហោះនៅខែឧសភា ឆ្នាំ​២០២០ (ទើបពន្យារពេលជាថ្មី) នឹងធ្វើការតាម​រុករកវត្តមាន​នៃជីវិតក្រៅភព នៅលើបណ្តាភព​​ដែលមានទំហំ​ប៉ុន​ផែនដី នៃ​ប្រព័ន្ធ​ផ្កាយ​ TRAPPIST-1 ដែលទើបតែត្រូវ​បានរកឃើញ​កាលពីអំឡុងពេលដើមឆ្នាំ២០១៧ រួមនិងព្រះច័ន្ទយូរ៉ូប៉ា (Europa) ផងដែរ។

ក្រុមអ្នកវិទ្យាសាស្រ្ត​នៃអង្គការ​ណាសា (NASA) នាពេលថ្មីៗនេះ​បានប្រកាសឲ្យដឹង​ អំពីរបក​គំហើញ​ដ៏​អស្ចារ្យ​​បំផុត​មួយ​​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្ស​លោក​ នៃការរកឃើញ​ដ៏ថ្មីសន្លាង​នូវភព​ចំនួន​០៧​​ ដែលវិល​ជុំវិញ​ប្រព័ន្ធ​ផ្កាយ​តូចមួយ ដែលប្រការ​នេះកំពុង​បើកទូលាយ​នូវ​ទីតាំង​ដ៏ប្រសើរ​ជាងគេបង្អស់​សម្រាប់ការស្រាវជ្រាវ​ក៏ដូចជាស្វែង​រុករក​ជីវិត​នៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង។

យោងតាម​ប្រភព​ព័ត៌មាន​ដដែល​ ភពថ្មីទាំង០៧ខាងលើ​មានទំហំ​ និងទម្ងន់ប្រហាក់​ប្រហែល​នឹងភពផែនដី​​របស់យើង​ដែរ ​និង​ភាគ​​ច្រើន​ផ្សំ​ឡើង​​ពី​ថ្ម ហើយ​​ភព​បី​​នៅ​ក្នុង​ចំណោម​នោះមាន​សភាពសាកសម​បំផុតក្នុងការ​ធ្វើជាទីជ្រកកោន​របស់ផ្ទៃទឹកដ៏​ធំល្វឹងល្វឺយ​ដែលអាចទ្រទ្រង់​ជីវិត​បាន​។ ម៉្យាង​វិញ​ទៀត​អ្វីដែលសំខាន់​ជាងនេះទៅទៀត​នោះគឺថា ​រយៈចម្ងាយរបស់​ពួកវាពីភពផែនដី និងកម្រិត​ពន្លឺនៃផ្កាយ​របស់ពួកវា​មានឈ្មោះ​ថា Trappist-1 នឹង​អនុញ្ញាត​ឲ្យអវកាសយានិក​ធ្វើការបែងចែក​បរិយាកាសនៃ​ភពនីមួយៗ ដើម្បីស្វែង​រកសញ្ញានៃ​សារធាតុទាំងឡាយ​នៃសកម្ម​ភាព​​របស់ភាវៈមាន​ជីវិត។

គួរបញ្ជាក់ដែរប្រព័ន្ធផ្កាយ TRAPPIST-1 ដែលស្ថិតនៅ​ចម្ងាយត្រឹមតែ​ ៣៩ឆ្នាំពន្លឺប៉ុណ្ណោះពីភព​របស់យើងនោះ មានចំនួនភព​ដែល​មាន​ទំហំ​ប្រហាក់​ប្រហែលនឹងផែនដី ​ហើយវិលជុំវិញ​ប្រព័ន្ធផ្កាយតែមួយគត់​ច្រើនជាង​បង្អស់ ហើយប្រព័ន្ធ​ផ្កាយតូចនេះ​មាន សីតុណ្ហភាព​មិនក្តៅពេក​រហូត​ដល់​ធ្វើ​ឲ្យ​ទឹក​ក្លាយ​​ជា​រំហួត និងមិនត្រជាក់​ពេករហូតដល់ធ្វើអ្វីៗ​ក្លាយជាទឹកកក​នោះឡើយ​។

សម្រាប់ព្រះអាទិត្យ TRAPPIST-1 គឺមានទំហំធំជាង​ភពព្រហស្បតិ៍របស់​យើងតែបន្តិច​ប៉ុណ្ណោះ (ធំជាងផែនដី​ជាង ១,៣០០ដង) ហើយពន្លឺ​របស់វា​ក៏ខ្សោយជាងព្រះអាទិត្យយើង ២,០០០ដង​ផងដែរ។ វាមានន័យថា​ទោះបីជា​ភពទាំង ០៧ គោចរកៀកនឹង​ផ្កាយនេះ​ជាងភពពុធ ដែលនៅជិតហ្នឹង​ព្រះអាទិត្យ​យើងជាងគេ​បំផុតនោះ ក៏ទំនងជាមិនមាន​បញ្ហាក្តៅខ្លាំងនោះដែរ។ លក្ខណៈពិសេសបន្ថែមនោះ ដោយសារតែ Trappist-1 មានភពគោចរកៀកៗគ្នា​ខ្លាំង​ពេក នោះប្រសិនជាយើងឈរលើភពណាមួយ យើងនឹងអាចមើលឃើញ​វត្តមាន​ភព​​ផ្សេងៗទៀត រេរាពេញផ្ទៃមេឃ​មិនថា​តែពេលយប់ ឬពេលថ្ងៃនោះទេ។

ដោយឡែកបើ​ធ្វើការប្រៀបធៀបពី​ចម្ងាយរវាង​ព្រះអាទិត្យ​របស់យើង​ និងភព​របស់វា​វិញ​ក្រុមគ្រួសារ​នៃប្រព័ន្ធផ្កាយ Trappist-1 ស្ថិតក្នុងចង្កោម​​យ៉ាងកៀក​ជាមួយគ្នា។ ជាការពិតណាស់​កូនផ្កាយនោះ និងភពទាំងពីររបស់វាជាមួយ​ដំណើរគោចរមាន រយៈ​ពេលចាប់ពី១​ថ្ងៃកន្លះរហូតដល់​​១២​ថ្ងៃនោះ គឺស្ថិតនៅក្នុងគន្លង និងគម្លាត​ដូចព្រះអាទិត្យ​យើង និងភពភពពុធ​ ប៉ុន្តែ Trappist-1 ធ្វើការបញ្ចេញ​ធាតុវិទ្យុសកម្ម និងសីតុណ្ហភាពក្នុងកម្រិតដ៏ទាប​សមរម្យមួយ ដូច្នេះវាអាចធ្វើឲ្យបរិយាកាស ស្ថិតក្នុងចន្លោះ​ពីសូន្យទៅ​​មួយរយអង្សាសេប៉ុណ្ណោះ៕

ចែករំលែក