Oops! អង្គការ NASA នឹងបញ្ជូន​ឧទ្ធម្ភាគចក្រមួយគ្រឿង ទៅកាន់ភពព្រះអង្គារ…

0

 

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារ​អវកាសអាមេរិក NASA កំពុងតែរៀបចំ​គំរោងនៅក្នុងការ​បញ្ជូនឧទ្ធម្ភាគចក្រ​ខ្នាតតូចមួយគ្រឿង ទៅកាន់ភពព្រះអង្គារ នៅអំឡុងខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីការបាញ់បង្ហោះ​ដោយជោគជ័យ នូវយានរុករក InSight កាលពី​ដើមខែឧសភា ឆ្នាំ២០១៨។ នេះបើតាម​ការចេញផ្សាយដោយ ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨។

យោងតាមសេចក្តី​ប្រកាសក្តៅៗ​របស់អង្គការ NASA ឧទ្ធម្ភាគចក្រ​ដែលគ្រោងនឹង​បាញ់បង្ហោះនៅ​ឆ្នាំ២០២០ ខាងមុខនេះ គឺជាគ្រឿងយន្តហោះ​ហើរ​ខ្នាតតូច ដែលអាច​បណ្តែត​ខ្លួនវានៅក្នុងខ្យល់​អាកាស​របស់ភពអង្គារ ហើយវាក៏​ជាគ្រឿងយន្តក្នុងការធ្វើតេស្ត​ផងដែរថា តើអាចមាន​យន្តហោះណា មានសមត្ថភាពធ្វើការហោះហើរ នៅក្នុងបរិយាកាសភពអង្គារ ដែល​ស្តើងជាង​បរិយាកាសផែនដី​រហូតដល់ទៅជិត ១០០ដងនោះ បានដែរឬទេ។

បញ្ហា​បច្ចេកទេស នៃការផលិតគ្រឿងយន្ត​ដែលអាចហោះហើរបាននេះ ពិតជារឿងមួយ​ដែលលំបាក ខណៈដែលអង្គការ NASA បានចំណាយពេលរហូតដល់ទៅ ៤ឆ្នាំ សម្រាប់គំរោង​មួយនេះ ដែលត្រូវប្រឈមមុខនឹងហានិភ័យខ្ពស់ តែបើជោគជ័យវិញ វានឹងក្លាយជាគុណ​ប្រយោជន៍​ដ៏ធំធេង។ ឧទ្ធម្ភាគចក្រ​គឺមាន​ផ្ទុកទៅដោយថ្មប្រភេទ Lithium-ion ដែលអាច​សាកបានដោយ​ប្រើថាមពលព្រះអាទិត្យ ហើយវា​ក៏មានបំបាក់​ម៉ាស៊ីនកម្តៅ​ខ្លួនវាផងដែរ ដែលអាច​តស៊ូបាននឹង​ស្ថានភាពពេលយប់ ដែលអាកាសធាតុចុះត្រជាក់​ខ្លាំងបំផុត​នោះ។

បន្ថែមពីលើ​នេះទៀត គឺភពអង្គារមានទំនាញ​ខ្សោយ និងបរិយាកាស​ស្តើងមែនទែន ព្រមទាំងមាន​ផ្ទុះធូលីដ៏ខ្លាំងក្លា​ថែមទៀត ដូច្នេះវាពិតជា​រឿងស្មុគស្មាញ​ណាស់ ក្នុងការផលិតចេញនូវឧទ្ធម្ភាគចក្រ​ដែលមាន​ខ្នាតតូច តែអាច​ចល័តខ្លួន​លើ​បរិយាកាសដែល​ស្តើង ដែលអាច​ទប់ទល់នឹង​ព្យុះធូលីបែបនោះ។ ដូចដែល​យើងដឹង​ហើយថា សូម្បីពេល​អាកាធាតុអាក្រក់​​លើផែនដី ក៏ឧទ្ធម្ភាគចក្រខ្លះ​លើផែនដី មិនអាចទាំង​ទប់ទល់​បានផង ចុះទម្រាំព្យុះធូលីលើភព​អង្គារ និងគ្មាន​មនុស្ស​បញ្ជា​ផ្ទាល់នោះ?

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រកូន​កាត់ខ្នាតតូច​ខាងលើនេះ មានឈ្មោះ​ថា MH (Mars Helicopter) គឺនឹងក្លាយ​ជាជោគជ័យធំ​មួយទៀតរបស់​អង្គការ NASA នៅថ្ងៃអនាគត ដើម្បីធ្វើការសិក្សា​ក្នុងវិធី​ថ្មីប្លែកមិនធ្លាប់​មាន នោះគឺការហោះ​ក្នុង​បរិយាកាស មិនខុសពី​ឧទ្ធម្ភាគចក្រ ឬដ្រូន​ហោះ​នៅក្នុងបរិយាកាស​ផែនដីនោះ​ឡើយ ព្រោះវានឹងអាចចល័ត​ក្នុងខ្យល់​ទៅកាន់តំបន់​​​ផ្សេងៗ ដែលមាន​​ស្ថានភូមិសាស្ត្រ​​លំបាកៗ ដែលយានរុករក​លើដីមិនអាច​ចល័ត​ទៅដល់៕

ចែករំលែក