ត្រៀមទស្សនា​អាចម៍ផ្កាយទំហំ ១២០ម៉ែត្រ ហោះមក​កៀក​ផែនដីយើង នៅថ្ងៃពុធស្អែកនេះ!

0

 

(អាមេរិក)៖​ នាថ្ងៃអង្គារទី១៥សប្តាហ៍នេះ (ពេលវេលានៅអាមេរិក ត្រូវនឹងថ្ងៃពុធ​ពេលវេលា​នៅអាស៊ី) អាចម៍ផ្កាយ​មាន​ឈ្មោះថា 2010 WC9 នឹងហោះមកកៀក​ផែនដី​របស់​យើង។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី វែបសាយ Space.com នៅរសៀលថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨។

អាចម៍ផ្កាយ 2010 WC9 ដែលជាដុំថ្មអវកាស​មានទំហំមុខកាត់រហូត​ដល់ ១២០ម៉ែត្រនោះ នឹងធ្វើដំណើរឆ្លងកាត់​ចន្លោះភព​ផែនដី និងឋានព្រះច័ន្ទ​ ដែលវាគឺជា​ការកើតមានឡើង​ដ៏កម្រមួយ សម្រាប់អាចម៍ផ្កាយ​ដែលមានទំហំធំ​បែបនេះ។

សម្រាប់អង្គការ NASA នេះ គឺជាព្រឹត្តិការណ៍ដ៏គួរឲ្យតាមដានមួយ ហើយវាក៏នឹងមាន​ការផ្សាយផ្ទាល់ផងដែរ នៅថ្ងៃអង្គារ (ពេលវេលានៅអាមេរិក) ដែលត្រូវនឹងពេលព្រឹក​ថ្ងៃពុធ ពេលវេលានៅអាស៊ី ប៉ុន្តែសម្រាប់អ្វីដែល​អាចឲ្យអ្នកតាមដាន​បានពេញភ្នែកនោះ គឺប្រហែល​ជារូបភាពពីតេឡេស្កូប​ច្រើនជាង។

គួរជម្រាបថា សម្រាប់​ព្រឹត្តិការណ៍នេះ មូលដ្ឋានអង្កេត​អវកាស Slooh ក៏នឹងធ្វើការផ្សាយ​ផ្ទាល់ផងដែរ។ Slooh ជាទូទៅតែង​ធ្វើការតាមដាន​វត្ថុនានាដែលអាច​បង្កគ្រោះ ហើយផ្សាយផ្ទាល់ឲ្យសាធារណជន​បានមើលឃើញ មិនថា​អាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយ​នោះឡើយ ដោយ​​ដុំ​ថ្មអវកាស​ទាំងនេះ សុទ្ធតែមានទំហំធំ និងមានគន្លងគោចរ​ជិតគ្រប់គ្រាន់មកផែនដី ដែលធ្វើឲ្យពួកវា​អាចនឹង​បង្កការបំផ្លិចបំផ្លាញ​ខ្លាំង ក្នុង​ករណីដែលបុក​ជាមួយផែនដី៕

ចែករំលែក