គួរឲ្យព្រឺព្រួច! ប្រហោងខ្មៅ​មហាយក្ស​ត្រូវបានរក​ឃើញ ដោយពន្លឺ​ជះចេញ​ពី​វា «អាច​សម្លាប់​​មនុស្ស​​បាន​…»

0

 

(អាមេរិក)៖ ក្រុមអ្នក​វិទ្យាសាស្រ្ត​បានប្រទះ​ឃើញ ប្រហោងខ្មៅ​ដែលកំពុងរីកធំធាត់​យ៉ាងឆាប់រហ័ស​ជាងគេបំផុត ហើយពួកគេ​ក៏បានឃើញ​​វាលេបត្របាក់​វត្ថុដែលមានម៉ាស​ធ្ងន់ស្មើនឹង​ព្រះអាទិត្យ ជារៀងរាល់​០២ថ្ងៃ​ម្តងផងដែរ។ នេះបើ​តាម​ការ​ដកស្រង់ការផ្សាយ​ចេញពី វែបសាយ Space.com នៅរសៀល​ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។

​អ្នកវិទ្យាសាស្រ្តបាន​ប្រើប្រាស់ទិន្នន័យ​ថ្មី ពីផ្កាយរណប Gaia នៃទីភ្នាក់ងារ​​អវកាសអឺរ៉ុប (ESA) ដើម្បី​បញ្ជាក់ថា វត្ថុដែលភ្លឺចែង​ចាំងមួយ តាម​ពិតគឺជាប្រហោង​ខ្មៅ ដែលទំនងជា​មានម៉ាស់​ស្មើនឹងម៉ាស់​របស់ព្រះអាទិត្យ​ដល់ទៅ ២០ពាន់លានដង​ឯណោះ នៅពេលដែល​ពន្លឺត្រូវបាន​​បញ្ចេញ និងរីកមាឌក្នុងអត្រាមួយ​ភាគរយ​ជារៀង​រាល់​​មួយ​លានឆ្នាំ។ ប្រហោងខ្មៅ​នេះ កំពុងរីកមាឌ​យ៉ាងលឿន រហូតដល់ធ្វើ​ឲ្យវាជះពន្លឺ​ភ្លឺ​ចែងចាំង​ ខ្លាំងជាងកាឡាក់​ស៊ីមួយ​ទាំងមូលរាប់​ពាន់ដង ដោយសារតែ​​​ឧស្ម័ននានា ដែលវាស្រូបចូល​ជារៀងរាល់ថ្ងៃ បង្កជាផ្កាភ្លើង និងកម្តៅ។​

គួរជម្រាបថា ប្រសិនបើប្រហោងខ្មៅ​បិសាចនេះ មានទីតាំងស្ថិត​នៅចំកណ្តាលបេះដូង​នៃកាឡាក់ស៊ី Milky Way របស់យើង​វិញនោះ វា​នឹង​​ជះពន្លឺភ្លឺជាង​ព្រះច័ន្ទពេញវង់​ដល់​ទៅ ១០ដង។ តែជា​សំណាងល្អ ប្រហោងខ្មៅនេះ ស្ថិតនៅឆ្ងាយ ពោលគឺពន្លឺរបស់វា​ទំនងជា​ត្រូវបាន​បញ្ចេញតាំងតែពី ១២ពាន់លាន​ឆ្នាំ​មុនមកម្ល៉េះ។

មួយវិញទៀត ថាមពលដែលវាបញ្ចេញ​ភាគច្រើនគឺជាពន្លឺ​កាំរស្មី UV ប៉ុន្តែវាក៏បញ្ចេញ​កាំរស្មី​អ៊ិច​ផងដែរ ដូច្នេះហើយ​ប្រសិននៅវាស្ថិតនៅ​កណ្តាលកាឡាក់ស៊ី Milky Way វិញ​ជីវិតនៅ​លើផែនដី នឹងពុំអាចកើតមានឡើងទៅរួច​ឡើយ​ ដោយសារតែ​បរិមាណដ៏ច្រើនសន្ធឹក​សន្ធា​ប់​ នៃការស្មីអ៊ិចបាញ់​ចេញពី​វា។

ចំណុចបន្ថែម៖ ប្រហោង​ខ្មៅ គឺប្រៀបបី​ដូច​ជាព្យុះកួច​ដ៏ខ្លាំងក្លា​មួយ នៅក្នុង​កាឡាក់ស៊ី​មួយ ដែលអាច​​មានទំហំចាំន់ពី​ប៉ុនព្រះអាទិត្យ​យើង ៣ ទៅ ៤ដង បូកបញ្ចូលគ្នា ហើយវានឹងរីកធំធាត់ទៅតាមកម្លាំង និងវត្ថុអវកាសនានា មានដូចជាភព និងព្រះអាទិត្យដែល​វាស្រូបកម្ទេចចូលក្នុងខ្លួនវា។ ប្រហោងខ្មៅ​ខ្លះអាចមាន​ទំហំធំជាង​ព្រះអាទិត្យយើង​រាប់ពាន់លាន​ដង ហើយវាកើតចេញពី​ដំបូងដោយតារា​ដ៏ធំមហិមាមួយ​ផ្ទុះឡើង៕

ចែករំលែក