ការនឹក​ស្រមៃពីទីក្រុង​អវកាស​ទាំង ០៥ ដែលធ្វើឲ្យយើងរំភើប​ម្នាក់ឯង ទោះវាពិបាក​ក្លាយ​ជាការពិត…

0

 

(ភ្នំពេញ)៖ ការស្វែងយល់ពីវិស័យអវកាស ពិតជាធំធេងណាស់សម្រាប់​អ្នកដែលតែងតែ​ស្រឡាញ់ការសិក្សា និងស្រាវជ្រាវ ប៉ុន្តែមនុស្សជាច្រើនពិតជាអន្ទះសាខ្លាំង នៅពេលរង់​ចាំលទ្ធផល អំពីការសិក្សាស្រាវជ្រាវម្តងៗ ដោយត្រូវប្រើរយៈពេលរាប់ទសវត្សរ៍ ឬគំរោងខ្លះដល់ឆ្លងសតវត្សរ៍ទៀតផង។ ប្រការហេតុនេះហើយ បានជាការស្រមៃតែងតែ​ដើរទៅមុនការពិតជានិច្ច ហើយអ្នកមានសិទ្ធិការស្រមៃពីអ្វីដែលអ្នកគិតថា នឹងអាចទៅរួចសម្រាប់វិស័យអវកាសនៅថ្ងៃអនាគត ទោះបីជាលំបាក​នឹងទៅរួចក៏ដោយ។

ខាងក្រោម​នេះ គឺជាការនឹក​ស្រមៃពីទីក្រុង​ទាំង ០៥ ដែលប្រាកដជា​មានយ៉ាងហោច​ណាស់ក៏ ១ ដែរក្នុងចំណោមនោះ ​ដែល​លោកអ្នកធ្លាប់​សញ្ជឹង​គិត​ទៅដល់៖

១៖ ទីក្រុងអវកាស ឬសណ្ឋាគារ​អវកាស៖ វាខុស​ពីស្ថានីយ​អវកាស​​អន្តរជាតិ ISS ដោយ ទីក្រុង​អវកាស ឬ Space City អាចស្ថិតនៅគន្លងគោចរឆ្ងាយជាងនេះបន្តិច ហើយវាត្រូវជាទីកន្លែង​កម្សាន្ត ជាជាងសម្រាប់ស្រាវជ្រាវ។ យើង​អាច​ទស្សនា​ភពផែនដី​បានពេញភ្នែក​ពីចម្ងាយ និងរីករាយចំពោះកម្លាំងទំនាញ​​សិប្បនិមិត្តនៅលើ​​នោះស្រាប់ ដែលជាហេតុ​ធ្វើ​ឲ្យមនុស្ស ដែលជិះ​នៅលើទីក្រុងអណ្តែត​ក្នុងសុញអាកាស​នោះ មិនពិបាកក្នុង​ការចល័តកាយយឺតៗ ឬអណ្តែតអណ្តូងតោងលិច​តោងកើត​នោះ​ឡើយ។

២៖ ទីក្រុងកែវនៅ​ឋានព្រះច័ន្ទ៖ អាចថារើសយកឋានព្រះច័ន្ទ​យើងនេះទៅ ព្រោះស្ថិត​នៅជិតបង្កើតហ្នឹងទេ ប៉ុន្តែវាក៏នឹងក្លាយជារឿង​លំបាកបំផុតដែរ ក្នុងការនាំយក​គ្រឿងបរិក្ខា​សំណង់ និងវត្ថុប្រើប្រាស់​នានាពីផែនដី ទៅកាន់​ទីនោះណាស់។ បើយើង​អាចបង្កើត​ទីក្រុងស្រោបពី​លើ​ដោយកញ្ចក់​កែវ​ ដែលអាចបង្កើត​​ចេញជាបរិស្ថានបរិសុទ្ធ​តូច​មួយលើ​ផ្ទៃព្រះច័ន្ទនោះ យើងប្រាកដមាន​​ខែលការពារពី​រលកវិទ្យុសកម្ម​​ព្រះអាទិត្យ ហើយអាច​នឹងពុះពារ​បាននូវរបៀបរបប​រស់​​នៅដ៏លំបាក​មួយ នោះគឺការទ្រាំ​រស់​នៅពេល​ថ្ងៃ០២សប្តាហ៍​ និងពេលយប់​០២សប្តាហ៍។

៣៖ យានអវកាស ឬនាវាអវកាស៖ សម្រាប់​លទ្ធភាព​ដែលអាចទៅរួច យើងកុំទាន់អាល​គិតអំពីការទៅ​រកភពនៅប្រព័ន្ធផ្កាយ​ផ្សេងធ្វើអ្វី។ ដូច្នេះការធ្វើ​ដំណើរក្នុងប្រព័ន្ធ​ព្រះអាទិត្យ គួរតែត្រូវ​បាន​បង្កើនក្នុងប៉ុន្មាន​ទសវត្សរ៍​ខាងមុខ ហើយការ​ធ្វើបែបនេះ​ទៅបាន គឺយើងត្រូវ​មាន​យាន ដែលអាចធ្វើ​ដំណើរបានលឿនជាងបច្ចុប្បន្ន និងពឹងផ្អែកលើថាមពលលើយាន​ផ្ទាល់ ជាជាង​ប្រើប្រាស់​​តែ​ថាមពលព្រះអាទិត្យ ឬកម្លាំង​ម៉ាញេទិច​នៃភពយក្ស។

សរុបមកយាននេះ ត្រូវតែមាន​ទំហំ​ធំ (យ៉ាងហោច​ណាស់ប្រវែង​ចាប់ពី ១ គីឡូម៉ែត្រ​​ឡើងទៅ) នឹងមានបំពាក់នូវអ្វីគ្រប់​យ៉ាង​ ដែលអាចការពារ​សន្តិសុខ អវកាសយានិក ឬអ្នកដំណើរ​នៅលើនោះ ដើម្បីឲ្យពួកគេ​អាចស្នាក់នៅបានក្នុង​រយៈពេល​យូរ ដើម្បីធ្វើការ​ស្រាវជ្រាវ​ប្រព័ន្ធព្រះអាទិត្យ ឬក៏អាចជា​លក្ខណៈកម្សាន្ត​ដោយចំណាយ​ថ្លៃឈ្នួលច្រើនផង​ក៏ថា​បានដែរ។ វាមិនមែន​ជាការស្រមៃជ្រុល​នោះទេ តែមនុស្ស​នឹងអាច​មានលទ្ធភាពប​ង្កើតវាឡើងបាន ក្នុងករណីដែល​ធនធាន​ប្រមូលផ្តុំ​ អាច​សម្រេច​​ចេញ​មក។

៤៖ ទីក្រុងនៃភពអង្គារ៖ ក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់​ស្រមៃអំពីទីក្រុង នៅលើផ្ទៃភពអង្គារ ដែលប្រកបដោយគ្រោះថ្នាក់ ដូចជាព្យុះធូលី អាកាសធាតុត្រជាក់ខ្លាំង និងរលកវិទ្យុសកម្ម​ដ៏មហាប្រល័យពីព្រះអាទិត្យ ប៉ុន្តែភពអង្គារ​មានអំណោយផលច្រើនជាង​ព្រះច័ន្ទ​ឆ្ងាយ ជាពិសេសពិសេស ទៅលើពេលវេលាយប់នឹងថ្ងៃដែលស្ទើរ​តែដូចផែនដី និងកម្លាំង​ទំនាញ​ខ្លាំងជាព្រះច័ន្ទ​ផងដែរ។ ទីក្រុងលើភពអង្គារ អាចមិនខុសពី​ព្រះច័ន្ទប៉ុន្មាននោះទេ គឺត្រូវតែមាន​ខែលការពារ​ពីរលកវិទ្យុសកម្ម​ព្រះអាទិត្យ និង​បំពាក់​កញ្ចក់កែវ (ផ្ទះកែវ ឬបន្ទប់បិទជិត) ដើម្បីរក្សា​កម្សិតអុកស៊ីសែន។

ទីក្រុងនៃភពអង្គារ នឹងបន្តរីករាលដាល​ពីមួយឆ្នាំទៅមួយឆ្នាំ ដោយមនុស្សនឹង​​បង្កើតរដ្ឋ​បាលគ្រប់គ្រង​នៅទីនោះ ដាច់ដោយឡែកពីផែនដី។ ទឹក អុកស៊ីសែន ឧបករណ៍​ប្រើប្រាស់​នានា ឬសូម្បីតែ​​ចំណី​​អាហារ (បន្ថែ ផ្លែឈើ) ក៏អាចនឹង​​ត្រូវ​ផលិត និងដំាដុះ​នៅលើភពអង្គារ​ផ្ទាល់ផងដែរ ព្រោះតែការយកពីផែនដី​ទៅ នឹងលែងជារឿង​អាចទៅរួច នៅពេលដែល​ប្រជាជនរស់នៅលើភពអង្គារផ្ទាល់នោះ មានតម្រូវការ​កាន់តែច្រើន។

៥៖ ស្ថានីយនៅ​លើភព​ភ្លុយតូ៖ គ្រាន់តែលឺ​ឈ្មោះថា «ភ្លុយតូ» នោះអ្នកប្រាកដ​ជាដឹងថា វាស្ថិតនៅឆ្ងាយ​កម្រិតណា​ឡើយ។ ភពដែលត្រូវបាន​ចាត់ចូលជា​ភពបម្រុង (មិនពេញ​លក្ខណៈជាភព) មួយនេះត្រូវ​បាន​យាន New Horizons ធ្វើដំណើរ​ទៅដល់ជា​លើកដំបូង កាលពីខែកក្កដា ឆ្នាំ២០១៥។ វាពិត​ជាឆ្ងាយ និងត្រជាក់​ខ្លាំង ប៉ុន្តែវាក៏ជាទីតាំង​ដ៏ល្អបំផុត​ផងដែរ សម្រាប់មនុស្ស​ធ្វើការបង្កើតមូលដ្ឋាន​ស្រាវជ្រាវ នៅចុងប្រព័ន្ធ​ព្រះអាទិត្យ និងធ្វើជាកន្លែង​អង្កេតផ្កាយ​ផ្សេងៗ បានយ៉ាងប្រសើរបំផុត។

ប្រសិន​បើផែនការដំណើរការទៅល្អ ហើយមូលដ្ឋានស្រាវជ្រាវលើផ្ទៃភពភ្លុយតូផ្ទាល់​ កាន់តែរីកដុះដាលនោះ អ្នកមានធនធាន​ក៏អាចបង្កើតគំរោង​កែច្នៃវា ទៅជាកន្លែង​ទទួលដំណើរកម្សាន្ត​ចុងប្រព័ន្ធព្រះអាទិត្យផងដែរ ហើយ​ការធ្វើបែបនេះ នឹងអាចឲ្យ​វិស័យអវកាស និងវិទ្យាសាស្ត្រ ក្លាយជាកន្លែងពាក់កណ្តាលពាណិជ្ជកម្ម ដែលអាច​ទ្រទ្រង់គ្នា​ទៅវិញ​ទៅមក​បាន៕

អត្ថបទ៖ Cambo Space

ចែករំលែក