រយៈពេល​២០០ឆ្នាំហើយ មិនដែលមាន​អាចម៍ផ្កាយ​ណា ហោះមក​កៀកផែនដី​បែបនេះ​ទេ…

0

 

(វ៉ាស៊ីនតោន)៖ នាថ្ងៃអង្គារសប្តាហ៍នេះ អាចម៍ផ្កាយមួយដុំមានទំហំធំជាងយន្តហោះយក្ស Antonov An-225 Mriya ទៅទៀតនោះ បានហោះ​មកកាត់ផែនដីយើង នៅក្នុងរយៈចម្ងាយត្រឹម ២០៣,០០០គីឡូម៉ែត្រ​ប៉ុណ្ណោះ គឺជាងពាក់​កណ្តាល​នៃចម្ងាយរវាង​ភព​ផែនដី និងឋាន​ព្រះច័ន្ទ ​ហើយ​វាគឺជាចម្ងាយ​កៀក​បំផុត ដែល​អាចម៍ផ្កាយ​ដ៏ធំនេះ ធ្លាប់បានធ្វើដំណើរ​ឆ្លងកាត់ភព​របស់យើង ក្នុងអំឡុងពេល​យ៉ាងតិច​ពី​រ​សតវត្សរ៍​កន្លង​ទៅនេះ។ នេះបើតាមការដក​ស្រង់ការផ្សាយ​ចេញពី​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។

បើតាមមជ្ឈមណ្ឌល​ឃ្លាំមើល​អាចម៍​ផ្កាយ និងផ្កាយ​ដុះកន្ទុយរបស់​សហរដ្ឋអាមេរិក Minor Planet Center អាចម៏ផ្កាយ​ដែលមាន​ឈ្មោះ​ថា 2010 WC9 បានហោះកាត់​ផែនដី​នាវេលាម៉ោងយប់​ថ្ងៃអង្គារ​សប្តាហ៍នេះ (ពេលវេលា​នៅ​អាមេរិក) ខណៈដែល​វាធ្វើដំណើរ​ក្នុងល្បឿន​ ១២.៨គីឡូម៉ែត្រ ក្នុង​មួយ​វិនាទី។

គួរជម្រាបថា ក្រុមតារាវិទូបាន​ធ្វើការប៉ាន់​ប្រមាណថា អាចម៍ផ្កាយ 2010 WC9 មានមុខកាត់​​អាចចន្លោះពី ៣៨ម៉ែត្រ ​ទៅ១១៩ម៉ែត្រ គឺអាច​ធំ​រហូតដល់រូប​សំណាក​នារីសេរីភាព Statue of Liberty នៃទីក្រុង​ញូយ៉ក របស់​សហរដ្ឋអាមេរិក ហើយដូចទៅនឹង​លេខសម្គាល់​ខាង​ដើម​របស់​វា អាចម៍ផ្កាយនេះ ត្រូវបានគេ​ប្រទះឃើញ​ជាលើក​ដំបូង កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១០៕

ចែករំលែក