គួរឲ្យ​ចាប់​អារម្មណ៍! ចលនា​ប្រហោង​ខ្មៅ​ចម្លែកៗ កើតឡើង​ក្នុងកញ្ចុំ​ផ្កាយ Globular Cluster

0

 

(អាមេរិក)៖ ការសិក្សា​ស្រាវជ្រាវ​នាពេល​ថ្មីៗនេះ​បានបង្ហាញ​ឲ្យដឹងថា បាតុភូតដ៏ចម្លែក​មួយពាក់ព័ន្ធនឹងប្រហោងខ្មៅ ទំនងជាកំពុង​កើតឡើង​នៅក្នុងក្រុមផ្កាយ​ប្រភេទ Globular Cluster ដែលស្ថិតនៅក្នុងផ្នែកមួយ នៃកាឡាក់ស៊ី។ នេះបើតាមការដកស្រង់ការ​ផ្សាយចេញពីវែបសាយ Space.com នៅល្ងាច​ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។

ប្រភេទក្រុម​ផ្កាយខាងលើ​ត្រូវបានគេអះអាងថា បានកកើតឡើង​ដោយមាន​ប្រហោងខ្មៅ​ក្នុងចំនួនចន្លោះ​ពីរាប់រយទៅរាប់ពាន់ ដែលប្រមូលផ្តុំ​គ្នា​​នៅ​ចំចំណុច​កណ្តាល​របស់ពួកវា។ តាមរយៈការ​ធ្វើពិសោធន៍​ ​ក្រុមអ្នកស្រាវជ្រាវ​បានរកឃើញថា ប្រហោងខ្មៅ​ដែលតាំងពី​ដំបូងឡើយ ត្រូវបានបង្កើត​ឡើងដោយ​ពពួក​​ផ្កាយនៅ​ក្នុងបណ្តុំ Globular Cluster គួរតែអាចរីក​ម៉ាស់​ធ្ងន់ជាងព្រះអាទិត្យយើង​លើសពី ៥០ដង ប្រសិនបើពួក​វាប៉ះទង្គិចគ្នាជា​មួយ​​ប្រហោងខ្មៅ​ដទៃទៀត។

ប្រជុំផ្កាយ​ប្រភេទបែបនេះ គឺជាកន្លែងប្រមូលផ្តុំ​ទៅដោយប្រហោងខ្មៅ​បែបជាគូ ពោលគឺនៅក្នុងបណ្តុំ​ផ្កាយប្រភេទ Globular Cluster ប្រហោង​ខ្មៅ​ជាច្រើន ប្រមូលផ្តុំគ្នានៅ​កន្លែងតូចចង្អៀត​ល្មមមួយ ដែលអាចអនុញ្ញាត​ឲ្យ​ប្រហោងខ្មៅពីរ​ច្របាច់​បញ្ចូលគ្នា ហើយ​បង្កើត​ចេញ​​​ជាប្រហោងខ្មៅធំ​ជាងមុន។ បន្ទាប់មក​ទៀតប្រហោងខ្មៅ​ថ្មីនោះ អាចស្វែងរកដៃគូ​មួយផ្សេងទៀត ដើម្បីត្របាញ់​បញ្ចូលគ្នា​តទៀត។

គួរជម្រាបថា ការប៉ះទង្គិចគ្នារវាងប្រហោងខ្មៅចំនួនពីរ ត្រូវបានគេ​ប្រទះ​ឃើញជាលើក​ដំបូង ​កាលពីឆ្នាំ២០១៦ ហើយសំនួរជាច្រើន​ក៏ត្រូវបានលេច​ឡើង​ផងដែរថា តើពេលប្រហោង​ខ្មៅពីរប៉ះគ្នា​នឹងមានរឿង​អ្វីកើត​ឡើង។

ចំណុចសំខាន់៖ នៅក្នុងដែន​ចក្រវាឡដែលឥតមានដែនកំណត់ ​ពួកយើងអាចមើលឃើញ មានវត្តមានកាឡាក់​ស៊ី​ប្រមាណ​ជិត ១០០ពាន់លាន​កាឡាក់ស៊ី។ សរុបមក កាឡាក់ស៊ី​របស់យើង គឺជាជម្រករបស់​ផ្កាយ​ប្រមាណ ១០០ពាន់លានដួង និងប្រហោងខ្មៅ ១០០លានកន្លែង។ សម្រាប់ប្រហោងខ្មៅ​ធំជាងគេ​ស្ថិតនៅ «ចំកណ្តាល​នៃកាឡាក់ស៊ី មៀលគីវេយ៍ នេះតែម្តង» ដែលមានទំហំធំជាង​ព្រះអាទិត្យយើង ៤.១លានដង និងមានចម្ងាយ ២៦,០០០ឆ្នាំពន្លឺពីផែនដី៕

ចែករំលែក