ការរុករក​ផ្នែកមួយ​ចំហៀង​ទៀតនៃ​ព្រះច័ន្ទ កំពុងចាប់​ផ្តើមដោយ​មហាយក្ស​ចិន ខណៈ​ផ្កាយរណប​មួយទើប​ត្រូវបាញ់​បង្ហោះ…

0

 

(ប៉េកាំង)៖ ប្រទេសចិន​នាថ្ងៃចន្ទ​នេះ​បាន​ចាប់​ផ្តើមបាញ់​បង្ហោះ​ ផ្កាយរណប​បញ្ជូនសញ្ញា​មួយ​គ្រឿង ដើម្បីរៀបចំ​បង្កើត​​​ប្រព័ន្ធ​ទំនាក់ទំនង​​​រវាង​ផែនដី និងយាន​អវកាស ឆាងអឺ ៤ (Chang’e-4) ដែលត្រូវបាន​គេគ្រោង​នឹង​បញ្ជូនទៅ​កាន់ឋាន​ព្រះច័ន្ទ ដើម្បីធ្វើការ​សិក្សាស្រាវ​ជ្រាវ​តំបន់​​ចំហៀង​ម្ខាង​ទៀតរបស់​ព្រះច័ន្ទ ដែលមិនបែរ​មករកភព​របស់យើង​ឡើយ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅ​ព្រឹក​ថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។

​បើតាមរដ្ឋបាល​អវកាសជាតិ​ចិន ហៅ​កាត់​ថា CNSA ផ្កាយរណប​ខាងលើដែល​មាន​ឈ្មោះថា ក្វេកៅ (Queqiao) ត្រូវបានបញ្ជូន​ទៅកាន់​ទីអវកាស​តាមរយៈ​គ្រាប់​រ៉ុក្កែត ឡុងម៉ាច (Long March-4C) ដែលបាន​ហោះចេញ​ពី​មជ្ឈមណ្ឌល​​បង្ហោះ​​ផ្កាយរណប​នៃក្រុង​ស៊ីឆាង (Xichang) ​ភាគនិរតី​ប្រទេស​ចិន កាល​ពីវេលាម៉ោង ៥៖២៨នាទី​ព្រឹក​ថ្ងៃចន្ទ​នេះ។

​​អ្នក​វិទ្យាសាស្រ្តចិន​មានក្តីសង្ឃឹមថា ផ្កាយ​រណបនេះ Queqiao នឹងបង្កើតជា​ស្ពានទំនាក់ទំនង​មួយ រវាង​ស្ថានីយគ្រប់គ្រង​​ប្រតិបត្តិការ​​នៅ​ផែនដី និង​តំបន់ Far Side of Moon (ផ្នែករបស់​ព្រះច័ន្ទដែល​យើង​មើលពីផែនដី​ទៅមិនឃើញ​ឡើយ) ជាទីដែលយាន Chang’e-4 ត្រូវគេ​រំពឹងថានឹងចុះទៅដល់ទីនោះនៅចុងឆ្នាំនេះ។

គួរជម្រាបថា ឈ្មោះ Queqiao របស់ផ្កាយរណប​ខាងលើ គឺមានន័យថា «ស្ពាន​ល្វាចេក»។ នៅក្នុងរឿង​ព្រេងចិន សត្វ​​ល្វាចេក​​តែងតែ​នាំ​គ្នា​​​​ប្រើ​ស្លាប​របស់ពួកវា តភ្ជាប់ជា​ស្ពានមួយ ​ជារៀង​រាល់យប់ទី០៧ នៃខែទី០៧ នៅក្នុងប្រតិទិន​​ច័ន្ទគតិ ដើម្បីអនុញ្ញាត​ឲ្យនាង Zhi Nu ដែល​ជា​បុត្រី​ទី​ ៧​ របស់​​ម្ចាស់ក្សត្រី​នៃឋានសួគ៌​ ធ្វើដំណើរឆ្លង​កាត់ដើម្បីទៅជួប​​ស្វាមី​ជាទីស្រឡាញ់ ដែលឃ្លាត​ពីទ្រង់​ដោយសារទន្លេ Milky Way។

ចំណុចសំខាន់៖ ដោយសារតែរឿង​ព្រេងពីបុរាណរាប់ពាន់ឆ្នាំ​នេះឡើយ ទើបជម្រុញ​ឲ្យវិស័យ​អវកាស​ចិន​បច្ចុប្បន្ន មានមហិច្ចតាធំ​ក្នុងការកសាង​វិមានយ៉ាងពិត​ប្រាកដមួយ នៅលើឋាន​ព្រះច័ន្ទ។ នេះបើតាម​ការអះអាងពីរដ្ឋបាល​អវកាស​ជាតិចិន (CNSA)។ ជាក់ស្តែង​គំរោងកសាង​មូលដ្ឋាន​មនុស្ស ដើម្បីស្រាវជ្រាវ​លើព្រះច័ន្ទ ឬក៏អាច​និយាយ​បានថា ជាការដាក់​អាណានិគម​លើព្រះច័ន្ទ ដែលប្រទេសនានា​មានសិទ្ធិ​ផងដែរ។

វាជារឿងព្រេង​និទានដ៏ល្បីល្បាញមួយនៅប្រទេសចិន ដែលស្ត្រីមួយរូបឈ្មោះ Chang’e (ឆាងអ៊ឺ) បានធ្វើដំណើរ​ទៅរស់​នៅឋាន​ព្រះច័ន្ទ ក្រោយពីនាងបាន​ផឹកទឹកផ្តាច់និស្ស័យ​ស្នេហ៍ ទើបនាងអាចក្លាយជាទេពអប្សរ​ ហោះឡើងទៅ​រស់នៅ​ក្នុងវិមានមួយ​​​លើឋានព្រះច័ន្ទ ដែល​អាច​​ស្ថិត​នៅ​​ក្បែរ​ប្តី​របស់នាង​ ដែលរស់នៅលើ​ផែនដី​​នោះ​ជានិច្ច។

ទោះបីជាចិនមាន​មហិច្ចតាធំ​ជាងនេះ គឺការបញ្ជូនយានទៅភពព្រះអង្គារ​ក៏ដោយ ក៏​បេសកកម្មនាំ​មនុស្សទៅ​ឋានព្រះច័ន្ទ នៅតែជាគោល​គំនិតស្នូលដែល​ត្រូវតែសម្រេច​ឲ្យបាន។ ខណៈខ្លួនជា​មហាអំណាចយោធា​លំដាប់ទី ៣ លើលោក​ទៅហើយនោះ ចិនកាលពី​ឆ្នាំ២០១៣ ក៏បានក្លាយជា​ប្រទេសទីបី​ផងដែរ ដែលបាន​បញ្ជូនយានរុករក​ដែលមាន​ឈ្មោះថា Chang’e 3 ទៅចុះចត​លើឋានព្រះច័ន្ទ​ប្រកបដោយ​ជោគជ័យ៕

ចែករំលែក