NASA បញ្ជូន​ឧបករណ៍​ពិសេសតូចមួយ ឡើងទៅកាន់​ស្ថានីយ​អវកាស ISS ដើម្បីសិក្សាពី​ចលនា​អាតូម…

0

 

(អាមេរិក)៖ តាមរយៈការ​បាញ់បង្ហោះឧបករណ៍​ពិសោធន៍មួយ​ចំនួន​ ទៅកាន់ស្ថានីយ​អវកាស​អន្តរជាតិ ISS នាដើម​សប្តាហ៍នេះ អ្នកវិទ្យា​​សាស្រ្ត​របស់​អង្គការ NASA នឹងអាចបង្កើត​លក្ខខណ្ឌ​សីតុណ្ហភាពមួយ​ ដែលត្រជាក់ជាង​ទីអវកាស​ដល់ទៅ ១០ពាន់លានដង ដើម្បីផ្តោត​​ការ​សិក្សាស្រាវជ្រាវ​ទៅលើ​​ប្រតិកម្ម Quantum ដ៏ចម្លែក​​របស់​អាតូម។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​វែបសាយ Space.com នៅ​រសៀល​ថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។

Cold Atom Laboratory ឬ CAL គឺប្រៀបដូចជាមន្ទីរ​ស្រាវជ្រាវរូប​វិទ្យា​ដ៏តូចមួយ​ ដែលមានទំហំ​ប៉ុន្មានធុងទឹកកក​ប៉ុណ្ណោះ ដោយវាត្រូវបាន​​រចនាឡើងដោយ​​មន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL) របស់ NASA នៅរដ្ឋ​កាលីហ្វរញ៉ា​។ CAL មានសមត្ថ​ភាពធ្វើឲ្យ​បណ្តុំ​​ពពក​របស់អាតូម​ចុះត្រជាក់បាន តាមរយៈការ​ប្រើប្រាស់កាំ​រស្មីឡាស៊ែរ​ និង​កម្លាំង​​ម៉ាញេទិច​លើស្ថានីយ ISS នៅត្រឹមកម្រិត​ដ៏សែនទាប​បំផុត​ តាម​តែអាច​ធ្វើ​ទៅបាន។​

នៅក្នុងការពិសោធន៍លើស្ថានីយអវកាសអន្តរជាតិ ពពកអាតូចដ៏ត្រជាក់ទាំងនេះ ​នឹងត្រូវគេបញ្ចុះសីតុណ្ហភាពឲ្យ​ធ្លាក់នៅក្បែរកម្រិត​ដែល​គេ​ហៅថា Absolute Zero គឺប្រហាក់ប្រហែលនឹងដក២៧៣អង្សាសេ។ ពពកទាំងនេះ ដែលត្រូវគេស្គាល់ Bose-Einstein Condensates (BECs) មានផ្ទុកនូវអាតូចដែលត្រជាក់ៗ និង​ធ្វើចលានាយឺតមែនទែន។

នៅក្រោមកម្លាំងទំនាញ​របស់ផែនដី ​​អ្នកវិទ្យាសាស្រ្តពុំអាចបង្អង់ល្បឿនធ្វើចលនានៃ អាតូមទាំងនោះដែលស្ថិតក្នុង BEOs ដែល​ធ្វើ​ការ​វិត្តន៍​ដោយ​សេរី ឲ្យបានយឺតល្មមគ្រប់គ្រាន់ ដើម្បីឲ្យ​ក្រុមរូបវិទូ​អង្កេត​​ស្វែងយល់ពីពួកវា បានលើសពីមួយវិនាទីឡើយ។ ដូច្នេះហើយ​​អ្នកវិទ្យា​សាស្រ្តមិនងាយនឹងមានឱកាស ធ្វើការសិក្សាទៅលើបុគ្គលិកលក្ខណៈនៃ Quantum របស់ពួកវានោះទេ។

យ៉ាងណាមិញ នៅលើស្ថានីយ​អវកាស ISS ដែលស្ថិត​ក្រោម​បរិស្ថាននៃ​ការគ្មានកម្លាំង​ទំនាញវិញ​នោះ អ្វីៗគឺខុសឆ្ងាយ​ពីផែនដី។ ដោយ​ពុំ​មានទំនាញ​ផែនដី​ជាឧបសគ្គ អាតូមទាំងនេះអាចឲ្យគេបង្អង់ល្បឿន​​​របស់​ពួកវាបាន តាមរយៈការប្រើប្រាស់​ឡាស៊ែរ និង​កម្លាំងម៉ាញេទិច​ នៅ​ក្នុង​ប្រអប់មួយ​ដែលមានទំហំប៉ុន​ធុង​ទឹកកកនោះ។

គួរជម្រាបថា តាមរយៈការ​ប្រើប្រាស់ CAL ដើម្បីសិក្សាទៅលើ​សកម្មភាព Quantum របស់​អាតូម​ ក្រុមអ្នកវិទ្យាសាស្រ្ត​ផ្នែករូបវិទ្យា នឹងអាច​បង្កើនការ​ស្វែងយល់អំពី​របៀប​ធ្វើប្រតិកម្ម​របស់អាតូម នៅក្រោមលក្ខខណ្ឌ​សីតុណ្ហភាពដែល​ត្រជាក់​បែបនេះ៕

ចែករំលែក