Oops! មាន​សញ្ញាថ្មីពី​ភពទី ៩ ហើយ! ក្រុម​តារាវិទូ​​កំពុងពិនិត្យ​​ចលនាអាចម៍ផ្កាយ​​​ចម្លែក​​មួយដុំ…

0

 

(អាមេរិក)៖ ខណៈដែល​​​តារាវិទូ កំពុងបន្តយុទ្ធនាការ​តាមស្វែងរកភពទី ៩ ឬ Planet Nine ដ៏ចម្រូងចម្រាស ​ក្រុមអ្នកវិទ្យាសាស្រ្ត​​បានជួប​នឹង​​ដុំថ្ម​​អវកាសមួយដុំ ដែលអាចផ្តល់​ភស្តុតាងគួរឲ្យជឿ​ជាក់បាន ចំពោះការអះអាង​ដែលថា ភព Super-Earth ដ៏ធំមួយ ពិតជាមានវត្តមាន​នៅជាយ​​ប្រព័ន្ធព្រះអាទិត្យ​របស់យើងប្រាកដមែន។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីវែបសាយ Space.com នៅរសៀលថ្ងៃអង្គារ ទី២២ ខែ​ឧសភា ឆ្នាំ២០១៨។

តាមរយៈមុំដ៏ចម្លែក ​នៃគន្លងចល័តខ្លួនរបស់អាចម៍​ផ្កាយខាងលើ ដែលមាន​ឈ្មោះថា 2015 BP519 កាន់តែ​ជម្រុញ​បន្ថែមទៀតនូវ​ការអះអាងដែលថា ​ភពធំមួយ​មានវត្តមាននៅ​​កន្លែង​ណាមួយ ម្តុំជាយ​ខាងក្រៅប្រព័ន្ធ​ព្រះអាទិត្យ ដែលកំពុងជះ​ឥទ្ធិពលដល់​គន្លងធ្វើដំណើរ​​របស់​ដុំថ្មអវកាស​​​នេះ នៅជុំវិញផ្កាយ​របស់យើង។

គួរជម្រាបថា នេះពុំមែនជាលើកទី​មួយឡើយ ដែល Planet Nine ត្រូវគេអះអាងថា ជាអ្នកជះ​ឥទ្ធិពលទៅលើវត្ថុ​មួយចំនួន​ក្នុងទីអវកាស។ កាលពីឆ្នាំ២០១៤ នៅមុនពេល Planet Nine ត្រូវអ្នកវិទ្យាសាស្រ្តចាត់​ទុកជាផ្លូវការថា ជាសម្មតកម្មនោះ​តារាវិទូពីររូប​ បានកត់សម្គាល់​​ឃើញមាន​ភាព​មិន​ប្រក្រតី​ នៅតាមដុំថ្មអវកាស​មួយចំនួន នៅហួសពីគន្លង​របស់ភពណិប​ទូន។ ក្នុងនោះរួមមាន ភព​មិន​ពេញ​​លក្ខណៈ​ Sedna និងវត្ថុមួយចំនួនទៀត​ដែលគេ​ហៅថា TNOs (Trans-Neptunian Objects)។​

ក្រោយមក​ទៀត នៅឆ្នាំ២០១៦ តារាវិទូពីរ​រូបទៀត​បានរកឃើញ​ភស្តុតាង​​បន្ថែមទៀតអំពី TNOs ដែលមានគន្លង​​គោចរ​​ចម្លែកៗ​។​ អ្នក​វិទ្យា​សាស្រ្ត​​​ទាំង​ពីរ​​រូបនេះ​​ហើយ គឺជាបុគ្គល​ដំបូងគេ​ដែលបាន​ដាក់​ឈ្មោះ ​និងកំណត់ទំហំ​ព្រម​ទាំង​ចម្ងាយ​ឲ្យ Planet Nine។ បើតាម​អ្នក​ទាំង​ពីរ​ ​ភពអាថ៌​​កំបាំងនេះ អាចមានទំហំធំ​​ជាងផែនដី ១០ដង ហើយស្ថិត​នៅចម្ងាយ ៦០០AU (Astronomical Unit) ពីព្រះអាទិត្យ (១AU =​ ១៥០​លាន​គីឡូម៉ែត្រ)។

ចំណុចសំខាន់៖ បើតាមព័ត៌មានកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧ ជុំវិញការស្វែងរ​ក​ចម្លើយនៃរឿងនេះ ក្រុមអ្នកវិទ្យសាស្រ្ត​មកពីសាកល​វិទ្យាល័យ Sheffield នៃចក្រភព​អង់គ្លេស បាន​ធ្វើការ​ពិសោធ​ទ៍​ឃើញថា វាភាគរយតិចតួច​ណាស់ និងទំនងជាមិនអាចទៅ​រួចនោះឡើយ ដែលប្រព័ន្ធអាទិត្យ បានឆក់​យក​ភព Planet Nine ពីផ្កាយមួយផ្សេង​ទៀត ឬក៏តំបន់ Interstellar Space។ ផ្ទុយទៅវិញ វាអាចទៅរួច​ដែលថា Planet Nine ត្រូវបាន​រុញច្រាន​ទៅក្រៅ ចេញពីតំបន់ផ្នែកកណ្តាល​នៃប្រព័ន្ធព្រះអាទិត្យ នៅពេលដែល​ភពឧស្ម័នយក្ស​បានធ្វើការរុះរើ​ក៏ដូចជា​កែសម្រួលគន្លង​គោចរ​របស់ពួកវា។

បើតាមលោក Mattew Payne នៃសាកល​វិទ្យាល័យ Harvard សហរដ្ឋអាមេរិក Planet Nine ប្រហែលជាបាន​ចាប់កំណើត​ឡើង នៅចន្លោះភព​អុយរ៉ាណុស (Uranus) ឬក៏ណិបទូន (Neptune) ហើយក្រោយមកត្រូវបានរុញច្រាន​ចេញពីក្រៅ ប៉ុន្តែ​មិនទាំងស្រុង​នោះឡើយ។ លោក Payne បានលើក​ឡើងថា ជាទូទៅ​អ្នកច្បាស់ជារំពឹងថា វានឹងត្រូវបានទាញខ្ទាតចេញ​​ពី​ប្រព័ន្ធផ្កាយរបស់វា​ទាំងស្រុង ជាជាងនៅក្រឡឹង​ក្បែរនោះ។

ដោយឡែកលោក Kat Volk មកពីសាកលវិទ្យាល័យអាមេរិក Arizona បាននិយាយថា វាពិបាកខ្លាំងណាស់ ក្នុងការច្រាន​ចោលទ្រឹស្តីណាមួយពាក់ព័ន្ធនឹង Planet Nine នាខណៈពេលនេះ ជាពិសេសទៅទៀតនោះ គឺដោយសារតែយើង មិនទាន់​ទាំងប្រាកដច្បាស់ ១០០ភាគរយ នោះឡើយថា ភពដ៏អាថ៌កំបាំងមួយនេះ ពិតជាមានវត្តមាន​នៅចុងប្រព័ន្ធព្រះអាទិត្យ​មែន​ដែរ​ ឬក៏អត់ផង៕

ចែករំលែក