កាមេរ៉ាអង្គការ NASA រលាយស្ទើរខ្ទេច​ ដោយសារឥទ្ធិពល​គ្រាប់រ៉ុក្កែត SpaceX ទោះបីស្ថិត​ចម្ងាយ​ឆ្ងាយ​ពីគ្នា…

0

 

(អាមេរិក)៖ ជាងថតរូបជើង​ចាស់​ម្នាក់របស់​ទីភ្នាក់ងារ NASA គឺជា​អ្នកដែល​​ធ្វើការ​ឡើងស៊ាំ​ទៅហើយ​ ជាមួយ​ការបាញ់បង្ហោះ​គ្រាប់រ៉ុក្កែត ប៉ុន្តែ​សូម្បីតែរូបលោក​​ក៏មានការភ្ញាក់ផ្អើល​ផងដែរ នៅពេលកាមេរ៉ា​បញ្ជាពីចម្ងាយ​​មួយគ្រឿង​របស់ខ្លួន​បានរលាយ​ខូចខាត ដោយសារ​​អណ្តាត​ភ្លើង​​នៃការបោះបង្ហោះ​រ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុន SpaceX នាពេល​ថ្មីៗនេះ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​វែបសាយ Space.com នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៤ ខែឧសភា ឆ្នាំ២០១៨។

កាមេរ៉ាខាងលើ​គឺជាប្រភេទ Canon DSLR ដែល​លោក Bill Ingalls បានដាក់​នៅចម្ងាយ ៤០២ម៉ែត្រ ពីកន្លែងបង្ហោះ​គ្រាប់​រ៉ុក្កែត​របស់ SpaceX នៅឯមូលដ្ឋានទ័ព​អាកាសអាមេរិក នៅរដ្ឋ​កាលីហ្វរញ៉ា។ វាគឺជាកាមេរ៉ា​មួយក្នុងចំណោម​កាមេរ៉ា​បញ្ជាទាំង ០៦ ដែលអ្នក​ថតរូប NASA ​រូបនេះ​​បានរៀបចំទុក​ដើម្បីផ្តិតយកសកម្មភាព​ នៃការបាញ់បង្ហោះ​ផ្កាយរណប​ភ្លោះ GRACE-FO របស់ NASA តាមរយៈគ្រាប់​រ៉ុក្កែត Falcon 9 កាល​ពី​ថ្ងៃអង្គារ​សប្តាហ៍នេះ។

គួរជម្រាបថា វាគឺជាលើកទីមួយហើយ ដែលកាមេរ៉ារបស់​លោក Ingalls បានឆេះខ្ទេច​បែបនេះ នៅអំឡុងការបាញ់​បង្ហោះ​គ្រាប់រ៉ុក្កែត ហើយ​លោកបានបំពេញ​ការងារជាអ្នក​ថតរូបឲ្យ NASA តាំងតែពី​ឆ្នាំ១៩៨៩មកម្ល៉េះ។ យ៉ាងណាមិញ ទោះបីជាមាន​ការខូចខាត​ក៏ដោយ ​កាមេរ៉ា​នេះនៅតែបាន​ឆ្លៀតឱកាសថត​យករូបភាព ​​នៃព្រឹត្តិការណ៍នេះ​បានដដែល៕

ចែករំលែក