អ្វីទៅជា​កែវយឺត​អវកាស James Webb? មានចំណុចធំ​មួយដែល​វាអាចធ្វើបាន និងជាប្រយោជន៍​ធំធេង​បំផុត…

0

 

(អាមេរិក)៖ អូខេ! ព័ត៌មានអំពី​​កែវយឺត​អវកាស James Webb ពិតជា​មាន​ច្រើន​កន្លងមក​ហើយ​ជាពិសេសនោះ ​គឺការពន្យារពេល​បាញ់បង្ហោះវា​នេះតែម្តង ដោយបញ្ហា​ជាច្រើន​បានកើតឡើង​កន្លងមក ទាក់ទងទៅនឹង​ប្រព័ន្ធប្រតិបត្តិការ និងគ្រឿង​បរិក្ខាតូចៗ​នៅលើកែវយឺតអវកាសទំ​ហំជិតប៉ុនតារាងវាយថេនីស​មួយនេះ នៅដំណើរការមិនទាន់​បានល្អ។ ដោយឡែក​បញ្ហាដែលធំ​​បំផុត​មួយទៀតនោះ គឺទំហំខ្លួន​របស់វានេះ​តែម្តង ដែលអាច​ថា ពិតជា​ពិបាកក្នុងការបាញ់​​បង្ហោះ​​ទៅកាន់​​ទីអវកាសណាស់។

កែវយឺតអវកាស James Webb ត្រូវបាន​បង្កើតឡើង​ដោយអង្គការ NASA សហការ​ជាមួយនឹង​ទីភ្នាក់ងារអវកាស​អឺរ៉ុប ESA នៅក្នុងគំរោង​ផលិតវាចេញមក ដោយប្រើប្រាស់​រយៈពេល ០៥ឆ្នាំ និងគ្រោងបំពេញ​ប្រតិបត្តិការ​នៅទីអវកាស ក្នុងរយៈពេល ១០ឆ្នាំ។ សម្រាប់ស្ថានភាព​ទូទៅវិញ គឺ James Webb មានទម្ងន់ ៦.៥តោន និងទំហំ ២០ម៉ែត្រ គុណនឹង ១៤ម៉ែត្រ។

ជាក់ស្តែងការ​បាញ់បង្ហោះរបស់ James Webb ត្រូវបាន​គ្រោងធ្វើឡើង​តាំងតែពីឆ្នាំ​២០១៥ មកម្ល៉េះ ប៉ុន្តែវាត្រូវបាន​ពន្យារពេលជាបន្តបន្ទាប់ ដើម្បីធ្វើការ​ត្រួតពិនិត្យ​បច្ចេកទេស​ឡើង រហូតដល់ត្រូវបាន​សម្រេចជាថ្មីថា កែវយឺតអវកាស​យក្សនេះ នឹងត្រូវបាញ់​បង្ហោះ​ជាផ្លូវការ នៅអំឡុង​ខែឧសភា ឆ្នាំ២០២០ (ពីរឆ្នាំទៀត បើគិត​ពី​ខែឧសភា ឆ្នាំ២០១៨ នេះតទៅ)។

ចំណុចសំខាន់៖ គោលដៅធំៗរបស់ James Webb គឺវានឹងធ្វើការ​អង្កេត​វត្ថុនានា​នៅក្នុងចក្រវាឡដូចជាផ្កាយ ភព និងសូពើណូវ៉ា ជាពិសេសនោះគឺការកកើតឡើងនៃ​កាឡាក់ស៊ី​នានា កាលពីពេលដំបូងៗក្រោយ​បន្ទុះប៊ីកប៊ែង (Big Bank)។ បន្ថែម​ពីនេះ​ទៀត ឧបករណ៍​ពហុវិស័យនៅលើ James Webb នឹងធ្វើការ​ចាប់យក ព្រមទាំងសិក្សា​អំពីការចាប់​កំណើតនៃផ្កាយ និងភពនានា ហើយជា​ពិសេសនោះ គឺវានឹង​ធ្វើការថតរូប​ដោយផ្ទាល់​ចំពោះ​ភពអេលៀន (ពពួក Exoplanets) និងសូពើណូវ៉ាផងដែរ។

ចំណុចបន្ថែម៖ កែវយឺត​អវកាស James Webb របស់​អង្គការ NASA ដែលត្រូវបាញ់​បង្ហោះនៅខែឧសភា ឆ្នាំ​២០២០ (ទើបពន្យារពេលជាថ្មី) នឹងធ្វើការតាម​រុករកវត្តមាន​នៃជីវិតក្រៅភព នៅលើបណ្តាភព​​ដែលមានទំហំ​ប៉ុន​ផែនដី នៃ​ប្រព័ន្ធ​ផ្កាយ​ TRAPPIST-1 ដែលទើបតែត្រូវ​បានរកឃើញ​កាលពីអំឡុងពេលដើមឆ្នាំ២០១៧ រួមនិងព្រះច័ន្ទយូរ៉ូប៉ា (Europa) ផងដែរ ដើម្បីស្វែងយល់លក្ខណៈរបស់ក្រុមភពដែលមានចម្ងាយ ៤០ឆ្នាំពន្លឺ​ពីផែនដីនេះ ព្រោះមានការសន្និដ្ឋាន​កម្រិតខ្ពស់ថា អាចមាន​ភពណាមួយ ក្នុង​ចំណោមភព Trappist ទាំង ០៧ ដែលអាច​ទ្រទ្រង់ជីវិត។

ឆ្នាំ២០២០ ខាងមុខនេះ កែវយឺត​អវកាស​ James Webb នឹងត្រូវដង្ហែក្បួន​ដ៏ធំមហិមាមិន​ធ្លាប់មាន ឡើងទៅកាន់​ទីអវកាស ដើម្បីជួយជ្រោមជ្រែង​រាមច្បងរបស់ នោះគឺ Kepler។ និយាយឲ្យ​ចំទៅ Kepler ដើរតួជាអ្នករក​មើលភព និងស្វែងយល់លក្ខណៈ​នៃគន្លងភពនោះ គោចរជុំវិញ​ផ្កាយរបស់វា ហើយបន្ទាប់​មកទៀត James Webb ក៏មានតួនាទី​គណនាថា តើភពដែល​អាចមាន​ជីវិត​​នោះ ផ្សំឡើងពី​បរិយាកាស​អ្វី (មានសារធាតុ ឬឧស្ម័នអ្វីខ្លះ នៅក្នុង​បរិយាកាស​របស់វា)។

គួរបញ្ជាក់ថា ​ការយល់ដឹងបរិយាកាស​​ខាងក្រៅនៃភពមួយ ពិតជាសំខាន់​​ខ្លាំងណាស់ ព្រោះថាវា នឹងអាចបញ្ជាក់ឲ្យ​​យើងដឹងថា ភពនោះអាច​មាន​ជីវិតរស់នៅ ឬអត់ ឬមួយក៏អាច​​និយាយថា វាស្វាគមន៍​ជីវិតដែរ ឬអត់។ ឧទាហរណ៍ថា ភពមួយ​ត្រូវបាន​ James Webb អង្កេតដឹងថា មានឧស្ម័នគ្របដណ្តប់​ក្នុងបរិយាកាស​ស្រដៀងនឹងផែនដី ដូចជាមាន​អាសូត អុកស៊ីសែន ឬកាបូនឌីអុកស៊ីត និងកំហាប់បរិយាកាស​ប្រហែលគ្នានោះ ក្រុមអ្នកវិទ្យាសាស្ត្រ​ប្រាកដជាអាចសន្និដ្ឋានបានថា ភពនោះមានជីវិតឬទេ៕

ចែករំលែក