ផ្កាយរណប NASA អង្កេតឃើញ​​សញ្ញា​​ប្រែប្រួល​ នៃកម្រិតទឹកសាប​​លើ​ភព​ផែនដី ដ៏គួរ​ឲ្យ​ចាប់​​អារម្មណ៍…

0

(អាមេរិក)៖ ប្រភពផ្គត់ផ្គង់​ទឹកសាប​ កំពុងមាន​ភាពប្រែប្រួល​នៅជុំវិញពិភពលោក ហើយ​ទិន្នន័យឃ្លាំមើលថ្មីៗ​​ពីសំណាក់​ផ្កាយរណប​​​ របស់​​ទីភ្នាក់ងារ​អវកាស NASA កំពុងជួយអ្នក​វិទ្យាសាស្រ្តក្នុង​ការស្វែងយល់​ឲ្យកាន់តែ​ច្បាស់ថា តើវាបណ្តាល​មកពីមូល​ហេតុអ្វី? នេះបើតាម​ការ​ដកស្រង់​ការផ្សាយ​ ចេញ​ពីវែបសាយ Space.com នៅរសៀល​ថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។

ទិន្នន័យខាងលើ​បានមកពីការ​អង្កេតរយៈពេល ១៤ឆ្នាំ នៃ​​ផ្កាយ​រណប GRACE ​​ដែលជាបេសកកម្ម​រួមរវាងសហរដ្ឋអាមេរិក​ និងអាល្លឺម៉ង់។​ ​​​​នាប៉ុន្មាន​ថ្ងៃមុននេះ GRACE Follow-On ដែលជា​ផ្កាយរណប​ជំនាន់ក្រោយ​​ ទើបតែ​ត្រូវបានបាញ់បង្ហោះ​ទៅកាន់​ទីអវកាស​ពី​មូលដ្ឋា​ន​​ទ័ព​ Vandenberg នៅរដ្ឋ​កាលីហ្វរញ៉ា តាមរយៈគ្រាប់​រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ប៉ុណ្ណោះ។​

ទិន្នន័យ​សិក្សានេះ​បានបង្ហាញថា តំបន់សំណើម​នៅលើ​ផែនដី កាន់កំពុងតែ​សើមឡើងៗ ខណៈតំបន់​ស្ងួតហែង កំពុងហួតហែង​កាន់តែ​ខ្លាំង​ទៅៗ។ ប្រការនេះ​គឺដោយសារតែ​កត្តាជាច្រើន រួមមានបញ្ហា​បម្រែបម្រួល​ធាតុអាកាស របៀបដែលមនុស្សប្រើប្រាស់​​ធនធានទឹក ព្រមទាំង​​ដំណើរនៃវដ្តន៍​ជីវិតរបស់​បរិស្ថាន​ធម្មជាតិ។

គួរជម្រាបថា បើតាមមន្រ្តី​អង្គការ NASA ការប្រែប្រួលនៃធនធាន​ទឹកសាប ជាពិសេស​​ការប្រែប្រួល​នៃផ្ទាំងទឹកក​នៅក្បែរ​តំបន់ប៉ូល អាចជះ​ឥទ្ធិពល​យ៉ាងឆាប់រហ័ស​ទៅលើ​កម្រិតនីវ៉ូ​ទឹកសមុទ្រ ហើយការយល់ដឹង​អំពីបម្រែប្រមូល​ទាំងនេះ ​ក៏មានសារៈសំខាន់ ក្នុងការ​ព្យាករណ៍​​អំពី​បរិមាណ​ផ្គត់ផ្គង់​នៃទឹកសាប និងផ្ទៃដីដែល​អំណោយផល​សម្រាប់វិស័យ​កសិកម្ម​ផងដែរ៕

ចែករំលែក