អង្គការ NASA កំពុង​អភិវឌ្ឍន៍​បច្ចេកវិទ្យា AI ដើម្បីប្រមាញ់​ជីវិត​ភពផ្សេង (អេលៀន) តែស្ថិត​ក្នុង​ការ​រិះគន់…

0

 

(អាមេរិក)៖ ជីវិតភពផ្សេង​​មិនមែនជា​អ្វីមួយ ដែលសុខៗ​រត់មករកយើង ឬចេញ​សញ្ញា​​ឲ្យ​យើងឃើញ​ច្បាស់​ក្រឡែតនោះ​ឡើយ ដោយមនុស្ស​យើងត្រូវតែប្រឹង​ប្រែង​បន្ថែម​ទៀត បើសិនជា​ចង់​រក​ពួកគេ​ឲ្យឆាប់​ឃើញ។ ដោយហេតុ​នេះ​​ហើយ ទើបបច្ចេកវិទ្យាគ្រប់ជំពូក​ត្រូវបាន​បង្កើត និងគ្រោង​នឹង​​បង្កើតឡើង ក្នុងនោះ​ក៏មាន «AI» ឬដែលយើងហៅថា «បញ្ញាសិប្បនិមិត្ត» ផងដែរ កំពុងតែ​ស្ថិត​នៅ​ក្នុង​ការ​អភិវឌ្ឍ​​ដោយក្រុម​ការងារ នៃអង្គការ​អវកាស​នាំមុខគេ​​លើ​ពិភព​លោក NASA។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​វែបសាយ Space នាយប់​ថ្ងៃអាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០១៨។

ពិតប្រាកដ​ណាស់ មនុស្សភាគច្រើនប្រាកដជា​ធ្លាប់ឮអំពីបច្ចេកវិទ្យា AI ដែលកំពុង​តែវាយលុកខ្លាំង​នៅពិភពបច្ចេកវិទ្យា ហើយក្នុងនោះ​លោក​អ្នកមួយចំនួនប្រាកដ​ជាធ្លាប់ភ្លក្សរសជាតិវា​ខ្លះៗហើយដែរ តាមរយៈ AI នៅលើស្មាត​ហ្វូនមួយចំនួន ដែលវា​បង្ហាញថា ភាពឆ្លាតវៃសិប្បនិមិត្តពិតជាសំខាន់ណាស់ នៅក្នុងបំពេញតួនាទី ក្នុងកាលៈទេសៈមួយ​ដែលលំបាកបំផុត នៅពេលរាង​កាយមនុស្សមិនអាចធ្វើការបាន ឬដើម្បីកុំយើង​ចំណាយពេលគិតច្រើន។

មានមនុស្សមួយ​ចំនួនមានការព្រួយបារម្ភ ក្រោយពី​លឺថា អង្គការ NASA ត្រៀម​បង្កើត​ស្ថានីយមួយ​ដើម្បីបំពាក់​នូវបច្ចេកវិទ្យា AI ក្នុងការតាម​អង្កេតភពអេលៀន Exoplanets។ ពួកគេគិតថា តាមពិតទៅ​ស្ថានីយ AI ដែល​គ្រោងនឹង​បង្កើតនោះ អាចនឹងត្រូវប្រើប្រាស់​ដើម្បី​តាមដានសកម្មភាព​មនុស្សទៅវិញទេ ជាជាងដើម្បីអង្កេតភពផ្សេងៗនៅក្រៅប្រព័ន្ធព្រះអាទិត្យ ដែលត្រូវបាន​​កែវយឺត​អវកាសធំៗផ្តល់សញ្ញាសង្ស័យថា អាចមានជីវិត​រស់នៅ​ទីនោះ​​ក្នុងទម្រង់​ណា​មួយ។

ឆ្លើយតបនឹង​ការព្រួយបារម្ភនេះ លោក Arnold Schwarzenegger ជាអតីត​អភិបាល​រដ្ឋតិចសាស់ និងជាតារា​ហូលីវូដជើងចាស់​ដ៏ល្បីល្បាញនោះ បានបក​ស្រាយថា វាមិនមែ​នជាបច្ចេកវិទ្យា AI ដើម្បីប្រមាញ់​មនុស្សនោះទេ ព្រោះមនុស្ស​ជាអ្នក​បង្កើត និងមានអំណាច​បញ្ជាលើម៉ាស៊ីននេះ ដូច្នេះសូម​កុំមានការ​ព្រួយបារម្ភ។ ជាក់ស្តែង​មិនមែន​មាន​តែមនុស្ស​ទូទៅឡើយ ដែលបាន​លើកឡើងពី​ការព្រួយបារម្ភ​កន្លង។

តួយ៉ាងដូចជា​ម្ចាស់ក្រុមហ៊ុន SpaceX លោក Elon Musk និងរូបវិទូ​ដ៏ល្បីល្បាញ​ គឺលោក Stephen Hawking ដែលបានទទួល​មរណៈភាពទៅ​ហើយនោះ ក៏ធ្លាប់​បង្ហាញ​ការរិះគន់ និងព្រួយបារម្ភចំពោះ​ការប្រឹង​អភិវឌ្ឍន៍ AI ដោយ​​បណ្តាប្រទេស​មួយចំនួន​ជាពិសេស គឺអង្គការ NASA នៃសហរដ្ឋអាមេរិក​នោះផងដែរ។ ការព្រួយបារម្ភ​នោះ គឺសំដៅទៅលើ AI ដែលស្ថិតក្នុង​ចេតនាគ្រប់គ្រងផែនដី​កាន់តែខ្លាំងក្លា​ជាងមុន ជាពិសេស​ក្នុងវិស័យយោធា​តែម្តង។

គួរបញ្ជាក់ថា កាលពី​ឆ្នាំ២០១៤ លោក Stephen Hawking ធ្លាប់បង្ហាញ​ការព្រួយ​បារម្ភថា ការប្រកួត​ប្រជែង​ផ្នែក AI គឺនឹងក្លាយជា​ទីអវសាននៃពូជពង្ស​មនុស្សលោក។ ប៉ុន្មានសប្តាហ៍​ក្រោយពីការលើក​ឡើងរបស់ លោក Stephen Hawking លោក Elon Musk ក៏បានបង្ហាញ​នូវ​ឯកសារមួយ ដោយចង់​ស្រាយបំភ្លឺថា ការស្រាវជ្រាវ​​លើ​បច្ចេក​វិទ្យា AI នឹងបង្កើត​នូវភាព​ផ្តាច់ការដ៏អសីល​ធម៌មួយ ដែលនឹង​ក្លាយ​ជាអ្វីដែលយើង​មិនអាច​គេចបាន៕

ចែករំលែក