ក្រោយ​ដកចេញពី​ចង្កោមភព ឥឡូវនេះ​​មាន​ការ​សង្ស័យថា «ភពភ្លុយតូត្រូវបានផ្សំ​ឡើង ដោយ​របៀប​ខុសពី​គេ…»

0

 

(អាមេរិក)៖ ​តារាវិទូ​មួយក្រុម​បានលើកឡើងថា ភពមិនពេញ​លក្ខណៈ (Dwarf Planet) «ភ្លុយតូ» ដែលធ្លាប់​ជាប់តំណែង​ជាភពទី ៩ នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង តាមពិតទៅ​​ប្រហែលអាចជាបណ្តុំ​ នៃផ្កាយដុំកន្ទុយ​ចំនួនរាប់ពាន់លាន​ដុំនៅ​ជាប់គ្នា។ នេះបើតាម​ការ​ដក​ស្រង់​​ការ​​ផ្សាយ​​ចេញ​ពី​ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។

ក្រោយពី​យានអវកាស New Horizons របស់ទីភ្នាក់ងារ​អវកាស NASA បានហោះឆ្វែល ភ្លុយតូ (Pluto) កាលពី​ខែកក្កដា ឆ្នាំ២០១៥ ក្រុម​តារា​វិទូ​ទទួលបាន​ឱកាសក្នុងការប្រមូល​យកព័ត៌មាន​ ក្នុងចំនួនដ៏​ច្រើនមិន​ធ្លាប់មាន ទាក់ទិននឹង​ភពមិនពេញ​លក្ខណៈ និងពោរពេញដោយអាថ៌កំបាំង​​នៅចុងគេនេះ។ ទិន្នន័យនេះ បានបណ្តាល​ឲ្យ​អ្នកស្រាវជ្រាវ​ពីររូប មកពី​វិទ្យាស្ថាន Southwest Research (SwRI) បំផុសគំនិត​ឡើងថា Pluto ប្រហែល​ជា​​បានកកើតឡើង​ក្នុងរបៀបម៉្យាង ដែលខុសប្លែក​ពីភពទាំង ៨​ នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យយើង។​

តាមរយៈ​ការ​ប្រៀបធៀប​ទិន្នន័យ​របស់ New Horizons ជាមួយយាន​បេសកកម្មសិក្សា​ផ្កាយដុះ​កន្ទុយ Rosetta ឆ្នាំ២០១៦ ក្រុមអ្នកវិទ្យា​សាស្រ្ត​ខាងលើ​បានរក​ឃើញថា ប្រសិនបើផ្កាយ​ដុះកន្ទុយ​ជាច្រើនដែល​ស្រដៀងនឹងផ្កាយ​ដុះកន្ទុយ Comet 67/Churyumov-Gerasimenko ដែល​​​​​​យាន Rosetta ធ្លាប់ទៅដល់​នៅផ្តុំជាប់គ្នា​​នោះ វានឹងមានលទ្ធផលប្រមូលផ្តុំ​ទំហំ ទៅជា​ប្រហាក់​ប្រហែល​ទៅនឹងទំហំ​ភពភ្លុយតូដែរ។

គួរជម្រាបថា វាដូចជារឿង​គួរឲ្យអស់​សំណើច​មួយដែរ សម្រាប់ Pluto ដែលស្ថិតនៅ​ពីឆ្ងាយពីព្រះអាទិត្យ​ជាងគេ ក្នុងតំបន់ដែន​ងងឹតសូន្យ ដោយដំបូង​ឡើយ ខ្លួនត្រូវគេ​ចាត់ទុកថាជាភព តែក្រោយមក​ពុំមែន​ជាភព ហើយបន្ទាប់​មកទៀត​គឺភពមិនពេញ​លក្ខណៈ ខណៈមកដល់​​ពេលនេះ វាត្រូវគេ​សង្ស័យថា គ្រាន់តែជាដុំ​បាល់អវកាស ដែលផ្សំឡើងពី​បណ្តុំ​ទឹកកក និងថ្មថែម​ទៀត។

ចំណុច​ពិសេសបន្ថែម៖ ភពភ្លុយតូត្រូវបាន​រកឃើញ កាលពីដើម​ទសវត្សរ៍​ឆ្នាំ១៩៣០ ហើយត្រូវ​បានចាត់បញ្ចូល​ជាភពទី ៩ នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ ប៉ុន្តែក្រោយ​ពីការសិក្សា​ប៉ុន្មានទសវត្សរ៍​ជាបន្តបន្ទាប់​ទៀត ភពនេះត្រូវបាន​ក្រុមតារាវិទូសម្រេច​ដកចេញពី​ចង្កោម​ភព​នៅឆ្នាំ២០០៦ គឺជាឆ្នាំដែលយាន​អវកាស New Horizons ត្រូវបាន​បាញ់បង្ហោះ​ ដើម្បីទៅធ្វើការសិក្សា​អំពីភពបម្រុង​នេះតែ​ម្តង។

ភពភ្លុយតូមាន​ទំហំតូចជាងព្រះច័ន្ទ​របស់ផែនដី​យើងឆ្ងាយ និងតូចជាងព្រះច័ន្ទ​មួយចំនួន​ទៀត​នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ ហេតុដូច្នេះ​ទើបវាត្រូវបាន​ដកតំណែង និងក្លាយ​ជាភព​បម្រុងវិញ ទោះបីជាធ្លាប់​មានអ្នកតវ៉ា​ជាច្រើន អំពី​ការសម្រេចចិត្ត​នេះ​ក៏ដោយ។ មូលហេតុធំមួយទៀត​នៃការដកនេះ គឺដោយសារ​តែគន្លងរបស់​ភពភ្លុយតូ​ មានលក្ខណៈ​ផ្អៀង​បើធៀបនឹង​ភពទាំង ៨ ទៀតដែលកំពុងគោចរនៅ​ជុំវិញ​​ព្រះអាទិត្យ៕

ចែករំលែក