ក្រុម​អវកាស​យានិក​ចិន ជម្នះ​តស៊ូគ្រប់ភាពលំបាកវេទនា ដើម្បីចាប់ផ្តើម​ស្ថានីយអវកាស​ចិន នៅ​ឆ្នាំ២០២០…

0

(ប៉េកាំង)៖ អវកាសយានិក​ចិន​ចំនួន ១៥នាក់ ទីបំផុត​បានបញ្ចប់ជាស្ថាពរ​នូវការហ្វឹកហាត់​រស់នៅ​ ក្នុងលក្ខខណ្ឌ​ដ៏លំបាក​មួយ នៅឯវាល​ខ្សាច់ Badain Jaran ដែលស្ថិតក្បែរ​មជ្ឈមណ្ឌលបង្ហោះ​ផ្កាយរណប​នៃក្រុង Jiuquan ភាគពាយ័ព្យ​ប្រទេសចិន។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។

កម្មវិធីខាងលើដែលរៀបចំ​ដោយមជ្ឈមណ្ឌលអវកាស​យានិកចិន (ACC) ត្រូវបានរចនាឡើង​ដើម្បីជួយត្រៀម​លក្ខណៈដល់អវកាស​យានិក ​ធ្វើការពង្រឹង​សមត្ថភាព ដើម្បីព្យាយាម​តស៊ូរស់នៅក្នុង​ទីដាច់​សង្វែង​គ្មានអ្វីសោះ ក្នុងករណី​ដែល​យានធ្វើដំណើរ​មកផែនដី​វិញ​របស់ពួកគេ បានចុះខុស​​គោលដៅ។

មុនពេលធ្វើដំណើរ​ទៅទីអវកាស អវកាសយានិក​ត្រូវតែហាត់រៀន​តស៊ូរស់នៅ ក្នុងលក្ខខណ្ឌ​បរិស្ថានដែលលំបាកៗ​ខុសៗគ្នា ហើយការ​ហ្វឹកហាត់​រស់នៅតាមទីវាលដាច់សង្វែង គឺជាផ្នែក​ដ៏សំខាន់មួយ​នៃកម្មវិធីបណ្តុះបណ្តាល​អវកាសយានិក សម្រាប់បណ្តា​ទីភ្នាក់ងារអវកាស​នានា​ ​នៅជុំវិញ​ពិភពលោក ដោយក្នុងនោះរួមមាន​ការកំណត់ឲ្យ​បេក្ខភាព​ដែលត្រូវបំពេញបេសកកម្ម​អវកាសទាំងនេះ រៀនសូត្ររស់​នៅ​​លើ​ផ្ទៃសមុទ្រ វាលខ្សាល់ ក្នុងព្រៃជ្រៅ ឬនៅតំបន់​ទឹកកក​ជាដើម។

ខាងលើនេះ គឺជាសកម្មភា​ពហ្វឹកហាត់រស់​នៅចុងក្រោយ​គេបំផុត​​ សម្រាប់អវកាស​យានិកចិន ក្រោយពីការហាត់រៀន​រស់នៅលើ​ផ្ទៃសមុទ្រ​របស់ពួកគេ​ជាមួយអវកាសយានិក​ ០២នាក់​មកពីអឺរ៉ុប នៅក្បែរឆ្នេរ​នៃក្រុង Yantai ខេត្ត Shandong ភាគខាងកើត​ប្រទេសចិន​កាលពី​ខែ​សីហា ឆ្នាំ២០១៧។

សម្រាប់​ការហ្វឹកហាត់​ទើបតែបញ្ចប់ទៅនេះវិញ ក្រុមអវកាសយានិក​នីមួយៗ ដែលមាន​ពាក់ឈុត​អវកាស​បានរៀបចំ​សេណារីយ៉ូ​ នៃការចុះ​ចត​យានជាបន្ទាន់​មួយ ដោយក្នុងនោះ​ពួកគេ​ត្រូវចាកចេញ​ពីក្នុងយានដោយ​ខ្លួនឯង, រាយការណ៍​ទៅទីបញ្ជាពីទីតាំង​របស់ពួកគេ ហើយ​អត់​ទ្រាំ​រស់​​​នៅ​លើវាលខ្សាច់​រហូតដល់​ក្រុមសង្រ្គោះ​ទៅដល់នៅរយៈពេល​ ៤៨ម៉ោងក្រោយ។

គួរជម្រាបថា កម្មវិធីហ្វឹកហាត់​នេះ គឺជាផ្នែកមួយ​នៃការបណ្តុះបណ្តាល​គ្រប់ជ្រុងជ្រោយ​ នៃអវកាសយានិក សម្រាប់​គម្រោង​ស្ថានីយ​​អវកាស​ចិន។ ប្រទេស​ចិន កំពុងគ្រោង​នឹងចាប់ផ្តើ​មការដំឡើងស្ថានីយ​អវកាសរបស់ខ្លួន នៅទីអវកាសនា​ឆ្នាំ២០២០ ហើយវាត្រូវគេ​រំពឹងថា នឹង​អាច​ធ្វើប្រតិបត្តិការ​ពេញលេញ​បាន​នៅ​ឆ្នាំ២០២២៕

ចែករំលែក