យាន​ស្រាវជ្រាវ​ពីរគ្រឿង នឹងហោះ​ទៅកៀក​ព្រះអាទិត្យ​បំផុតមិន​ធ្លាប់មាន…

0

 

(អាមេរិក)៖ នាពេលឆាប់ៗ​ខាងមុខ បេសសកម្មប្រកប​ដោយមហិច្ឆតា​ចំនួន ០២ នឹងនាំយើងទៅ​យ៉ាងកៀកជាមួយនឹង​ព្រះអាទិត្យ ជាងលើក​ណាៗ​ទាំងអស់ ហើយពួកវា​នឹងផ្តល់ឲ្យអ្នកវិទ្យាសាស្រ្ត​ នូវព័ត៌មានដ៏​មានតម្លៃ​ទាក់ទិននឹង​ផ្កាយដែល​ផ្តល់ជីវិតដល់​យើងគ្រប់គ្នា។ នេះបើតាមការ​ដក​ស្រង់ការ​ផ្សាយ​ចេញពី ​វែបសាយ Space.com នៅរសៀលថ្ងៃ​ព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨។

យាន Parker Solar Probe របស់ទីភ្នាក់ងារ​អវកាស NASA ដែលត្រូវបាញ់​បង្ហោះនៅប៉ុន្មាន​ខែខាងមុខនា​ឆ្នាំនេះ និង​យាន Solar Orbiter នៃ​​ទីភ្នាក់ងារ​អវកាសអឺរ៉ុប ESA ដែលត្រូវបាញ់​បង្ហោះនៅ​ឆ្នាំ២០២០ នឹងបំពេញ​បេសកកម្ម​របស់ពួកវា ក្នុងការប្រមែប្រមូល​ទិន្នន័យនៅក្បែរ​​នឹង​​ព្រះអាទិត្យ ហើយខណៈ​ដែលយាន​ទាំងពីរនេះ នឹងប្រើប្រាស់​បច្ចេកវិទ្យា​ខុសគ្នា ក្នុងន័យ​បេសកកម្ម ពួកវានឹង​គួបផ្សំគ្នាទៅវិញ​ទៅមក។

ព្រះអាទិត្យគឺ​ជាប្រភពទ្រទ្រង់ជីវិតមួយ​ សម្រាប់ជីវិត​នៅលើ​ផែនដី។ យ៉ាងណាមិញ ​ព្យុះព្រះអាទិត្យ ឬ Solar Wind ដែលបាញ់ចេញពីផ្ទៃ​របស់វា អាចជះការគំរាម​កំហែងដល់បច្ចេកវិទ្យា​ផ្សេងៗ ដែលផ្គត់ផ្គង់ដល់​ប្រព័ន្ធវិទ្យុ​ទាក់ទង, ផ្កាយរណប, និងបណ្តាញ​អគ្គិសនីបាន។

ដោយ​សារតែព្រះអាទិត្យ និងព្យុះរបស់វា មានផលប៉ះពាល់​ដោយផ្ទាល់ជា​ខ្លាំងមកលើយើង ដូច្នេះហើយវា​គឺជារឿងចាំបាច់​បំផុតមួយ ដែល​ពួកយើង​ត្រូវធ្វើការស្វែងយល់​វា​ឲ្យកាន់តែច្បាស់ ដើម្បីការពារ​ខ្លួនយើងពីព្រឹត្តិការណ៍​អាក្រក់ៗ​នានា ដែលអាចកើត​មានជាយថា​ហេតុ។

គួរជម្រាបថា យាន Solar Orbiter នឹងធ្វើគោចរ​ជុំវិញព្រះអាទិត្យ​នៅចម្ងាយ ៤១លានគីឡូម៉ែត្រ ខណៈ​យាន Parker នឹងទៅកៀក​នឹង​ដុំបាល់​ភ្លើងជាងនេះ​ទៅទៀត គឺនៅចម្ងាយ​ត្រឹម ០៦លាន​គីឡូម៉ែត្រ ពីផ្ទៃ​របស់វា៕

ចែករំលែក