តើ​មហិច្ឆតា​កសាងស្ថានីយ​​អវកាស CSS របស់​មហាយក្ស​ចិន មានន័យ​ដូចម្តេច​ចំពោះ​សកល​លោក?

0

 

(ប៉េកាំង)៖ ខណៈដែលចិនកំពុងផ្តោត​ការយកចិត្តទុកដាក់​ ជាខ្លាំង​លើវិស័យ​អវកាស រួមមានទាំង​គម្រោងពោរពេញ​ដោយមហិច្ឆតា គឺការ​សាងសង់​ស្ថានីយអវកាស​ថ្មីមួយនោះ អ្នកវិភាគមួយ​ចំនួនបានមើល​ឃើញ​ចំពោះទង្វើនេះ​ថា គឺជាការប្រណាំងប្រជែង​ផ្នែកអវកាស​រវាង​​មហាយក្ស​​នៅអាស៊ី​មួយនេះ ជាមួយនិង​សហរដ្ឋអាមេរិក ដែលមាន​ន័យថា គឺជាមហាអំណាចអវកាសធំៗទាំងពីរលើលោក សម្រាប់ថ្ងៃអនាគត។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីវែបសាយ Business Insider នៅព្រឹក​ថ្ងៃសុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨។

ឯកអគ្គរដ្ឋទូតចិន​ប្រចាំអង្គការ​សហប្រជាជាតិ (UN) លោក Shi Zhongjun នាពេលថ្មីៗ បានអញ្ជើញ​ពិភពលោក​ទាំងមូល ឲ្យចូលរួម​ចំណែក​​នៅក្នុងស្ថានីយ​អវកាសថ្មីនេះ ដោយលោក​បានលើក​ឡើងថា ស្ថានីយអវកាស​ចិន CSS មិនត្រឹមជាកម្ម​សិទ្ធិនៃចិន​ប៉ុណ្ណោះទេ តែក៏ជារបស់​​ពិភពលោក​ផងដែរ ហើយប្រទេស​ទាំងអស់ ដោយមិនគិត​ពីទំហំ និងកម្រិតនៃការអភិវឌ្ឍ​របស់ពួកគេ​ឡើយ គឺអាចចូលរួម​ក្នុងកិច្ចសហប្រតិ​បត្តិការ​ ​នៃវិស័យអវកាស​នេះ​បានដោយស្មើភាព​គ្នា។​​ ស្ថានីយ CSS ត្រូវគេ​រំពឹងថា នឹងអាចធ្វើប្រតិបត្តិការ​ពេញលេញតែម្តងនៅ​ឆ្នាំ២០២២ ប៉ុន្តែចាប់ផ្តើមទ្រង់ទ្រាយធំ គឺនៅឆ្នាំ២០២០​ ខាងមុខនេះហើយ។

គួរជម្រាបថា សហរដ្ឋអាមេរិក​បានដាក់បំរាមមិន​ឲ្យទីភ្នាក់ងារ​អវកាសចិន ប្រើប្រាស់ស្ថានីយ​អវកាសអន្តរជាតិ (ISS) ឬក៏ចែករំលែក​​បច្ចេក​វិទ្យា​ណាមួយ ដោយសារតែក្តីកង្វល់ផ្នែក​សន្តិសុខ។ យ៉ាងណាមិញ ISS អាចនឹង​បញ្ឈប់ប្រតិបត្តិការ​ក្នុងពេលប៉ុន្មាន​ឆ្នាំខាងមុខ ពីព្រោះថា​​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ​ថា រដ្ឋបាលរបស់​លោក កំពុងពិចារណា​កាត់ផ្តាច់ការ​ជាប់ពាក់ព័ន្ធ​របស់អាមេរិក​ នៅ​ក្នុងស្ថានីយ​អវកាសនេះ នៅឆ្នាំ២០២៥ ដែលវាលឿន​ជាងការគម្រោង​ទុកដល់ទៅ ០៣ឆ្នាំ។ គម្រោង​កែប្រែនេះ គឺជាផ្នែកមួយ​នៃផែនការ​​​​ទ្រង់​ទ្រាយ​ធំ​របស់លោក ត្រាំ ក្នុងការប្រគល់​ប្រតិបត្តិ​ការ​ផ្នែកអវកាស​ទៅឲ្យ​ក្រុមហ៊ុនឯកជន​ ជាអ្នកទទួល​ខុស​ត្រូវវិញ។

មកទល់ពេលនេះ ទីភ្នាក់​អវកាស NASA បានចំណាយ​ថវិកាប្រហែល ១០០ពាន់លាន​ដុល្លារ ដើម្បី​បន្តប្រតិបត្តិការ​របស់ស្ថានីយ​អវកាស​ ISS ដែលដើរតួដូច​ជាមន្ទីរពិសោធន៍​​អវកាសមួយ សម្រាប់​ក្រុមអវកាសយានិក​ និងអ្នកវិទ្យាសាស្រ្ត។ NASA បានបង្ហូរលុយ​ពី ០៣ ទៅ ០៤ពាន់​លាន​ដុល្លារ ក្នុងមួយឆ្នាំៗទៅលើ ISS ប៉ុន្តែមូលនិធិ​ទាំងនេះ ប្រហែលជា​នឹងត្រូវអស់ជាង​ការរំពឹង​ទុក។

ទន្ទឹមនឹងនេះ បណ្តាដៃគូជា​ច្រើនដែលនៅពីក្រោយ​ស្ថានីយ ISS កំពុងត្រូវ​គេ​អូស​ទាញឲ្យបោះទុន​វិនិយោគ ទៅលើស្ថានីយអវកាស​ថ្មីរបស់​ចិនរួចស្រេច​ទៅហើយ ហើយអ្នកខ្លះ​ទៀតក៏មានគម្រោង ​បង្កើតស្ថានីយ​អវកាស​ដោយខ្លួនឯងថែម​ទៀតផង។ សម្រាប់ស្ថានីយ​អវកាស​អឺរ៉ុប ESA វិញ ក៏បានព្រមព្រៀងលើ​ភាពជា​ដៃគូមួយ ដែលនឹង​អនុញ្ញាតឲ្យអវកាស​យានិកអឺរ៉ុប ប្រើប្រាស់​ស្ថានីយ CSS រហូតដល់​ឆ្នាំ២០២៩ ផង​ដែរ។

ចិនសង្ឃឹមថា ស្ថានីយអវកាស​នាពេលអនាគត​របស់ខ្លួន នឹងអាចដំណើរការ​បានប្រហែល​មួយទសវត្សរ៍​ និងអាចទទួល​ឲ្យ​អវកាស​យានិក​​​ច្រើនបំផុត ០៦នាក់ស្នាក់នៅ សម្រាប់​រយៈពេល ១៨០ថ្ងៃបាន ដើម្បីធ្វើការ​សិក្សាស្រាវជ្រាវ​នានា។ ផ្នែកនានា​របស់​ស្ថានីយអវកាស​នេះ គឺ​ត្រូវបានសាងសង់​ឡើងរួចរាល់​ហើយ រួមមានទាំង​បន្ទប់ស្នូល មាន​ឈ្មោះថា Tianhe-1 ឬ ឋានសួគ៌​លោកី ដែលត្រូវគេរំពឹងថា នឹង​បញ្ជូន​ទៅ​កាន់ទីអវកាស​នៅ​ឆ្នាំ២០២០ ខណៈផ្នែក​ផ្សេងៗទៀត​ត្រូវគេរំពឹងថា នឹងរួមផ្សំគ្នា​បង្កើតចេញ​ជា CSS ដោយពេញលេញ​នៅឆ្នាំ២០២២។

ក្រៅពីនេះ ចិនក៏កំពុងគ្រោង​បញ្ជូនយានស្រាវជ្រាវ​មួយ ទៅសិក្សានៅចំហៀង​ម្ខាងទៀត​របស់ព្រះច័ន្ទ ដែល​គេហៅថា Dark Side of the Moon ផងដែរ។ លើសពី​នេះទៀត ចិនក៏កំពុងអភិវឌ្ឍន៍​​​មូលដ្ឋាន​សិប្បនិម្មិតមួយ ដែលធ្វើត្រាប់​តាមលក្ខណៈ​បរិយាកាស​របស់ភពអង្គារ (Mars) នៅវាលខ្សាច់​តំបន់ទីបេផងដែរ ដើម្បីបង្វឹក​អវកាសយានិក​របស់ខ្លួន សម្រាប់​បេសកកម្ម Mars នាពេល​អនាគត។ ចិន មានបំណង​នឹង​បញ្ជូនយានអវកាស​មួ​យទៅកាន់ Mars នៅ​ឆ្នាំ២០២០៕

ចែករំលែក