HOT NEWS: ផ្ទុះភ្នំភ្លើងទៀត​ហើយ​នៅឥណ្ឌូណេស៊ី និងជះកម្អែរ​ឡើងកប់​អាកាស​តែម្តង!

0

 

(ហ្សាការតា)៖ ភ្នំភ្លើងសកម្មជាង​គេនៅឥណ្ឌូណេស៊ី ម៉ឺរ៉ាពី (Merapi) លើកោះជ្វា នាថ្ងៃសុក្រនេះ បានជះកម្អែរផេះ​ឡើងលើផ្ទៃអាកាស​កម្ពស់ ០៦​គីឡូ​ម៉ែត្រ ហើយសារ​ព្រមានកម្រិតខ្ពស់​ ក៏ត្រូវបានដាក់ចេញ​​ភ្លាមៗសម្រាប់​រាល់យន្តហោះ​ដឹកអ្នកដំណើរនានា​ផងដែរ។ នេះ​បើ​តាម​​ការ​ដក​ស្រង់​​ការ​ ផ្សាយ​ពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​សុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨។

អ្នកនាំពាក្យទីភ្នាក់ងារ​គ្រប់គ្រងគ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី លោក ស៊ូតូផូ នូក្រូហូ (Purwo Nugroho) បានឲ្យដឹងថា ភ្នំភ្លើង Merapi ដែលស្ថិត​នៅចំ​ព្រំដែន​នៃខេត្ត យ៉ូកយ៉ាការតា (Yogyakarta) និងខេត្តជ្វាភាគកណ្តាល​បានផ្ទុះកាលពី​វេលាម៉ោង ០៨៖២០នាទីព្រឹក (ម៉ោងក្នុងតំបន់) ហើយបាន​​ជះ​កម្អែល​​ផេះ​​កម្ពស់រាប់​​គីឡូ​ម៉ែត្រ​​នេះ ទៅភាគខាង​លិចមាត់ភ្នំភ្លើង។

ជាមួយគ្នានេះ អាជ្ញាធរ​ឥណ្ឌូណេស៊ី បានចេញសារព្រមាន​កម្រិតពណ៌​ក្រហម (ខ្ពស់បំផុត) ដើម្បីជូនដំណឹង​ដល់យន្តហោះដឹកអ្នកដំណើរនានា​ កុំឲ្យ​​ហោះឆ្លងកាត់តំបន់​ភ្នំភ្លើងនេះ។ កាលពីថ្ងៃទី២៤ ខែឧសភា​កន្លងទៅ ភ្នំភ្លើង Merapi បានផ្ទុះជះកម្អែរផេះ​ឡើងលើផ្ទៃអាកាស​កម្ពស់​ ០៦​គីឡូ​ម៉ែត្រ​ ដូចគ្នាផងដែរ ដោយកាល​នោះវាថែមទាំងបាន​បញ្ចេញឧស្ម័ន​ពុលដូចជា H2S និង CO2 ទៀតផង។

គួរជម្រាបថា ភ្នំភ្លើង Merapi ដែលស្ថិតក្នុង​ចំណោមភ្នំភ្លើង​សកម្មទាំង ១២៩ របស់​ឥណ្ឌូណេស៊ី តែងតែបានផ្ទុះ​ជាញឹកញយ​ចាប់​តាំងពី​ឆ្នាំ​១៩៤៨ មក ខណៈកាល​ពី​ខែវិច្ឆិកា ឆ្នាំ១៩៩៤ វាបានផ្តាច់​ជីវិតមនុស្ស​ ២៧នាក់ ហើយហេតុការណ៍​ផ្ទុះ​ដ៏កក្រើកមួយ​ទៀតរបស់វា ក៏ធ្លាប់បាន​​កើតមានឡើង​ផងដែរ​ កាលពី​ឆ្នាំ២០០៦៕

ចែករំលែក